អានតួអត្ថបទ

លោក ​អ៊ែរដូហ្កាន បដិសេធ​សំណើអាមេរិក​ឲ្យ​ផ្តាច់​ទំនាក់ទំនង​ជាមួយ​នឹង​ក្រុម​ហាម៉ាស

ប្រធានាធិបតី​តួកគី លោក អ៊ែរដូហ្កាន បាន​ច្រាន​ចោល​សំណើរ​បស់​មន្ត្រីជាន់​ខ្ពស់របស់​សហរដ្ឋ​​អាមេរិក ដែល​ចង់​ឲ្យ​ រដ្ឋបាល​ក្រុង​អង់ការ៉ា ផ្តាច់​ទំនាក់ទំនង​ជាមួយនឹង​ ក្រុម​ចលនា​អ៊ីស្លាម​ប៉ាឡេស្ទីន ហាម៉ាស។ សំណើរបស់​មន្ត្រី​អាមេរិកនេះ បាន​ដាក់​ចេញ​ក្នុង​សប្តាហ៍នេះ​ ហើយចំណែកការ​សម្រេច​បដិសេធ​របស់​ប្រមុខ​ដឹកនាំ​តួកគី  គឺត្រូវ​ប្រកាស​ឲ្យ​ដឹងពី​បណ្តាញ​ផ្សព្វផ្សាយ​ផ្លូវ​ការ​របស់​រដ្ឋ​តួកគី នៅថ្ងៃសៅរ៍ ទី​២ធ្នូ​។

លោក អ៊ែរដូហ្កាន បដិសេធសំណើសហរដ្ឋអាមេរិកឲ្យផ្តាច់ទំនាក់ទំនងជាមួយនឹងក្រុមហាម៉ាស។
លោក អ៊ែរដូហ្កាន បដិសេធសំណើសហរដ្ឋអាមេរិកឲ្យផ្តាច់ទំនាក់ទំនងជាមួយនឹងក្រុមហាម៉ាស។ AP - Pavel Golovkin
ផ្សាយពាណិជ្ជកម្ម

ផ្ទុយ​ខុសឆ្ងាយ​​ពី​សហរដ្ឋអាមេរិក​ ដែល​ចាត់ទុកថា ពួក​ហាម៉ាស់​ជា​ក្រុម​ភេរវនិយម គឺ​ថ្នាក់ដឹកនាំ​តួកគី លោក​ អ៊ែរដូហ្កាន បាន​ចាត់ទុក ក្រុម​ហាម៉ាស ថាជា​ ​​អ្នក​រំដោះ ដែល​ការ​ពារ​ទឹក​ដឹក​ប៉ាឡេស្ទីន ។ ប្រមុខរដ្ឋ​តួកគី​​បាន​លើកឡើង​បែបនេះ​ជាច្រើន​លើកច្រើន​សា។​

ក្នុងអត្ថបទ​ប្រកាស​ផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន​​រដ្ឋ​តួកគី​ គឺ​លោក​ប្រធានាធិបតីតួកគី ក៏​បាន​ពន្យល់ដែរ​ថា ពី​ដំបូង​ឡើង ​ ក្រុម​ហាម៉ាស​ គឺ​ ជា​​បក្ស​​​នយោបាយ ហើយ​បាន​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ ហើយ​ក៏​ ឈ្នះ​សំឡេង​ឆ្នោត ​បាន​កាន់​អំណាច​ស្របច្បាប់។ លោក អ៊ែរដូហ្កាន បន្ត​ទៀត​​ថា ប្រទេស​តួកគី ដឹកនាំ​​ប្រកាន់​ជំហរ​នយោបាយ​ការបរទេស​របស់ខ្លួន ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ​និង​​ប្រជាជនជាធំ​​ ហើយ​លោក អ៊ែរដូហ្កាន ក៏​ថ្លែង​ក្តីសង្ឃឹមថា សូម​ឲ្យ ​បរទេស​ យល់​ពី​ចំណុច​នេះ គឺ​យល់​ពី​ការ​ថ្លឹង​ថ្លែង​ផលប្រយោជន៍​ការ​បរទេស​របស់​តួកគី​។

ការ​ប្រកាស​បែបនេះ បានធ្វើឲ្យ​ មន្ត្រីជាន់ខ្ពស់​​សហរដ្ឋអាមេរិក​ ​ខកចិត្ត​ខ្លាំង​ចំពោះ​ទង្វើ​របស់​តួកគី។ ​​អនុរដ្ឋលេខាធិការ​ រតនាគារ​ជាតិ​អាមេរិក ទទួល​បន្តុក​តា​ម​ដាន​ផ្នែក​ភេរវនិយម​និង​ហិរញ្ញវត្ថុ លោក Brian Nelson បាន​សម្តែង​ក្តីព្រួយ​បារម្ភ​ពន់ពេក​ ចំពោះ​ទំនាក់ទំនង​របស់​រដ្ឋបាល​ក្រុង​អង់ការ៉ា និង​ពួក​ក្រុមហាម៉ាស។ ព្រួយ​បារម្ភ ក៏ពីព្រោះថា ​ក្នុង​អតីតកាល​​ តួកគី​ បាន​ជួយលុយ​ជួយ​កាក់ ដល់​ពួក​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន។​ ​​

ចាប់​ពីផ្ទុះ​សង្គ្រាម​ ជម្លោះអ៊ីស្រាអែល-ហាម៉ាស ជិត​២ខែមកនេះ មន្ត្រីអាមេរិក នៅមិនទាន់​ចាប់​បាន​សញ្ញាណ​ពីការ​ផ្ទេរ​ហិរញ្ញវត្ថុ​ ពីសំណាក់​តួកគីទៅ​ហាម៉ាស​នៅឡើយទេ។  ទោះយ៉ាងនេះក្តី ក្នុង​សប្តាហ៍​នេះ ​លោក Nelson បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​តួកគី ហើយ​និង​ស្នើឲ្យ​តួកគី កុំ​ប្រព្រឹត្ត​ដូច​អតីតកាល ហើយ​ថែម​ទាំងស្នើសុំ​ឲ្យតួកគី​​​ផ្តាច់​ការទាក់ទង​តែម្តង​ជាមួយ​ពួក​ហាម៉ាស។ ទី​បំផុត​ទៅ តួកគី​បដិសេធ​សំណើជាផ្លូវការ នៅ​ថ្ងៃសៅរ៍ ទី២ធ្នូ​។

គួររំឮកដែរ ថា​ នៅ​ចុង​ខែ​តុលាកន្លងទៅ អ៊ីស្រាអែល ជាសម្ព័ន្ធមិត្ត​របស់​អាមេរិក បាន​សម្រេច​ដក​មន្ត្រីទូត​ទាំង​អស់​របស់ខ្លួន ចេញពី​ប្រទេស​តួកគី គឺបន្ទាប់ពី តួកគី របស់​លោក អ៊ែរដូហ្កាន បាន​ចោទប្រកាន់​អ៊ីស្រាអែល ថាបាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម លើ​ទឹកដី​ប៉ាឡេស្ទីន។

ជម្លោះអ៊ីស្រាអែល-ហាម៉ាស បាន​ផ្ទុះ​នៅ​ថ្ងៃទី​៧តុលា។ បើតាម​រដ្ឋបាល​ក្រុង​ហាម៉ាស គឺមកទល់​ពេលនេះ មាន​ស្លាប់ពលរដ្ឋ​ប៉ាឡេស្ទីន ១៥ ០០០ នាក់ ពី​ព្រោះតែ​ការ​វាយប្រហារ​របស់​ទ័ព​អ៊ីស្រាអែល។​ ​ក្នុង​ចំណោម​នោះ ​​ក្មេង​ៗក្រោមអាយុ​ ១៨​ ឆ្នាំ ចំនួន ជាង ៦ ពាន់នាក់ ​ស្លាប់​​ផុត​ជីវិត ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ