អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយអូឡាំពិក

ជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនរាលដាល​ទៅដល់ការប្រកួតកីឡាអូឡាំពិកនៅមុយនិច ​ឆ្នាំ១៩៧២

នៅឆ្នាំ ១៩៧២ ខណៈពេលដែលពិភពលោកកំពុងជួបសង្រ្គាមត្រជាក់ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឬអាល្លឺម៉ង់ខាងលិចបានទទួល​សិទ្ធិជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្តៅលើកទី​២០ នៅទីក្រុង​មុយនិចពីថ្ងៃទី ២៦​សីហា ដល់​ថ្ងៃទី ១១កញ្ញា។ រដ្ឋាភិបាលអាល្លឺម៉ង់ខាងលិចមានបំណងចង់ប្រែក្លាយព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុង​មុយនិចឲ្យទៅព្រឹត្តិការណ៍កីឡាសន្តិភាព និង​សប្បាយរីករាយ ដើម្បីឲ្យពិភពលោក​ភ្លេចអនុស្សាវរីយ៍ជូរចត់​នៅពេលអាល្លឺម៉ង់​ក្រោមការដឹកនាំ​របស់​អាដូហ្វ ហ៊ីត្លែរ រៀបចំ​ការប្រកួតកីឡាអូឡាំពិក នៅទីក្រុង​ប៊ែរឡាំង​ឆ្នាំ ១៩៣៦។ ប៉ុន្តែ ក្តីសុបិន្តរបស់​រដ្ឋាភិបាលអាល្លឺម៉ង់ត្រូវរលាយដូចអំបិល។ នៅព្រឹកព្រលឹមថ្ងៃទី​៥​កញ្ញា ឆ្នាំ ១៩៧២ នៅពេលដំណើរការប្រកួតប្រព្រឹត្តទៅ​ធម្មតា​នៅ​ក្នុងស្តាត ក្រុមកងកុម្ម៉ង់ដូរ ប៉ាឡេស្ទីន​៨នាក់​​បាន​ស្លៀកពាក់ជាកីឡាករ បន្លំខ្លួនចូលក្នុង​ភូមិអូឡាំពិក ដោយបាន​សម្លាប់​កីឡាករអ៊ីស្រាអែល​២នាក់ និងចាប់ជំរិត​ ​៩នាក់ផ្សេងទៀតជាចំណាប់ខ្មាំង។ សម្រាប់កម្ពុជា ការប្រកួតកីឡាអូឡាំពិក​នៅមុយនិចជាព្រឹត្តិការណ៍អន្តរជាតិចុងក្រោយដែលកម្ពុជា​បានចូលរួម មុននឹង​ត្រូវ​អវត្តមានអស់២០ឆ្នាំ ដោយសារ​សង្រ្គាម និងការចូលគ្រប់គ្រងប្រទេស​ដោយ​ពួកទាហានខ្មែរក្រហម។

សមាជិកកងកុម្ម៉ង់ដូរប៉ាឡេស្ទីន​នៅ​ពេល​ចាប់ជំរិតកីឡាករអ៊ីស្រាអែលនៅភូមិអូឡាំពិក​នៅទីក្រុង​មុយនិចថ្ងៃទី ៥សីហា ឆ្នាំ ១៩៧២
សមាជិកកងកុម្ម៉ង់ដូរប៉ាឡេស្ទីន​នៅ​ពេល​ចាប់ជំរិតកីឡាករអ៊ីស្រាអែលនៅភូមិអូឡាំពិក​នៅទីក្រុង​មុយនិចថ្ងៃទី ៥សីហា ឆ្នាំ ១៩៧២ AP - Kurt Strumpf
ផ្សាយពាណិជ្ជកម្ម

មានរយៈពេល​៥១ឆ្នាំគត់ ដែល​ករណីធ្វើភេរវកម្មសម្លាប់និងចាប់ជំរិតកីឡាករអ៊ីស្រាអែលបានប្រែក្រឡាប់ចាក់ ​ព្រឹត្តិការណ៍កីឡាអូឡាំពិក​នៅទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់ខាងលិច។ នៅថ្ងៃទី​៥​កញ្ញា ឆ្នាំ ១៩៧២ ខណៈពេលដែលទីក្រុង​មុយនិច​រៀបចំការប្រកួតកីឡាអូឡាំពិកនៅបានពាក់កណ្តាលទី ព្រឹត្តិការណ៍​ដ៏រន្ធត់បាន​កើតឡើង។ ក្រុមកងកុម្ម៉ង់ដូរប៉ាឡេស្ទីនដែលមានឈ្មោះថា Septembre noir ឬ​ក្រុមខែកញ្ញាខ្មៅបានបន្លំខ្លួន​ចូលទៅចាប់ជំរិត​កីឡាករអ៊ីស្រាអែល នៅក្នុង​ភូមិអូឡាំពិក។ ក្រុមភេរវជនប៉ាឡេស្ទីន បានដាក់ឈ្មោះចលនារបស់ខ្លួន Septembre noir ឬ​ក្រុមខែកញ្ញាខ្មៅ ​ដើម្បីរំលឹកដល់​ការបង្រ្កាបលើប្រជាជនប៉ាឡេស្ទីន​នៅ ប្រទេស​ហ្សកដានីនៅ​ខែ​កញ្ញាឆ្នាំ ១៩៧០។

នៅ​ឆ្នាំ ១៩៧២ ដោយសារតែ​ចង់បំភ្លេច​អតីតកាល និង​អនុស្សាវរីយ៍ជូរចត់នៃ​ការគ្រប់គ្រង​ផ្តាច់ការក្នុងរបបណាហ្ស៊ីរបស់ហ៊ីត្លែរ អាជ្ញាធរអាល្លឺម៉ង់​មិន​សូវ​ប្រុងប្រយ័ត្នខ្លាំង ឬ​ចាត់វិធានការសន្តិសុខ​តឹងរ៉ឹងក្នុងពេល​រៀបចំ​ការប្រកួតកីឡាអូឡាំពិក​នៅមុយនិច។ ជាក់ស្តែង ប៉ូលិសដែលឈរយាម​ជុំវិញភូមិអូឡាំពិក និងមាន​វត្តមាន​នៅក្នុង​ពេល​មាន​ការចាប់ជំរិតកីឡាករអ៊ីស្រាអែល ​គ្មានអាវុធ​កាន់ក្នុងដៃនោះទេ។

ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិក គឺជាមោទនភាព និងនិមិត្តរូបដ៏ធំធេងណាស់សម្រាប់​សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់​ដែលចង់​ឲ្យគេ​បំភ្លេច​អនុស្សាវរីយ៍អូឡាំពិក​ដែលរៀបចំដោយ​របបហ៊ីត្លែរ​នៅទីក្រុង​ប៊ែរឡាំង​ឆ្នាំ ១៩៣៦។

តាម​ប្រវត្តិវិទូបារាំងជំនាញខាងកីឡាអូឡាំពិក លោក​ Thierry Terret តាមរយៈ​ការរៀបចំ​ការប្រកួតកីឡាអូឡាំពិក​នៅទីក្រុង​មុយនិច អាល្លឺម៉ង់ខាងលិចចង់បង្ហាញអំណួតយកប្រៀបលើអាល្លឺម៉ង់ខាងកើតដែលជាអ្នកជិតខាងនិងជាសត្រូវចាប់តាំងពីមានការពុះចែកអាល្លឺម៉ង់ជាពីរដោយសារ​ក្រុមប្រទេស​អ្នកឈ្នះសង្រ្គាមលោកលើកទី២។ អាល្លឺម៉ង់ខាងលិច​ចង់បង្អួតខ្លួនដោយសារតែអាល្លឺម៉ង់ខាងកើត ឬ​សាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ធ្លាប់តែនាំមុខ ខាងមានកីឡាករទទួលបាន​មេដាយ​នៅក្នុង​ការប្រកួតកីឡាអូឡាំពិកកន្លងមក។

ប៉ុន្តែ ទៅវិញ ទៅមក​ ក្តីរំពឹង​ចង់កសាងមុខមាត់ យកប្រៀបលើ​អាល្លឺម៉ង់ខាងកើត​ត្រូវ​ធ្លាក់ទឹក។ អាល្លឺម៉ង់​ខាងលិច​មិនត្រឹមតែ​តាមក្រោយកន្ទុយអាល្លឺម៉ង់​ខាងកើត​ក្នុងការប្រកួតកីឡាអូឡាំពិកតែប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវ​បាក់អាម៉ាស់មុខ​ដោយសារតែ​បរាជ័យ គ្មានសមត្ថភាព​ដោះស្រាយ​វិបត្តិដ៏អាក្រក់ជាងគេ​នៅក្នុង​ប្រវត្តិរៀបចំកីឡាអូឡាំពិក នោះគឺព្រឹត្តិការណ៍សម្លាប់និងចាប់ជំរិត​កីឡាករ​អ៊ីស្រាអែល នៅក្នងភូមិអូឡាំពិក។

នៅថ្ងៃទី​៥ កញ្ញា ពោល​គឺនៅពេល​ការប្រកួតកីឡាអូឡាំពិក​បានឈាន​ចូលដល់ថ្ងៃទី​១១​ នៅម៉ោងប្រមាណ៥ទៀបភ្លឺ កុម្ម៉ង់ដូរប៉ាឡេស្ទីន ៨នាក់​បាន​បន្លំខ្លួន​ចូលក្នុង​ភូមិអូឡាំពិក។ ស្លៀកពាក់ជាកីឡាករ ក្រុមភេរវជនប៉ាឡេស្ទីន​អាច​ដើរចូលក្នុងភូមិអូឡាំពិក សំដៅ​កន្លែងស្នាក់នៅ​របស់​កីឡាករអ៊ីស្រាអែល​ដោយគ្មានការលំបាក ​គ្មានជួប​ឧបសគ្គអ្វីទាំងអស់ ព្រោះថា អាជ្ញាធរអាល្លឺម៉ង់​មិនបាន​រឹតបន្តឹងសន្តិសុខខ្លាំង​ដើម្បីកុំ​ឲ្យគេចោទប្រកាន់ថា ធ្វើដូច​ពួកណាហ្ស៊ីដែលបាន​ពង្រាយកម្លាំងប៉ូលិស ទាហាន​គ្រប់ច្រកល្ហកនៅក្នុង​ការ​រៀបចំ​កីឡាអូឡាំពិក​នៅប៊ែរឡាំង។

​នៅពេល​ដើរចូល​ដល់កន្លែងស្នាក់នៅ របស់​កីឡាករអ៊ីស្រាអែល ក្រុមប្រដាប់អាវុធ កញ្ញាខ្មៅ Septembre noir បាញ់សម្លាប់កីឡាករអ៊ីស្រាអែលពីរនាក់​ដែល​រើបម្រះតដៃ ចង់រត់គេចខ្លួន មុននឹង​ចាប់កីឡាករ​៩នាក់​ផ្សេងទៀត។ នៅពេលហេតុការណ៍កើតឡើងភ្លាមៗ ប៉ូលិស​អាល្លឺម៉ង់​បានអន្តរាគម​ឡោមព័ទ្ធអគារស្នាក់នៅ​របស់​គណៈប្រតិភូអ៊ីស្រាអែល។ ប៉ុន្តែផែនការ​សន្តិសុខរបស់ប៉ូលិសអាល្លឺម៉ង់​ដើម្បីឆ្លើយតប​នឹង​ការចាប់ចំណាប់ខ្មាំងរបស់​ក្រុមភេរវជន​ប៉ាឡេស្ទីន​បានរងការរិះគន់ជាបន្តបន្ទាប់។ ជាក់ស្តែង ការចរចា​ជាមួយ​ក្រុមចាប់ជំរិត​បានអូសបន្លាយជាច្រើនម៉ោង ដោយ​គ្មាន​លទ្ធផលអ្វីទាំងអស់។ ក្រុមកុម្ម៉ង់ដូរប៉ាឡេស្ទីនបានដាក់លក្ខខណ្ឌទាមទារ​ជាច្រើនចំណុច ដែលនៅក្នុងនោះ​មានផងដែរ​ការដោះលែង​អ្នកទោសប៉ាឡេស្ទីន២៣០នាក់​ដែល​អ៊ីស្រាអែលចាប់ដាក់ក្នុង​ពន្ធនាគារអ៊ីស្រាអែល។

នៅក្នុងការចរចាជាច្រើនម៉ោង បរិយាកាស​កាន់តែតានតឹងខ្លាំងឡើងៗ។ នៅចុងបញ្ចប់ កិច្ចព្រមព្រៀង ជាមួយក្រុមកុម្ម៉ង់ដូ​ត្រូវ​បាន​គេ​រកឃើញ​នៅ​យប់ថ្ងៃទី​៥ដដែល។ រដ្ឋាភិបាលអាល្លឺម៉ង់​ខាងលិច​បានបញ្ជូន​ឧទ្ធម្ភាគចក្រ​មក​ដឹក​យក​ក្រុមកងកុម្ម៉ង់ដូរប៉ាឡេស្ទីន​ និង​ចំណាប់ខ្មាំងអ៊ីស្រាអែល​ទាំង​៩នាក់ទៅ​កាន់ព្រលានយន្តហោះ​យោធា​នៅក្បែរ​ទីក្រុង​មុយនិច។ ប៉ុន្តែ នៅទីបំផុត​ការចាប់ជំរិតដែលមានរយៈពេលជិត​១ថ្ងៃ​បានបិទបញ្ចប់​ដោយ​សោកនាដកម្ម​ នៅពេល​ប៉ូលិស​អាល្លឺម៉ង់​សម្រេច​បើកការវាយប្រហារ​លើ​ក្រុមកុម្ម៉ង់ដូរប៉ាឡេស្ទីន​នៅទីលាន​ព្រលានយន្តហោះ​នាពេលរាត្រី។ ជាអន្តរាគមន៍​ដ៏អាម៉ាស់មុខបំផុត ព្រោះវា​បានបណ្តាលឲ្យមានថ្លុកឈ្លាម ការបាញ់ តដៃសម្លាប់គ្នា ​រវាងប៉ូលិសអាល្លឺម៉ង់ និង​ក្រុមភេរវជនប៉ាឡេស្ទីន។ ក្នុងចំណោមមនុស្សស្លាប់ទាំង១៧នាក់ក្នុងការបាញ់តបតគ្នា​រវាង​ប៉ូលិស​ និង​ក្រុមកុម្ម៉ង់ដូរប៉ាឡេស្ទីន​ មានប៉ូលិសអាល្លឺម៉ង់​ម្នាក់ កីឡាករអ៊ីស្រាអែល​ទាំងអស់ ទាំង៩នាក់​ដែល​ត្រូវចាប់ជាចំណាប់ខ្មាំង ហើយ​និង​សមាជិកកុម្ម៉ង់ដូរ៥នាក់​។

សោកនាដកម្ម​មិនបាន​ទៅបន្ទុចបង្អាក់ព្រឹត្តិការណ៍អូឡាំពិក

ព្រឹត្តិការណ៍ដែលក្រុមកុម្ម៉ង់ដូរប៉ាឡេស្ទីន​ចូល​ទៅចាប់ជំរិតកីឡាករអ៊ីស្រាអែល​ត្រូវ​ចាក់បញ្ចាំងផ្ទាល់​នៅលើ​អេក្រង់ធំៗ​នៅក្នុង​ស្តាតមុយនិច និងត្រូវ​ចាក់ផ្សាយបន្តផ្ទាល់​នៅតាម​កញ្ចក់ទូរទស្សន៍​នៅក្នុង​ពិភពលោក។ ប៉ុន្តែ ការប្រកួតកីឡាអូឡាំពិក​នៅតែបន្ត ដោយ​បាន​ចាប់ផ្តើមប្រព្រឹត្ត​ទៅជាធម្មតាឡើងវិញ នៅ​ថ្ងៃទី​៧​កញ្ញា បន្ទាប់ពី​ផ្អាកមួយថ្ងៃពេញ​នៅថ្ងៃ​ទី​៦​កញ្ញា ដើម្បី​រំលឹកវិញ្ញាណក្ខន្ធ​ជនរងគ្រោះក្នុង​សោកនាដកម្ម​កាលមួយថ្ងៃមុន។ ពិធីររំលឹកវិញ្ញាណក្ខន្ធ​កីឡាករអ៊ីស្រាអែលទាំង​១១​នាក់​ដែល​ស្លាប់​នៅក្នុង​ហេតុការណ៍ចាប់ជំរិត​របស់​ក្រុមកុម្ម៉ង់ដូរ​ប៉ាឡេស្ទីន​ប្រព្រឹត្តទៅ​នៅ ក្នុងស្តាតអូឡាំពិក​នៅមុយនិច។

 

អត្ថពលិការនី មាស ខេង​ជា​ស្រ្តីខ្មែរលើកដំបូងគេដែលត្រូវបានបញ្ជូន​ឲ្យទៅចូលរួមក្នុង​ការប្រកួតកីឡាអូឡាំពិកអន្តរជាតិ នៅទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់ឆ្នាំ​១៩៧២
អត្ថពលិការនី មាស ខេង​ជា​ស្រ្តីខ្មែរលើកដំបូងគេដែលត្រូវបានបញ្ជូន​ឲ្យទៅចូលរួមក្នុង​ការប្រកួតកីឡាអូឡាំពិកអន្តរជាតិ នៅទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់ឆ្នាំ​១៩៧២ © សហការី

លោកស្រីមាស ខេង៖ ខ្ញុំស៊ាំនឹង​សំឡេងគ្រាប់កាំភ្លើង

នៅក្នុងការចងចាំរបស់​លោកស្រីមាស ខេង​ ព្រឹត្តិការណ៍ចាប់ជំរិត​កីឡាករ​អ៊ីស្រាអែល​នៅតែមានជាប់ជានិច្ច​ ទោះពេល​វេលាបាន​កន្លងផុតទៅ​ជាង​៥០ឆ្នាំ។ នៅថ្ងៃ​កើតហេតុ កីឡាការនី​ខ្មែរ​ខាងរត់ចម្ងាយត្រូវ​ទៅសាក​ លឈ្នាន់សម្រាប់រត់នៅលើទីលាន។ ប៉ុន្តែ នៅព្រឹកថ្ងៃទី​៥កញ្ញា លោកស្រី​មាស ខេង​ក្នុង​វ័យជាង​២០ឆ្នាំ​សង្កេតឃើញភាពចលាចល​បន្តិច ដោយ​ភូមិអូឡាំពិកទាំងមូល​ត្រូវ​បិទឡោមព័ទ្ធដោយ​ប៉ូលិសអាល្លឺម៉ង់។ នៅពេល​ទៅ​ដល់​កន្លែងហាត់ ទើប​លោកស្រី​ដឹងថា មានអ្វីកំពុងកើតឡើង​នៅក្នុងកន្លែង​ស្នាក់នៅ​របស់​កីឡាករអ៊ីស្រាអែល ក្នុងភូមិអូឡាំពិក។

សព្វថ្ងៃ​មានអាយុ​៧៧ឆ្នាំ លោកស្រី​មាស ខេង​នៅចាំបានថា លោកស្រី​លឺ​គេនិយាយ​តៗគ្នាថា មាន​មនុស្ស​ប្រុស​កាន់កាំភ្លើង​ដើរចូល​ក្នុងភូមិអូឡាំពិក។ ប៉ុន្តែ នៅពេលនោះ លោកស្រី​គ្មាន​អារម្មណ៍ភ័យខ្លាច​អ្វីទេ ព្រោះថា នៅប្រទេស​របស់​លោកស្រី គឺកម្ពុជា លោកស្រី​ស៊ាំ​នឹង​បញ្ហាអសន្តិសុខ ស៊ាំ​នឹង​សំឡេងកាំភ្លើង​របស់​ពួកខ្មែរក្រហមដែលបាញ់​ជិតភូមិរស់នៅ​របស់​ឪពុកម្តាយ​របស់​លោកស្រី​នៅខេត្ត​កំពង់ធំ។

ម្យ៉ាងដោយសារ​តែ​មិនចេះភាសា​អាល្លឺម៉ង់ ឬ​ភាសា​បរទេស​ដទៃទៀត លោកស្រី​មាស ខេង​នៅតែមិនទាល់​យល់​ហេតុការណ៍កើតឡើង​នៅថ្ងៃនោះ ឬ​អាច​និយាយ​ម្យ៉ាងថា លោកស្រី​មិនសូវចាប់អារម្មណ៍តែម្តង។

នៅកម្ពុជានាទសវត្សរ៍ឆ្នាំ​១៩៧០ លោកស្រី​មាស ខេង​ត្រូវ​គេចាត់ទុក​ជាកីឡាការនីឆ្នើមជាងគេខាងផ្នែករត់ចម្ងាយ​នៅ​ក្នុង​តំបន់អាស៊ីអាគ្នេយ៍។ ជំនាញខាងរត់ចម្ងាយ​១០០ម៉ែត្រ និង​២០០ម៉ែត្រ មាស ខេង​ជាស្រ្តីខ្មែរតែម្នាក់គត់​នៅក្នុងគណៈប្រតិភូកីឡាករខ្មែរដែលត្រូវ​បញ្ជូន​ទៅ​ចូលរួមនៅក្នុងការប្រកួតកីឡាអូឡាំពិក នៅមុយនិច ដែលនៅក្នុងនោះមានកីឡាករប្រដាល់​ប្រុស​១នាក់ កីឡាករហែលទឹក៤នាក់​ និង​អត្តពលិករ៤នាក់។

នៅក្រោយ​ការប្រកួតកីឡាអូឡាំពិក​នៅមុយនិច ប្រធានគណៈប្រតិភូ​កម្ពុជា​បាន​ពន្យល់ថា កីឡាករកម្ពុជា​មិនបាន​ហាត់គ្រប់គ្រាន់និងត្រឹមត្រូវ ហើយ​មិនសូវបានត្រៀមខ្លួនច្រើនសម្រាប់​ការប្រកួតកីឡាអូឡាំពិកឡើយ ដោយសារ​តែសង្រ្គាមស៊ីវិល​ក្នុងប្រទេស។

នៅពេល​ចូលរួម​ក្នុង​ការប្រកួតកីឡាអូឡាំពិក កីឡាករកម្ពុជា​មិនបានដឹងខ្លួនថា នោះជាឱកាស​លើកចុងក្រោយ​របស់ពួកគេ​នៅក្នុង​ការប្រកួតកីឡាអន្តរជាតិ។ អូឡាំពិកនៅមុយនិច​ជា​ព្រឹត្តិការណ៍អូឡាំពិកចុងក្រោយដែលកម្ពុជា​បង្ហាញវត្តមានរបស់ខ្លួន មុននឹងបាត់មុខជាង​២០ឆ្នាំ ដោយសារ​សង្រ្គាមខ្មែរក្រហម។ សោកនាដកម្ម​សម្លាប់​មនុស្ស​របស់​ពួកខ្មែរក្រហមមិនត្រឹម​ដាក់កម្ពុជា​ឲ្យនៅឃ្លាតដាច់ឆ្ងាយពីគេឯងក្នុងឆាកអន្តរជាតិ ប៉ុន្តែបានបំផ្លាញដល់​សូន្យ​សកម្មភាពកីឡា និងកីឡាករខ្មែរ។ កីឡាគ្មាននៅក្នុង​របបកម្ពុជា​ប្រជាធិយតេយ្យ​ដែលបាន​សម្លាប់មនុស្ស​ជិត​២លាននាក់។

នៅ​បីឆ្នាំ​ក្រោយ​​កិច្ចព្រមព្រៀងក្រុងប៉ារីស​ឆ្នាំ ១៩៩៣ កម្ពុជា​ត្រូវ​រង់ចាំ​រហូត​ដល់​ឆ្នាំ ១៩៩៦​ដើម្បីផ្សាភ្ជាប់ខ្លួននឹង​ភ្លើងគុបអូឡាំពិកឡើងវិញ នៅពេល​គណៈកម្មាធិការអូឡាំពិក​យល់ព្រមទទួលស្គាល់​សាជាថ្មី​កម្ពុជា ជា​សមាជិករ​បស់ខ្លួន។ កីឡាករកម្ពុជា​បាន​លើកទង់ជាតិរបស់ខ្លួន​ឡើងវិញនៅ​ក្នុងការប្រកួតកីឡាអូឡាំពិក​នៅអាត្លង់តា​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ១៩៩៦។ ចាប់តាំងពី​ចូលរួម​នៅក្នុង​ការប្រកួតកីឡាអូឡាំពិក រដូវក្តៅ​នៅឆ្នាំ ១៩៥៦ កម្ពុជា​ក៏ដូចជា​អតីតកីឡាការនី មាស ខេង​នៅ​តែ​ស្រមៃ ប៉ងចង់បាន​មេដាយ​អូឡាំពិក ឲ្យបានម្តង​នៅក្នុង​ប្រវត្តិចូលរួម​របស់ខ្លួន។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ