ក្រោយឃាត់ទុក៤ថ្ងៃ បារាំងអនុញ្ញាតឲ្យយន្តហោះដឹកអ្នកដំណើរឥណ្ឌា៣០៣នាក់ ចាកចេញ
បន្ទាប់ពីបានចាប់ឃាត់ទុកអស់រយៈពេល៤ថ្ងៃ ដើម្បីស៊ើបអង្កេត នៅទីបំផុតអាជ្ញាធរបារាំង បានសម្រេចអនុញ្ញាតឲ្យយន្តហោះ ដឹកអ្នកដំណើរជនជាតិឥណ្ឌា៣០៣នាក់ អាចហោះចាកចេញពីទឹកដីបារាំងហើយ នៅថ្ងៃចន្ទទី២៥ធ្នូ។ ដោយឡែក ក្នុងចំណោមអ្នកដំណើរទាំងអស់ គឺមានជនជាតិឥណ្ឌា២នាក់ ដែលត្រូវបានសមត្ថកិច្ចបារាំង សម្រេចឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរងចាំការស៊ើបអង្កេត ទាក់ទិននឹងបទល្មើសជួញដូរមនុស្ស។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:០៤
ព្រឹកថ្ងៃចន្ទ២៥ធ្នូ រដ្ឋអាជ្ញាបារាំង បានប្រកាសឲ្យដឹងថា នីតិវិធីចាប់ឃាត់ទុក នូវយន្តហោះ Airbus A340 របស់ក្រុមហ៊ុនអាកាសចរណ៍រូម៉ានី Legend Airlines ត្រូវបានដកចេញវិញហើយ។ យន្តហោះនេះ អាចធ្វើដំណើរចាកចេញពីព្រលានយន្តហោះ Vatry ដែលស្ថិតនៅចម្ងាយប៉ុន្មាន១៥០គីឡូម៉ែត្រ ខាងកើតក្រុងប៉ារីស នៅថ្ងៃចន្ទនេះតែម្តង។
ប្រភពពីអាជ្ញាធរបារាំង បានឲ្យដឹងដែរថា អ្នកដំណើរជនជាតិឥណ្ឌា នឹងត្រូវអនុញ្ញាតឲ្យឡើងយន្តហោះ លើកលែងតែ២នាក់ ដែលត្រូវបានសមត្ថកិច្ចបារាំងឃាត់ខ្លួនទុក ដើម្បីបន្តការស៊ើបអង្កេត ទាក់ទិននឹងបទល្មើសជួញដូរមនុស្ស។ ដោយឡែកក្នុងចំណោមអ្នកដំណើរទាំងអស់ មាន១២នាក់បានដាក់ពាក្យសុំសិទ្ធិជ្រកកោនក្នុងនាមជាជនភៀសខ្លួន ក្នុងនោះមានអនីតិជន៥នាក់ ហើយដែលនឹងត្រូវអាជ្ញាធរបារាំងបញ្ជូនយកទៅទីតាំងរងចាំនីតិវិធី។
លោកស្រី Liliana Bakayoko មេធាវីតំណាងក្រុមហ៊ុនអាកាសចរណ៍ Legend Airlines បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថាយន្តហោះនឹងធ្វើដំណើរទៅកាន់ព្រលានយន្តហោះទីក្រុងបុំបេ។ អាជ្ញាធរឥណ្ឌាបានអនុញ្ញាតរួចរាល់ហើយ។ លោកស្រីមេធាវីរូបនេះ បានឲ្យដឹងថាអ្នកដំណើរមិនសប្បាយចិត្តទេ ដែលត្រូវត្រលប់ទៅប្រទេសឥណ្ឌាវិញបែបនេះ។ ក្នុងពេលសាកសួរព័ត៌មាន អ្នកដំណើរខ្លះបានអះអាងថាពួកគេ គ្រោងទៅដើរកម្សាន្តទេសចរណ៍ នៅប្រទេសនីហ្ការ៉ាហ្ក័រ។
សូមរំលឹកថា យន្តហោះA340 របស់ក្រុមហ៊ុន Legend Airlines ផ្ទុកអ្នកដំណើរជនជាតិឥណ្ឌា៣០៣នាក់ ចេញដំណើរពីទីក្រុងឌូបៃ ឆ្ពោះទៅក្រុងម៉ាណាហ្កា ប្រទេសនីហ្ការ៉ាហ្ក័រ ហើយបានចូលមកចុះចត១ម៉ោង ដើម្បីចាក់សាំង នៅព្រលានយន្តហោះ Vatry ខាងកើតក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ទី២១ធ្នូ។ ក៏ប៉ុន្តែ អាជ្ញាធរបារាំង បានសម្រេចចាប់ឃាត់យន្តហោះទុក បន្ទាប់ពីមានជនអនាមិកបាន ឲ្យដំណឹងថាក្នុងចំណោមអ្នកដំណើរ អាចមានជនរងគ្រោះដោយអំពើជួញដូរមនុស្ស។
សមត្ថកិច្ចបារាំង ដោយរួមសហការជាមួយមន្ត្រីតុលាការ មេធាវី និងចៅក្រមស៊ើបអង្កេត បានមកបើកនីតិវិធី សាកសួរព័ត៌មាន អ្នកដំណើរនីមួយៗ នៅឯព្រលានយន្តហោះផ្ទាល់តែម្តង។ ឆ្លងកាត់នីតិវិធីអស់៣ថ្ងៃ ទីបំផុតតុលាការបារាំង បានយល់ឃើញអំពីលក្ខខណ្ឌមិនសមរម្យត្រឹមត្រូវ ក្នុងការឃាត់មនុស្សដល់ទៅ៣០០នាក់ ឲ្យនៅកកកុញក្នុងព្រលានយន្តតូចមួយ។ លោក François Procureur ប្រធានគណៈមេធាវីប្រចាំតំបន់ Châlons-en-Champagne បានថ្លែងដោយក្តីអាណិតអាសូរ ទាក់ទិននឹងលក្ខខណ្ឌស្នាក់នៅដ៏លំបាក របស់អ្នកដំណើរទាំង៣០០នាក់។
ដោយឡែក លោកស្រីចៅក្រម Geneviève Colas បានប្រាប់អ្នកកាសែតថា ចុះបើពិតជាមានការជួញដូរមនុស្សពិតមែន នោះប្រព័ន្ធយុត្តិធម៌បារាំងនឹងស្តាយក្រោយបន្ទោសខ្លួនឯង ប្រសិនបើអនុញ្ញាតឲ្យយន្តហោះនេះ បន្តដំណើរទៅកាន់គោលដៅដែលបានគ្រោងទុកទេ។ ហេតុដូច្នេះហើយ ទើបបានជាអាជ្ញាធរបារាំង បានសម្រេចឲ្យយន្តហោះនេះ ត្រូវហោះទៅកាន់ប្រទេសកំណើតរបស់អ្នកដំណើរវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ