អានតួអត្ថបទ
អ៊ុយក្រែន-នុយក្លេអ៊ែរ

ទីភ្នាក់ងារ​AIEA៖ គ្រាប់មីនត្រូវគេយកទៅកប់សាជាថ្មីនៅ​ក្នុង​បរិវេណ​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ហ្សាប៉ូរីចា

នៅប្រទេស​អ៊ុយក្រែន គ្រាប់មីន​ចាប់ផ្តើម​ត្រលប់​ទៅមាន​វត្តមាន​នៅជុំវិញ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា។ នៅក្នុង​សេចក្តីថ្លែងការណ៍ នៅថ្ងៃសុក្រទី ១៩​មករា ទីភ្នាក់ងារ​ថាមពលនុយក្លេអ៊ែរអន្តរជាតិ AIEA​បាន​សំដែងក្តីបារម្ភ​ពីគ្រោះថ្នាក់ផ្ទុះគ្រាប់មីន និង​ថា ការបង្កប់គ្រាប់មីន កំពុងដើរផ្ទុយពី​ការទាមទារ​របស់​ទីភ្នាក់ងារ​AIEA ស្តីពី​ការធានាសុវត្ថិភាព សន្តិសុខ​សម្រាប់​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ហ្សាប៉ូរីចា។ 

អគ្គនាយករបស់ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរ​AIEA លោក​Rafael Mariano Grossi ធ្វើសន្និសីទកាសែតបង្ហាញស្ថានភាពនៅ​រោងចក្រនុយក្លេអ៊ែរ​ហ្សាប៉ូរីចាដែលធ្លាក់ក្រោមការគ្រប់គ្រង​របស់រុស្ស៊ី នៅ​ឆ្នាំ ២០២២
អគ្គនាយករបស់ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរ​AIEA លោក​Rafael Mariano Grossi ធ្វើសន្និសីទកាសែតបង្ហាញស្ថានភាពនៅ​រោងចក្រនុយក្លេអ៊ែរ​ហ្សាប៉ូរីចាដែលធ្លាក់ក្រោមការគ្រប់គ្រង​របស់រុស្ស៊ី នៅ​ឆ្នាំ ២០២២ AP - Lisa Leutner
ផ្សាយពាណិជ្ជកម្ម

ធ្លាក់ក្រោមការកាន់កាប់​របស់​កងទ័ពរុស្ស៊ី តាំងសង្រ្គាមឈ្លានពាន​រុស្ស៊ី​នៅអ៊ុយក្រែន នៅ​ឆ្នាំ ២០២២ បញ្ហា​សុវត្ថិភាព​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា​បានក្លាយ​ជា​កង្វល់​សាជាថ្មី​របស់​ទីភ្នាក់ងារ​ថាមពលបរិមាណូអន្តរជាតិ AIEA។ នៅក្នុង​សេចក្តីថ្លែងការណ៍ កាលពីថ្ងៃ​សុក្រទី ១៩​មករា ទីភ្នាក់ងារAIEA​បាន​សំដែងក្តីបារម្ភ​ព្រោះថា គ្រាប់មីន​ត្រូវគេកប់ ពង្រាយ​សាជាថ្មី នៅ​ក្នុង​បរិវេណ​រោងចក្រនុយក្លេអ៊ែរ​ហ្សាប៉ូរីចា។

នៅ​រោងចក្រអគ្គិសនី​ហ្សាប៉ូរីចារ ដែលដើរដោយថាមពលនុយក្លេអ៊ែរ ​ធំជាងគេ​នៅអឺរ៉ុប AIEA បាន​បញ្ជូន​មន្រ្តី​របស់ខ្លួន​ឲ្យ​ទៅ​ប្រចាំការផ្ទាល់ នៅទីនោះ​ តាំងពីខែកញ្ញាឆ្នាំ ២០២២ ពោលគឺ​នៅប៉ុន្មានខែក្រោយវា​ធ្លាក់ក្រោមការគ្រប់គ្រង​របស់​ទាហានរុស្ស៊ី។ នៅថ្ងៃសុក្រ ទីភ្នាក់ងារ​ថាមពលបរិមាណូ AIEA អះអាងថា គ្រាប់មីន​ដែល​មន្រ្តី​របស់​AIEA​ធ្លាប់ឃើញ​កន្លងមក​ត្រូវ​គេដោះចេញអស់​ពី​ទីតាំង​មជ្ឈមណ្ឌលនុយក្លេអ៊ែរ កាលពី​ខែ​វិច្ឆិកាឆ្នាំមុន។ ប៉ុន្តែ ថ្មីៗនេះ គេស្រាប់តែឃើញ គ្រាប់មីន​ត្រូវ​គេ​យកមកកប់សា​ជាថ្មី នៅចន្លោះ របង និង​ទ្វារចូលអគារ​របស់​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ហ្សាប៉ូរីចា។ យ៉ាងណាក៏ដោយ តាម​AIEA គ្រាប់មីនដែលគេទើបកប់ថ្មីៗនេះ មិនស្ថិត​ក្នុង​តំបន់​ធ្វើការ​របស់​បុគ្គលិក​មជ្ឈមណ្ឌលនុយក្លេអ៊ែរឡើយ។

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ខ្លួន ទីភ្នាក់ងារ​ថាមពលនុយក្លេអ៊ែរ​អន្តរជាតិ​ត្អូញត្អែរ​ផងដែរថា អ្នកជំនាញ​របស់ខ្លួន ដែលប្រចាំការ​នៅ​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ហ្សាប៉ូរីចា នៅតែមិនទាន់​បាន​ការអនុញ្ញាត​ឲ្យ​ចូល​ទៅ​ពិនិត្យ​មើល​ទីតាំង​ដែលមាន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរទាំង៦។ នៅដើម​ខែ​មករា​នេះ ភាគីរុស្ស៊ីអះអាងថា គេ​បិទច្រកចូល​ទៅក្នុង​ផ្នែកអគារដែល​មាន​រ៉េអាក់ទ័រ ក្នុងហេតុផលសន្តិសុខ។ ប៉ុន្តែ មន្រ្តីជំនាញរបស់​ទីភ្នាក់ងារ​AIEA យល់ថា​វាជាការចាំបាច់ សំខាន់ណាស់​ដែល​គេត្រូវ​ចុះទៅពិនិត្យមើលផ្ទាល់​ស្ថានភាព​របស់រ៉េអាក់ទ័រ។ ធ្លាប់​រងការបាញ់ផ្លោង និងការវាយប្រហារ​ដ្រូន​ជាច្រើនដង ដោយសារសង្រ្គាម​ប្រយុទ្ធគ្នា​រវាង​កងទ័ពរុស្ស៊ី និងអ៊ុយក្រែន មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ហ្សាប៉ូរីចា​ត្រូ​វប្រឈមនឹង​ហានិភ័យ​នៃការលេចធ្លាយវិទ្យុសកម្ម។ បើសិនជាមានផ្ទុះគ្រាប់មីន ឬ​ការបាញ់ផ្លោង​ត្រូវ​ចំតួរ៉េអាក់ទ័រ ទោះបីជា​មិនផ្ទុះដូចអាវុធនុយក្លេអ៊ែរ ប៉ុន្តែ វា​អាច​ធ្វើ​ឲ្យលេច​ធ្លាយសារធាតុវិទ្យុសកម្មចេញមកក្រៅ។

មួយវិញទៀត ហានិភ័យ​នៃ​ការលេចធ្លាយ​វិទ្យុសកម្ម​នេះ មិនមែន​កើតឡើង​តែ​ក្នុងករណី​បាញ់ប្លោងត្រូវចំ​តួរ៉េអាក់ទ័រ​ដោយ​ផ្ទាល់​នោះទេ។ នៅ​ក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ មាន​ទីតាំង​ផ្សេងទៀត ដែល​សុទ្ធតែ​មាន​ហានិភ័យខ្ពស់ អាច​នាំ​ឲ្យ​មាន​លេចធ្លាយ​វិទ្យុសកម្ម ដូចជា​ទីតាំង​ស្តុក​សារធាតុវិទ្យុសកម្ម ដែល​គេ​ប្រើ​រួច បណ្តាញ​គ្រប់គ្រង​រ៉េអាក់ទ័រ និង​ជាពិសេស ​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី​ ដែល​ជា​កត្តា​ចាំបាច់​បំផុត​មិន​អាចខ្វះបាន នៅក្នុងការ​រក្សា​សុវត្ថិភាព​នុយក្លេអ៊ែរ។ ត្រូវដឹងថា នៅហ្សាប៉ូរីចា ទោះ​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ទាំង ៦ ត្រូវ​បិទ​លែង​ដំណើរការ តាំង​ពី​ខែ​កញ្ញាឆ្នាំ​២០២២ ដោយសារ​ការចូលកាន់កាប់របស់​កងទ័ពរុស្ស៊ី ប៉ុន្តែ គេ​នៅតែ​ត្រូវការ​ចរន្ត​អគ្គិសនី​ពី​ប្រភព​ខាងក្រៅ​រ៉េអាក់ទ័រទាំងស្រុង ដើម្បី​ដំណើរការ​ប្រព័ន្ធទឹកត្រជាក់ គ្រប់គ្រងសីតុណ្ហភាពកុំឲ្យ​​ស្នូល​រ៉េអាក់ទ័ររលាយបញ្ចេញសារធាតុវិទ្យុសកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ