អានតួអត្ថបទ
អាល្លឺម៉ង់-ហាម៉ាស

តើគម្រោងវាយប្រហាររបស់ពួកហាម៉ាសទៅលើអ៊ីស្រាអែល​កំពុង​រាលដាល​ចូលដល់ទឹកដីអឺរ៉ុប?

សង្រ្គាមរវាង​អ៊ីស្រាអែល​និង​ពួកហាម៉ាស​ប៉ាឡេស្ទីន មិនមែនកើតមាន​តែនៅ​ទឹកដីហ្កាហ្សា និងក្នុងតំបន់ជិតខាងអ៊ីស្រាអែល ប៉ុន្តែ កំពុង​រាលដាល​ឆ្លងចូល​ដល់ទឹកដីអឺរ៉ុប។ នៅថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ ប៉ូលិស​អាល្លឺម៉ង់​ចាប់​បាន​ជនសង្ស័យ​៣រូប ដែល ជា​សមាជិក​របស់​ក្រុមហាម៉ាស នៅក្នុង​បទចោទប្រកាន់ រៀបចំ​ផែនការត្រៀម​វាយប្រហារ ជនជាតិជ្វីហ្វ ក្នុងទឹកដីអឺរ៉ុប។ នេះបើតាម​ការលើកឡើង​របស់​រដ្ឋអាជ្ញាអាល្លឺម៉ង់។

ប៉ូលិសសហព័ន្ធអាល្លឺម៉ង់​ចាប់ខ្លួន​ជនសង្ស័យ​២នាក់ដែលជាសមាជិក​របស់​ក្រុមហាម៉ាស​ ដែលរៀបចំគម្រោងដើម្បីវាយប្រហារ​សស្ថាប័នជ្វីហ្វ​នៅ​អឺរ៉ុប
ប៉ូលិសសហព័ន្ធអាល្លឺម៉ង់​ចាប់ខ្លួន​ជនសង្ស័យ​២នាក់ដែលជាសមាជិក​របស់​ក្រុមហាម៉ាស​ ដែលរៀបចំគម្រោងដើម្បីវាយប្រហារ​សស្ថាប័នជ្វីហ្វ​នៅ​អឺរ៉ុប REUTERS - TIMM REICHERT
ផ្សាយពាណិជ្ជកម្ម

ជនសង្ស័យ​ទាំងបីរូប​ដែល​ប៉ូលិស​អាល្លឺម៉ង់​ចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍  មាន​១នាក់ជា​ជនជាតិអេហ្ស៊ីប និង​ពីរនាក់ទៀត មានដើមកំណើត​លីបង់។ ជាមួយ ជនជាតិហូឡង់​១នាក់ទៀត ដែល​ត្រូវ​អាជ្ញាធរហូឡង់​ក្រសោបចាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍ដែរ ពួកគេ​ត្រូវ​សង្ស័យ​ថា ជាសមាជិក​យូរឆ្នាំ​មកហើយ​របស់​ក្រុម Ezzedin al-Qassam ដែលជា​កម្លាំង​ប្រដាប់អាវុធ​របស់​ចលនា​ហាម៉ាស ប៉ាឡេស្ទីន។

យោងតាម​រដ្ឋអាជ្ញាអាល្លឺម៉ង់ នៅ​ដើម​ឆ្នាំ​២០២៣ ថ្នាក់ដឹកនាំ​របស់​ហាម៉ាស​ក្នុង​ទឹកដី​លីបង់ បាន​បញ្ជា​ឲ្យ​ជនសង្ស័យ​ខាងលើ ស្វែងរកកន្លែង​ទុកដាក់​អាវុធ នៅ​ក្នុងទឹកដី​អឺរ៉ុប ដើម្បីត្រៀម​វាយប្រហារ​ទៅលើ​ស្ថាប័នជ្វីហ្វ​នៅអឺរ៉ុប។ ជនសង្ស័យ​អេហ្ស៊ីប និង​លីបង់ បាន​ចុះឡើង​ទីក្រុង​ប៊ែរឡាំង​ដើម្បី​រកទិញស្តុកទុក​អាវុធ មុននឹង​ត្រូវប៉ូលិស​អាល្លឺម៉ង់​ចាប់ខ្លួន នៅ​ថ្ងៃព្រហស្បតិ៍។

នៅក្រោយ​ការចាប់ខ្លួន​ជនសង្ស័យ ដែលជា​សមាជិក​របស់​ក្រុមហាម៉ាស រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃអាល្លឺម៉ង់ បាន​លើកឡើងនៅក្នុង​សេចក្តីថ្លែងការណ៍ថា ការការពារ​សហគមន៍ជ្វីហ្វ នៅទឹកដីអាល្លឺម៉ង់ គឺ​ជាអាទិភាព​របស់​រដ្ឋាភិបាល។ ដោយសារផ្ទុះសង្រ្គាមនៅហ្កាហ្សា ជាទី​ដែល​កងទ័ពអ៊ីស្រាអែល​កំពុង​បើកប្រតិបត្តិការសងសឹក វាយកម្ទេច​បណ្តាញ​ហាម៉ាស អាល្លឺម៉ង់​បាន​ព្រមាន​ពី​ការកើនឡើង​នៃ​ការគំរាមកំហែង​វាយប្រហារ​របស់​ក្រុមអ៊ីស្លាម​នៅទឹកដីអាល្លឺម៉ង់។ នៅ​ខែ​វិច្ឆិកាមុន រដ្ឋាភិបាល​អាល្លឺម៉ង់​បានចេញច្បាប់​ហាមសកម្មភាព ឬអង្គការ​ដែលមានជាប់ទាក់ទងជាមួយ​ក្រុមហាម៉ាស​ដែល​ត្រូវ​បាន​អាមេរិក និង​ប្រទេស​អឺរ៉ុបមួយចំនួន​ចាត់ទុក​ក្រុមភេរវនិយមអន្តរជាតិ។

នៅថ្ងៃ​ព្រហស្បតិ៍ដែរ អាជ្ញាធរ​ដាណឺម៉ាក​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយធំ ដោយ​ចាប់បាន​ជនសង្ស័យ​៣នាក់ ដែល​រៀបចំ​គម្រោងការធ្វើភេរវកម្ម​នៅក្នុងប្រទេស​ដាណឺម៉ាក។ ផ្ទុយពីការលើកឡើង​របស់​ក្រុមស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល ប៉ូលិស​ដាណឺម៉ាក​អះអាងថា ជនសង្ស័យ​ដែលគេ​បាន​ចាប់ខ្លួន គ្មានជាប់ទាក់ទង​នឹង​ហេតុការណ៍​ចាប់ខ្លួន​ជនសង្ស័យ​របស់​ក្រុមហាម៉ាសនៅ​អាល្លឺម៉ង់។

នៅដើម​ខែ​នេះ ប្រធានគណៈកម្មការអឺរ៉ុប​ទទួលបន្ទុក​កិច្ចការផ្ទៃក្នុងអឺរ៉ុប​បាន​ព្រមានថា អឺរ៉ុបកំពុង​ប្រឈម រងការគំរាមកំហែងវាយប្រហារ​ភេរវកម្ម នៅក្នុងរដូវ​បុណ្យណូអែល បុណ្យគ្រិស្តម៉ាស ​ចុងឆ្នាំនេះ។ ការណ៍នេះធ្វើ​ឲ្យ​អាជ្ញាធរ នៅ​តាម​បណ្តាប្រទេស​អឺរ៉ុប ពង្រាយ​ប៉ូលិស នៅ​តាមកន្លែង​ប្រជុំជន ដូចជា​ផ្សារណូអែល វិហារ​សាសនា ធានា​សុវត្ថិភាព ការពារ​សន្តិសុខ​នៅក្នុងពេល​ពិធីបុណ្យចុងឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ