អានតួអត្ថបទ

អ៊ីស្លង់ជម្លៀសប្រជាជន​មួយក្រុង ដោយសារ​ខ្លាចគ្រោះថ្នាក់ផ្ទុះភ្នំភ្លើង

អ៊ីស្លង់ប្រកាសអាសន្ន បន្ទាប់ពីគ្រោះរញ្ជួយដី​ជាបន្តបន្ទាប់គ្នា​អាច​ដាស់ធ្វើឲ្យភ្នំភ្លើង Fagradalsfjall (ហ្វាក្រាដដាល់ហ្វ្យាត) ដែលកំពុងសកម្មខ្លាំង អាច​ផ្ទុះនៅក្នុងពេលឆាប់ៗ។ នៅថ្ងៃ​សៅរ៍ នៅក្រោយការប្រកាស​អាសន្ន​នៅចំពោះមុខគ្រោះថ្នាក់ផ្ទុះភ្នំភ្លើង អាជ្ញាធរ​បាន​ជម្លៀសប្រជាជន​ប្រមាណ ៤ពាន់នាក់​ចេញពីកូនក្រុង​កំពង់ផែ Grindavik (គ្រីនដាប៊ីក​) ដែលស្ថិតនៅជិតភ្នំភ្លើងជាងគេ។

អ្នកទេស​ចរដើរក្បែរ​ ភ្នំភ្លើង Fagradalsfjall (ហ្វាក្រាដដាល់ហ្វ្យាត) ក្នុងប្រទេស​អ៊ីស្លង់​កាលពី​ខែ សីហា​២០២២
អ្នកទេស​ចរដើរក្បែរ​ ភ្នំភ្លើង Fagradalsfjall (ហ្វាក្រាដដាល់ហ្វ្យាត) ក្នុងប្រទេស​អ៊ីស្លង់​កាលពី​ខែ សីហា​២០២២ AP - Marco Di Marco
ផ្សាយពាណិជ្ជកម្ម

តាំងពីយប់​អាធ្រាត្រថ្ងៃសៅរ៍ អាជ្ញាធរ​អ៊ីស្លង់​ចាប់ផ្តើម​ជម្លៀសប្រជាជន​ចេញពីទីក្រុងកំពង់ផែ Grindavik (គ្រីនដាប៊ីក​)ដែលស្ថិតនៅចម្ងាយ​តែ​៤០គីឡូម៉ែត្រ​ពីរដ្ឋធានី Reykjavik (រៃក្យាប៊ីក)​របស់​ប្រទេស​អ៊ីស្លង់។ រដ្ឋាភិបាល​អ៊ីស្លង់បានប្រកាស​ដាក់តំបន់​ភាគនិរតី ទៅក្នុងស្ថានភាពប្រកាស​អាសន្ន និង​ជម្លៀសប្រជាជន​ប្រមាណ​៤ពាន់នាក់​ចេញពីទីក្រុង​ បន្ទាប់ពីការរញ្ជួយដីកើតមានជារៀងរាល់ថ្ងៃដែលអាច​ដាស់ភ្នំភ្លើងឲ្យកម្រើកផ្ទុះឡើង​។ តាម​វិទ្យាស្ថានឧតុនិយមអ៊ីស្លង់ ការរញ្ជួយដី​កាន់តែញឹក និង​វត្តមានរបស់​ម៉ាក់ម៉ា សិលារាវដែលស្ថិតនៅតែក្រោមស្រទាប់ដីតែ​៨០០ម៉ែត្រ​ ធ្វើឲ្យគេជឿថា ភ្នំភ្លើង Fagradalsfjall (ហ្វាក្រាដដាល់ហ្វ្យាត) នឹងអាច​ផ្ទុះក្នុងពេល​ឆាប់ៗ អាច​នៅប៉ុន្មានម៉ោង ឬ​ប៉ុន្មានថ្ងៃខាងមុខ។

ការរញ្ជួយដី និងចលនារុញច្រានដោយសារ​ដោយ​ម៉ាក់ម៉ាពីក្រោមដី​បាន​បង្កការខូចខាត​ផ្លូវថ្នល់ និង​អគារផ្ទះសម្បែង​នៅក្នុងក្រុង​ Grindavik (គ្រីនដាប៊ីក​)។ អាជ្ញាធរ​ព្រួយបារម្ភថា ការផ្ទុះភ្នំភ្លើង Fagradalsfjall (ហ្វាក្រាដដាល់ហ្វ្យាត) អាចគំរាមកំហែង​បំផ្លាញ​ទីក្រុង​ Grindavik (គ្រីនដាប៊ីក​)​ទាំងមូល និង​ប៉ះពាល់​ទៅដល់​តំបន់ជុំវិញ ព្រោះថា ផ្ទុះភ្លើង​ដែលផ្ទុះនេះ​ស្ថិតនៅមិនឆ្ងាយប៉ុន្មាន​ពី​មជ្ឈមណ្ឌល​អគ្គិសនី​ដែលផ្គត់ផ្គង់ភ្លើង​និង​ទឹក​សម្រាប់ប្រជាជន​ជាង​៣ម៉ឺននាក់​នៅរដ្ឋធានី​ Reykjavik (រៃក្យាប៊ីក)​។

ស្ថិតនៅលើ​ខ្សែក្រវ៉ាត់ភ្នំភ្លើងភាគខាងជើង​ផែនដី អ៊ីស្លង់មាន​ភ្នំភ្លើង​សកម្ម​ចំនួន ៣៣។ នៅមុន​ ភ្នំភ្លើង Fagradalsfjall (ហ្វាក្រាដដាល់ហ្វ្យាត) តំបន់ Reykjavik (រៃក្យាប៊ីក)​ ធ្លាប់មាន​ផ្ទុះភ្នំភ្លើង​៣ដង នៅ​បីឆ្នាំជាប់ៗគ្នា។ ភ្នំភ្លើង​ផ្ទុះចុងក្រោយ​នៅ​ខែ​កក្កដា​កន្លងទៅ ប៉ុន្តែ​ក្នុងទ្រង់ទ្រាយតូច ដោយ​មិនបាន​បង្កការខូចខាត​អ្វីទេ។ ប៉ុន្តែ ខ្សែបណ្តាញភ្នំភ្លើង​ Fagradalsfjall (ហ្វាក្រាដដាល់ហ្វ្យាត) ដែល​មានប្រវែងទទឹង​៦គីឡូម៉ែត្រ​ និង​បណ្តោយ​១៩គីឡូម៉ែត្រ​​នឹង​ផ្ទុះបញ្ចេញកំអែលភ្នំភ្លើងចាក់ច្រាលទៅលើ​តំបន់​ដែលមានមនុស្ស​រស់នៅ។

បន្ទាប់ពី​សំងំ​មិនសកម្មជាង​៦ពាន់ឆ្នាំ ខ្សែភ្នំភ្លើង​ Fagradalsfjall (ហ្វាក្រាដដាល់ហ្វ្យាត) ទើបតែ​ចាប់កម្រើកផ្ទុះនៅប៉ុន្មានឆ្នាំនេះទេ។ សម្រាប់​អ្នកជំនាញខាងភ្នំភ្លើង​អ៊ីស្លង់ អ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងនៅក្នុងករណី​ភ្នំភ្លើង Fagradalsfjall (ហ្វាក្រាដដាល់ហ្វ្យាត) ​គឺ​ការ​ឡើងលឿនស្រឺតកំហាប់ម៉ាក់ម៉ា ឬសិលារាវ​សំដៅរកកន្លែងផ្ទុះចេញមកលើ​ដី។

រហូតមកដល់​ចុងសប្តាហ៍នេះ អាជ្ញាធរ​អ៊ីស្លង់​បាន​ជម្លៀសត្រឹមប្រជាជន ប៉ុន្តែ​មិនទាន់ចាត់វិធានការខ្លាំង​ដូច​ការផ្ទុះភ្នំភ្លើងដ៏ធំខ្លាំងកា្លកាលពីឆ្នាំ​២០១០។ នៅ​ឆ្នាំ​នោះ កម្លាំងផ្ទុះភ្នំភ្លើងដែលបញ្ចេញផ្សែងផេះ​រាប់គីឡូម៉ែត្រ​ទៅក្នុង​អាកាស​បាន​បណ្តាល​ឲ្យ​ជើងហោះហើរ​ជាង​១សែន​ត្រូវលុបចោល។ អ្នកដំណើរ​ជាង​១០លាននាក់នៅអឺរ៉ុបត្រូវ​ជាប់គាំង​នៅព្រលានយន្តហោះ។ ការផ្ទុះភ្នំភ្លើងរយៈពេល​១ខែ ​​ដែលបណ្តាលឲ្យមានការខាតបង់ទឹកប្រាក់ជាង​៣ពាន់លានដុល្លារដោយសារ​តែ​ការលុបចោលជើងហោះហើរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ