បារាំងចាប់ឃាត់យន្តហោះដឹកជនជាតិឥណ្ឌា៣០០នាក់ ក្នុងបទសង្ស័យជួញដូរមនុស្ស
យន្តហោះមួយគ្រឿងដែលដឹកជនជាតិឥណ្ឌា ៣០៣នាក់ ត្រូវអាជ្ញាធរបារាំងចាប់ឃាត់ បញ្ឈរជើងនៅព្រលានយន្តហោះ ចាប់តាំងពីថ្ងៃព្រហស្បតិ៍។ ធ្វើដំណើរចេញពីប្រទេសអេមីរ៉ាតអារ៉ាប់រួម យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនរូម៉ានីបានចុះចតមួយភ្លែតនៅ ព្រលានយន្តហោះVatry ស្ថិតនៅចម្ងាយ១៥០គីឡូម៉ែត្រពីប៉ារីស ដើម្បីឆែកមើលបញ្ហាបច្ចេកទេស ប៉ុន្តែ ត្រូវអាជ្ញាធរបារាំងចាប់ឃាត់ទុក បន្ទាប់ពីមានការជូនដំណឹងថា អាចមានជនរងគ្រោះដោយសារការជួញដូរមនុស្សនៅក្នុងចំណោមអ្នកដំណើរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២២
នៅព្រលានយន្តហោះVatry ស្ថិតនៅចម្ងាយ១៥០គីឡូម៉ែត្រពីប៉ារីស អាជ្ញាធរបារាំងបានចាប់ឃាត់ទុកយន្តហោះប្រភេទ Airbus A 340ដែលមានដឹកអ្នកដំណើរជនជាតិឥណ្ឌាចំនួន៣០៣នាក់ នៅក្នុងខណៈពេលដែលយន្តហោះរបស់ក្រុមហ៊ុនរូម៉ានីមួយនេះចុះចតមួយភ្លែតដើម្បីពិនិត្យបញ្ហាបច្ចេកទេស។
តាមអយ្យការក្រុងប៉ារីស យន្តហោះដឹកជនជាតិឥណ្ឌាដែលហោះចេញពីអេមីរ៉ាតអារ៉ាប់រួម សំដៅប្រទេសនីហ្ការ៉ាហ្ក័រ ត្រូវឃាត់ ជាប់នៅព្រលានយន្តហោះបារាំង បន្ទាប់ពីគេបានទទួលដំណឹងពីប្រភពមិនបញ្ចេញឈ្មោះដែលថា អាចមានជនរងគ្រោះដោយសារការជួញដូរមនុស្សក្នុងចំណោមអ្នកដំណើរជនជាតិឥណ្ឌា។ បន្ទាប់ពីសាកសួររកអត្តសញ្ញាណរបស់អ្នកដំណើរ លក្ខខណ្ឌ និងគោលដៅរបស់ពួកគេ អាជ្ញាធរបានឃាត់ខ្លួនអ្នកដំណើរពីរនាក់កាលពីថ្ងៃសុក្រដើម្បីសួរចម្លើយ។
បើតាមប្រភពស្និទ្ធនឹងសំណុំរឿងដែលនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP អ្នកដំណើរជនជាតិឥណ្ឌាអាចជាកម្មករធ្វើការនៅទីក្រុងឌូបៃរបស់ប្រទេសអេមីរ៉ាត់រួមដែលគ្រោងធ្វើដំណើរទៅអាមេរិកកណ្តាល ក្នុងក្តីសង្ឃឹមបន្ទាប់មក លួចឆ្លងដែនខុសច្បាប់ចូលទៅសហរដ្ឋអាមេរិកឬកាណាដា។
នៅថ្ងៃសុក្រ ក្រុមហ៊ុនហោះហើររូម៉ានី Legend Airlines ដែលជាម្ចាស់យន្តហោះដឹកអ្នកដំណើរឥណ្ឌាអះអាងថា ខ្លួនមិនបានធ្វើអ្វីខុសច្បាប់។ មេធាវីរបស់ក្រុមហ៊ុននេះអះអាងថា ក្រុមហ៊ុនត្រៀមសហការជាមួយអាជ្ញាធរបារាំង ប៉ុន្តែ នឹងតាំងខ្លួនជាដើមរដ្ឋប្បវេណី ក្នុងករណីដែលបារាំងចាត់វិធានការប្រឆាំងក្រុមហ៊ុន។
តាមរដ្ឋអាជ្ញាបារាំង ការជួញដូរមនុស្សជាឧក្រិដ្ឋកម្មដែលអាចប្រឈមនឹងការផ្តន្ទាទោសជាប់ពន្ធនាគារ២០ឆ្នាំ និងបង់ប្រាក់ពិន័យ៣លានអឺរ៉ូ។
តាមការចុះផ្សាយរបស់កាសែតបារាំងដែលស្រង់សំដីរបស់មន្រ្តីបារាំង គេឃើញមានកុមារនៅក្នុងចំណោមអ្នកដំណើរនៅលើយន្តហោះ។ នៅថ្ងៃសុក្រ កន្លែងរង់ចាំអ្នកដំណើររបស់អាកាសយានដ្ឋាន Vatry ត្រូវបិទជិត និងប្រែក្លាយជាកន្លែងស្នាក់នៅបណ្តោះអាសន្នដែលមានគ្រែ បន្ទប់ទឹកសម្រាប់អ្នកដំណើរឥណ្ឌា នៅក្នុងអំឡុងពេលស៊ើបអង្កេត។ ចំណែកស្ថានទូតឥណ្ឌាប្រចាំទីក្រុងប៉ារីសបញ្ជាក់ថា មន្រ្តីស្ថានទូតបានទៅជួបអ្នកដំណើរឥណ្ឌា និងសន្យាតាមដានមើលសុខមាលភាពរបស់ជនជាតិឥណ្ឌា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ