បារាំង និងប្រទេសនៅអឺរ៉ុបកាន់តែច្រើនកំពុងប្រឈមនឹងកំហឹង បាតុកម្មរបស់កសិករ
កំហឹងរបស់កសិករកំពុងផ្ទុះបាចសាចនៅទឹកដីអឺរ៉ុប។ បន្ទាប់ពីអាល្លឺម៉ង់ រ៉ូមានី ប៉ូឡូញ និងហូឡង់ បាតុកម្មសំដែងកំហឹងរបស់កសិករ បានរាលដាលចូលដល់ប្រទេសបារាំង។ ប្រជាកសិករទាំងនោះតវ៉ាថា មុខរបរកសិកម្មកាន់តែលំបាក និងមិនអាចប្រកួតប្រជែង ដោយសារបញ្ហាប្រេងឡើងថ្លៃ គ្រោះធម្មជាតិ វិបត្តិប្រែប្រួលអាកាសធាតុ ហើយនិងច្បាប់ទម្លាប់ បទដ្ឋានច្រើនស្អេកស្កះ របស់សហភាពអឺរ៉ុប។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៣:០៦
កំហឹង បាតុកម្មតវ៉ារបស់កសិករកំពុងរីករាលដាល នៅទឹកដីអឺរ៉ុប។ បន្ទាប់ពីអាល្លឺម៉ង់ ហូឡង់ រ៉ូមានី និងប៉ូឡូញ ដល់វេនបារាំងដែលត្រូវប្រឈមជួបចលនាបាតុកម្មរបស់កសិករ ដែលធុញទ្រាន់នឹងនយោបាយមិនអើពើរបស់រដ្ឋាភិបាល។
តាំងពីសប្តាហ៍មុន កំហឹងតវ៉ារបស់កសិករបារាំងផ្ទុះឡើងជាបន្តបន្ទាប់នៅតាមខេត្តភាគខាងត្បូងប្រទេស ជាទីដែលពួកគេយកត្រាក់ទ័រ គំនរចំបើងជារនាំងបិទផ្លូវ ច្រកចេញចូលសំខាន់ៗ។ នៅយប់ថ្ងៃចន្ទ ឈានចូលដល់ថ្ងៃអង្គារ គ្រោះថ្នាក់រថយន្តបុករបាំង ឃាំងផ្លូវនៅទីក្រុងAriège ភាគខាត្បូងបារាំង ជាប់ព្រំដែនអេស្ប៉ាញ បានសម្លាប់ស្ត្រីកសិករម្នាក់ ដែលប្រចាំការ នៅចំណុចដាក់របាំងឃាំងផ្លូវ។
ទោះប៉ូលិសចាប់ខ្លួនអ្នកបើករថយន្ត យកទៅសួរចម្លើយ ប៉ុន្តែ សោកនាដកម្មមួយនេះនឹងទៅដុតកំហឹងរបស់កសិករបារាំង ដែលទើបខកចិត្ត មិនបានទទួលចម្លើយជាវិជ្ជមាននៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តី លោកអាតតាល់ កាលពីថ្ងៃចន្ទ។ តាមសហជីព កសិករប្តេជ្ញាបន្តធ្វើបាតុកម្ម បិទខ្ទប់ផ្លូវ យូរអង្វែង បើសិនរដ្ឋាភិបាលមិនព្រមដោះស្រាយទៅតាមការទាមទាររបស់ពួកគេ។
ប្រឈមនឹងបញ្ហាប្រែប្រួល អាកាសធាតុ គ្រោះទឹកជំនន់ និងអាកាសធាតុក្តៅខ្លាំង ប្រជាកសិករបារាំងត្អូញត្អែរពីការលំបាក វិបត្តិប្រេងឡើងថ្លៃ និងការកំណត់បទដ្ឋានបរិស្ថាន ដ៏តឹងតែង ជាពិសេស ការហាមប្រើថ្នាំគីមី ដែលជាហេតុធ្វើឲ្យផលិតផលកសិកម្មរបស់ពួកគេធ្លាក់ចុះថយ និងមិនអាចប្រកួតប្រជែងជាមួយផលិតផលនាំចូលពីបរទេស។
រដ្ឋាភិបាលបារាំងកំពុងបារម្ភខ្លាចថា បាតុកម្មតវ៉ារបស់កសិករ នៅប្រទេសអាល្លឺម៉ង់ រ៉ូមានី ប៉ូឡូញ និងហូឡង់នឹងអាចរាលដាល រុញច្រានឲ្យចលនាបាតុកម្មប្រឆាំងរបស់កសិករកាន់តែរីកធំឡើងនៅបារាំង។ រហូតមកដល់ពេលនេះ កសិករបារាំងនៅទាមទារត្រឹមបញ្ហាប្រេងឡើងថ្លៃ ប៉ុន្តែ មិនទាន់ទម្លាក់កំហុស រករឿងកិច្ចព្រមព្រៀងបៃតងរបស់សហភាពអឺរ៉ុប ដូចកសិកនៅអាល្លឺម៉ង់ ឬហូឡង់ឡើយ។
កសិករនៅអាល្លឺម៉ង់ជាដើមបានស្តីបន្ទោសថា កិច្ចព្រមព្រៀងបរិស្ថានរបស់សហភាពអឺរ៉ុបច្របាច់កកសិករអឺរ៉ុបដែលកំពុងជួបវិបត្តិសេដ្ឋកិច្ច ថាមពលឡើងថ្លៃ និងគ្រោះធម្មជាតិ។ នៅប៉ូឡូញ និងរ៉ូមានី ក្រៅពីទាមទារឲ្យគេសើរើកិច្ចព្រមព្រៀងបៃតង កសិករជាបាតុករទាមទារឲ្យរដ្ឋាភិបាលរឹតបន្តឹងការនាំចូលពីអ៊ុយក្រែន ដែលពួកគេចោទថា ជាដើមហេតុធ្វើឲ្យផលិតផលកសិកម្មរបស់ពួកគេធ្លាក់ចុះថ្លៃ។
ប្រឈមនឹងកំណើនបាតុកម្ម កំហឹងតវ៉ារបស់ប្រជាកសិករនៅបណ្តាប្រទេសអឺរ៉ុប រដ្ឋមន្រ្តីកសិកម្មរបស់ប្រទេសសមាជិកអឺរ៉ុប ត្រូវជួបប្រជុំគ្នានៅថ្ងៃព្រុចស៊ែល នៅថ្ងៃអង្គារ។ ពួកគេត្រូវប្រញាប់ញាប់ដៃជើងរកដំណោះស្រាយជូនកសិករ ព្រោះថា នៅតែប៉ុន្មានខែទៀតប៉ុណ្ណោះ នឹងមានការបោះឆ្នោតសភាអឺរ៉ុប។ ម្យ៉ាង គណបក្សស្តាំនិយមជ្រុល និងក្រុមជាតិនិយម កំពុងកេងបាតុកម្ម ការកំហឹងរបស់កសិករ ដើម្បីទាក់ទាញសំឡេងឆ្នោត នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប នៅខែ មិថុនាខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ