អានតួអត្ថបទ

តួកគីរងការវាយប្រហារភេវរកម្មអត្តឃាតចំកណ្តាលបេះដូងក្រុងអង់ការ៉ា

នៅ​ថ្ងៃ​អាទិត្យ ទី១ តុលា ក្រុង​អង់ការ៉ា ប្រទេស​តួកគី​បាន​រង​ការ​វាយប្រហារ​ភេរវកម្ម​អត្តឃាត។ ភេរវកម្ម​អត្តឃាត​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​សង្កាត់​ដែល​ប្រមូល​ផ្តុំ​ដោយ​ក្រសួង​នានា និង​បាន​កើត​ឡើង​នៅ​ប៉ុន្មាន​ម៉ោង​មុន​សភា​បាន​សម័យ​ប្រជុំ​ដើម្បី​អនុម័ត​ការ​ចូល​ជា​សមាជិក​អូតង់​របស់​ប្រទេស​ស៊ុយអែត។ ខណៈ​នេះ នៅ​មិន​ទាន់​មាន​ចលនា ឬ​ជន​ណា​ចេញ​សារភាព​ជា​ស្នាដៃ​របស់​ខ្លួន​ទេ។ ចំណែក​រដ្ឋអំណាច​បាន​ប្រកាស​បើក​ការ​ស៊ើបអង្កេត។

តួកគីរងការវាយប្រហារភេវរកម្មអត្តឃាតចំកណ្តាលបេះដូងក្រុងអង់ការ៉ា ថ្ងៃទី១ តុលា ២០២៣។
តួកគីរងការវាយប្រហារភេវរកម្មអត្តឃាតចំកណ្តាលបេះដូងក្រុងអង់ការ៉ា ថ្ងៃទី១ តុលា ២០២៣។ AP - Ali Unal
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក​អាលី យ៊ែរលីកាយ៉ា​បាន​ប្រាប់​ឲ្យ​ដឹង​ថា ភេរវកម្ម​អត្តឃាត​នេះ​បាន​រៀបចំ​ដោយ​ភេរជន​ចំនួន ២នាក់​ដោយ​ពួក​គេ​បាន​ជិត​រថយន្ត​មួយ​គ្រឿង​សំដៅ​កាត់​មុខ​ក្លោង​ទ្វារ​ចូល​នាយកដ្ឋានសន្តិសុខ។ នៅ​ពេល​បើក​ទៅ​ដល់​មុខ​ក្លោង​ទ្វារ​នោះ ភេរវជន​ម្នាក់​បាន​ចុះ​ពី​រថយន្ត និង​បាន​ធ្វើ​ការ​បាញ់​រះ មុន​នឹង​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន។ បន្តិច​ក្រោយ​មក ភេរវជន​ម្នាក់​ទៀត​នៅ​ក្នុង​ឡាន​ក៏​បាន​ទាញ​បំផ្ទុះ​គ្រាប់ផ្ទុះ​ដែល​ជាប់​នឹង​ខ្លួន​គេ ហើយ​ក៏​បាន​ក៏​ស្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​នោះ។ តាម​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក​អាលី យ៊ែរលីកាយ៉ា ការ​បាញ់ ត គ្នា​រវាង​កម្លាំង​ប៉ូលិស និង​ភេរវជន​ម្នាក់​ដែល​នៅ​រស់​បាន​បណ្តាល​ឲ្យ​ប៉ូលិស​ចំនួន ២នាក់​រងរបួស​ស្រាល។

ការ​បាញ់ ត​គ្នា​នៅ​មុន​ការ​ផ្ទុះ​នេះ​ក៏​ត្រូវ​បាន​ចាក់​ផ្សាយ​ដោយ​ទូរទស្សន៍​ឯកជន​ឈ្មោះ NTV ជាមួយ​នឹង​ការ​បង្ហាញ​ទីតាំង​កើត​ហេតុ​ដែល​ត្រូវ​បាន​បិទខ្ទប់ និង​មាន​វត្តមាន​ឡានប៉ូលិស រួម​ទាំង​ឡានពេទ្យ​ជា​ច្រើន​គ្រឿង។ ចំណែក​នៅ​ក្នុង​វីដេអូ​មួយ​ផ្សព្វផ្សាយ​ដោយ AFP សំឡេង​ផ្ទុះ​បាន​លាន់​ឮ​ច្រើន​គីឡូម៉ែត្រ​ពី​ទីកន្លែង​កើត​ហេតុ​ជាមួយ​នឹង​អណ្តាតភ្លើង​ខ្ពស់​ត្រដែត។ ដោយឡែក ស្នងការដ្ឋាន​ប៉ូលិស​ក្រុង​អង់ការ៉ា​បាន​អំពាវនាវ​ពលរដ្ឋ​កុំ​ឲ្យ​ជ្រួលច្របល់។ ចំណែក​មហាអយ្យការ​ក្រុង​អង់ការ៉ា​បាន​ប្រកាស​បើក​ការ​ស៊ើបអង្កេត និង​ដាក់​បម្រាម​មិន​ឲ្យ​ចូល​ទៅ​កាន់​ទីកន្លែង​កើតហេតុ។

មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ចលនា ឬ​ជន​ណា​ចេញ​សារភាព​ជា​ស្នាដៃ​របស់​ខ្លួន​ទេ។ គេ​គ្រាន់​តែ​ដឹង​ថា ភេរវកម្ម​អត្តឃាត​បាន​កើត​មាន​ឡើង​នៅ​ប៉ុន្មាន​ម៉ោង​មុន​នឹង​សភា​បើក​សម័យ​ប្រជុំ។ នៅ​ក្នុង​សម័យប្រជុំ​នោះ សភា​ត្រូវ​អនុម័ត​លើ​កិច្ចព្រមព្រៀង​យល់ព្រម​ឲ្យ​ប្រទេស​ស៊ុយអែត​ចូល​ជា​សមាជិក​អង្គការ​អូតង់។ គួរ​បញ្ជាក់​ថា​នៅ​ក្នុង​រឿង​ស៊ុយអែត​សុំ​ចូល​អូតង់​នេះ តួកគី​ដែល​ជា​សមាជិក​អូតង់​ម្នាក់​បាន​រារាំង​ដោយ​ចោទ​ស៊ុយអែត​ពី​បទ​មាន​សមានចិត្ត​ចំពោះ​ពួក​ភេរវជន និង​ចលនា​គួដឌីស្ថាន PKK នៅ​តួកគី។ តើ​រឿងរ៉ាវ​មួយ​នេះ​មាន​ជាប់ពាក់ព័ន្ធ​នឹង​ភេរវកម្ម​អត្តឃាត​ពេល​នេះ​ដែរ ឬ​ទេ។ គេ​ត្រូវ​រង់ចាំ​លទ្ធផល​ស៊ើបអង្កេត​ជា​មុន​សិន។

អ្វី​ដែល​គេ​អាច​និយាយ​បាន ក្រុង​អង់ការ៉ា​បាន​ស្គាល់​អំពើ​ហិង្សា​ភេរវកម្ម​ច្រើន​ដង​ក្នុង​ចន្លោះ​ឆ្នាំ ២០១៥ និង​ឆ្នាំ ២០១៦ ដែល​បង្ក​ឡើង​អង្គការ​រដ្ឋអ៊ីស្លាម ឬ​ដោយ​ក្រុម​អ្នកទាមទារ​ផ្តាច់ទឹកដី​និយម​គួដឌីស្ថាន PKK៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ