កងទ័ពអ៊ុយក្រែនអបអរជ័យជំនះដែលបានបាញ់ទម្លាក់យន្តហោះចម្បាំង៣គ្រឿងរបស់រុស្ស៊ី
អ៊ុយក្រែនអះអាងថាខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំង៣គ្រឿងរបស់រុស្ស៊ីកាលពីថ្ងៃសុក្រទី២២ធ្នូ។ នៅក្នុងសារវីដេអូនៅយប់ថ្ងៃសុក្រ ប្រធានាធិបតីអ៊ុយក្រែន លោកវ្លូឌីមៀរ ហ្សេឡេនស្គីនិយាយកោតសរសើរកងទ័ពជើងអាកាសប្រចាំការនៅភាគខាងត្បូងដែលជាអ្នកបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣៥
កងទ័ពជើងអាកាសអ៊ុយក្រែនអះអាងថា ខ្លួនបានបាញ់បំផ្លាញយន្តហោះចម្បាំងរបស់រុស្ស៊ី បីគ្រឿងប្រភេទ Sukhoï Su 34 កាលពីរសៀលថ្ងៃសុក្រ។ យោងតាមប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គី ហេតុការណ៍នេះកើតឡើងនៅខេត្តKherson ភាគខាងត្បូងអ៊ុយក្រែន។ នៅក្នុងសារវីដេអូនៅយប់ថ្ងៃសុក្រ លោកហ្សេឡេនស្គីនិយាយសរសើរស្នាដៃសម្រេចបានរបស់កងទ័ពនៃអង្គភាពការពារដែនអាកាសOdesa ដើម្បីបាញ់កម្ទេចយន្តហោះចម្បាំងរុស្ស៊ី។
វិមានក្រេមឡាំងរបស់លោកពូទីននៅមិនទាន់អត្ថាធិប្បាយអ្វីទាក់ទងនឹងការលើកឡើងរបស់ភាគីអ៊ុយក្រែន ប៉ុន្តែBlogយោធារុស្ស៊ីដែលមានឈ្មោះថា Fighterbomberបានសរសេរពីការបាត់បង់នៅក្នុងសមរភូមិប្រយុទ្ធ ដោយសារប្រព័ន្ធខែមីស៊ីលPatriot ដែលអាមេរិកប្រគល់ទៅឲ្យអ៊ុយក្រែនដើម្បីទុកការពារដែនអាកាស។ អ្នកសរសេរប្លុករបស់រុស្ស៊ីម្នាក់ទៀត បានលម្អិតថា យន្តហោះចម្បាំងរុស្ស៊ី Sukhoï Su 34 បានបាត់ខ្លួននៅក្នុងបេសកកម្មចេញទៅទម្លាក់គ្រាប់លើទីតាំងប្រយុទ្ធរបស់កងទ័ពអ៊ុយក្រែននៅត្រើយម្ខាងទន្លេ Dnipro ផ្នែកមួយនៃខេត្តKhersonដែលកំពុងស្ថិតក្រោមការកាន់កាប់របស់កងទ័ពរុស្ស៊ី។
នៅក្នុងសន្និសីទកាសែតដាច់ឆ្នាំ នៅសប្តាហ៍នេះ លោកប្រធានាធិបតី ហ្សេឡេនស្គី អះអាងថា អ៊ុយក្រែនមិនបានចាញ់សង្រ្គាមនៅចំពោះមុខការឈ្លានពានរបស់រុស្ស៊ី នៅក្នុងខណៈពេលដែលមានការរាយការណ៍ថា អ៊ុយក្រែនកំពុងខ្វះអាវុធ ហើយការវាយបករបស់អ៊ុយក្រែនហាក់នៅទ្រឹងមិនទៅមុខនៅក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងកងទ័ពរុស្ស៊ី។ នៅថ្ងៃសុក្រ ប្រធានាធិបតីអ៊ុយក្រែនលើកឡើងថា លោកបានជជែកជាមួយភាគីហូឡង់ពីរឿងប្រគល់យន្តហោះចម្បាំងអាមេរិក ហើយនិងពីរឿងកញ្ចប់ថវិកាប្រមាណ ៥០ពាន់លានអឺរ៉ូដែលអឺរ៉ុបសន្យាជួយអ៊ុយក្រែនសម្រាប់ទប់ទល់ការឈ្លានពានរបស់រុស្ស៊ី។
បើតាមលោកហ្សេឡេនស្គី បន្ទាប់ពីបានឆ្លងវគ្គបណ្តុះបណ្តាល អ្នកបើកយន្តហោះ និងវិស្វករអ៊ុយក្រែននឹងអាចប្រើប្រាស់យន្តហោះចម្បាំងរបស់អាមេរិកក្នុងពេលឆាប់ៗខាងមុខ ព្រោះថា ហូឡង់កំពុងត្រៀមបញ្ជូនយន្តហោះចម្បាំងមកឲ្យអ៊ុយក្រែន។
រដ្ឋាភិបាលហូឡង់នៅថ្ងៃសុក្រ អះអាងថា ហូឡង់ត្រៀមខ្លួនប្រគល់យន្តហោះចម្បាំងអាមេរិក F16 ចំនួន១៨គ្រឿងទៅអ៊ុយក្រែន។ បន្ទាប់ពីបានទទួលភ្លើងខៀវពីអាមេរិកដែលជាម្ចាស់ផលិត ហូឡង់ និងដាណឺម៉ាកបានប្រកាសកាលពីខែសីហាកន្លងទៅថា នឹងផ្តល់យន្តហោះចម្បាំង ប្រភេទ F16ចំនួន៦១គ្រឿងទៅឲ្យអ៊ុយក្រែន ដែលបានទទូចសុំចង់បានយន្តហោះចម្បាំងទំនើបរបស់អាមេរិកដើម្បីយកទៅប្រើទប់ទល់នឹងកងទ័ពរុស្ស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ