អានតួអត្ថបទ

អាមេនីអំពាវនាវឲ្យ​​អ.ស.ប. ​បញ្ជូន​ក្រុម « បេសកកម្ម​ឃ្លាំមើលសន្តិភាព » ​ទៅ​តំបន់ការ៉ាបាក់

អាមេនី-អាស៊ែបៃហ្សង់ – បន្ទាប់ពីបាន​បើក​ប្រតិបត្តិ​កងទ័ព​ បានជោគជ័យ​នៅតំបន់ការ៉ាបាក់ កងទ័ពអាស៊ែរបៃហ្សង់ បានអះអាងថានឹងបន្ត​យុទ្ធនាការគ្រប់គ្រងតំបន់នេះទាំងស្រុង ដោយ​តម្រូវ​ឲ្យ​ក្រុម​ផ្តាច់ទឹកដីអាម៉េនី ត្រូវទំលាក់អាវុធចោលឲ្យអស់ ទៅតាមកិច្ចព្រមព្រៀង​​​។ នៅអង្គមហា​​សន្និបាត នៃអង្គការសហប្រជាជាតិ​​ កាលពី​ថ្ងៃទី​សៅរ៍​ទី​២៣​កញ្ញា​ លោករដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេនី បានឡើងថ្លែងអំពាវនាវ ឲ្យ​អង្គការ​សហប្រជាជាតិ​​ ត្រូវបញ្ជូន​ក្រុមបេសកកម្ម​ឃ្លាំមើលសន្តិភាព ទៅតំបន់ការ៉ាបាក់ ដោយ​បារម្ភ​ថា​អាជ្ញាធរអាស៊ែបៃហ្សង់ អាចនឹងធ្វើសកម្មភាព​បោសសំអាតជាតិសាសន៍​​នៅតំបន់នេះ​។

រូបភាពផ្សាយដោយ​ក្រសួងការពារជាតិអាស៊ែបៃហ្សង់៖ ប្រជាជនអាមេនី​នៅតំបន់ការ៉ាបាក់ កំពុងចូលទៅកាន់​ជំរំភៀសខ្លួន​ជិត​ក្រុង Stepanakert ក្រោមក្រសែភ្នែក​របស់​កងកម្លាំងរុស្ស៊ី ។ តំបន់ការ៉ាបាក់ ថ្ងៃទី​២១កញ្ញា ២០២៣
រូបភាពផ្សាយដោយ​ក្រសួងការពារជាតិអាស៊ែបៃហ្សង់៖ ប្រជាជនអាមេនី​នៅតំបន់ការ៉ាបាក់ កំពុងចូលទៅកាន់​ជំរំភៀសខ្លួន​ជិត​ក្រុង Stepanakert ក្រោមក្រសែភ្នែក​របស់​កងកម្លាំងរុស្ស៊ី ។ តំបន់ការ៉ាបាក់ ថ្ងៃទី​២១កញ្ញា ២០២៣ AP
ផ្សាយពាណិជ្ជកម្ម

លោក Ararat Mirzoyan រដ្ឋមន្ត្រីការបរទេសអាមេនី បាន​លើកឡើងថា សហគមអន្តរជាតិ​ត្រូវ​ខិតខំប្រឹងប្រែង រួមគ្នា​​សម្រេច​បញ្ជូន​ក្រុមបេសកម្ម​អន្តរជាតិ​ពិសេសមួយ ទៅ​កាន់​តំបន់ការ៉ាបាក់​ឲ្យ​បានឆាប់បំផុត ដើម្បី​ឃ្លាំមើល​ និង​វាយ​តម្លៃការគោរពសិទ្ធិ​មនុស្ស​ ព្រមទាំងស្ថានភាព​មនុស្សធម៌ និង​សន្តិសុខផ្ទាល់​នៅទីនោះ។ ជាថ្មីម្តងទៀត តំណាង​រដ្ឋាភិបាល​អាមេនី​រូបនេះ បាន​ថ្លែងការបារម្ភ​ ​​ដោយ​ចោទថា រដ្ឋាភិបាល​អាស៊ែបៃហ្សង់ មានចេតនាបោសសំអាតជាតិសាសន៍​ ពោលគឺបណ្តេញ​ប្រជាជន​អាមេនីម្ចាស់ស្រុក ឲ្យ​ចេញ​ឲ្យ​អស់​ពី​តំបន់ការ៉ាបាក់​។​

គួរបញ្ជាក់ថា ប៉ុន្មានម៉ោងមុន​តំណាងរដ្ឋាភិបាលអាមេនីឡើងថ្លែងសារនេះ លោករដ្ឋមន្ត្រី​ក្រសួងការបរទេសអាស៊ែបៃហ្សង់ក៏បាន​ឡើងថ្លែងសារដែរ ទៅកាន់អង្គមហាសន្និបាត ដោយ​បាន​អះអាងថា ​អាជ្ញាធរអាស៊ែបៃហ្សង់ នឹង​ចាត់ទុក​ប្រជាជន​អាមេនីនៅតំបន់​ការ៉ាបាក់ ស្មើភាពគ្នាជាមួយ​ប្រជាជនអាស៊ែបៃហ្សង់​។​ មន្ត្រីអាស៊ែបៃហ្សង់រូបនេះអះអាងទៀតថា អាស៊ែបសៃហ្សង់មានរដ្ឋធម្មនុញ្ញ មានច្បាច់រដ្ឋ និង​គោរព​ការកាតព្វកិច្ច ក្នុ​ងក្របខណ្ឌច្បាប់​អន្តរជាតិ​។​

សូមរំលឹកថា កាលពី​ថ្ងៃទី​១៩កញ្ញា ​កងទ័ពអាស៊ែបៃហ្សង់​បានបើកប្រតិបត្តិ​ការ​កងទ័ព វាយប្រហារយ៉ាងដំណំទៅ​លើកង​កម្លាំង​បំបែកទឹកដីអាមេនី នៅតំបន់​ការ៉ាបាក់ បណ្តាលឲ្យ​ស្លាប់​មនុស្ស​ប្រមាណ​២០០នាក់ និង​របួងជិត​៥០០នាក់​។ ២៤ម៉ោងក្រោយ​មក កងកម្លាំងបំបែកទឹកដី​អាមេនី​ បាន​លើកទង់សចុះចាញ់ ហើយ​យល់ព្រមទំលាក់អាវុធទាំងស្រុង។​ ការចរចារ​វាង​ភាគី​ទាំងសងខាង បានចាប់ផ្តើម​កាលពីថ្ងៃទី​២១កញ្ញា ដើម្បី​និយាយអំពីអនាគត​នៃតំបន់ការ៉ាបាក់។ ថ្ងៃសៅរ៍ទី​២៣កញ្ញា អាជ្ញាធរ​អាស៊ែបៃហ្សង់ បាន​ផ្សព្វផ្សាយ​រូបភាពជាច្រើន បង្ហាញថាខ្លួនសហការជាមួយកងកម្លាំងរុស្ស៊ី ដើម្បី​ប្រមូល​អាវុធ​គ្រប់ធន់ ពីដៃ​ក្រុម​បំបែកទឹកដី​អាមេនី។

យ៉ាងណាក៏ដោយ យោងតាមប្រភពព័ត៌មានជាច្រើន គឺមានការព្រួយបារម្ភជាខ្លាំងអំពី​ស្ថានភាព​មនុស្ស​ធម៌ ខណៈប្រជាជននៅតំបន់ការ៉ាបាក់ កំពុងរស់​នៅ​ក្នុង​ការលក្ខខណ្ឌដ៏លំបាក គ្មានចរន្តអគ្គិសនី និងគ្មានស្បៀងអាហារ។ ផ្អែកតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក គឺលោក អង់តូនី ប្លីងកិន បាន​ទូរស័ព្ទទៅនិយាយជាមួយ​លោក​នាយករដ្ឋមន្ត្រី​អាមេនី ដោយ​លោក​​បានថ្លែង​ការបារម្ភ អំពីស្ថានភាព​សន្តិសុខនិងអាយុជីវិតរបស់​ប្រជាជនអាមេនី​ នៅតំបន់ការ៉ាបាក់។

ដោយ​ឡែក​ ដើម្បីបង្ហាញបំណងល្អរបស់ខ្លួន អាជ្ញាធរ​អាស៊ែបៃហ្សង់ បាន​អនុញ្ញាតឲ្យ​ក្បួនរថយន្ត របស់អង្គការកាកបាទក្រហមអន្តរជាតិ ដឹកស្បៀងចំនួន​ប្រមាណ​៧០តោន ជាលើកដំបូង កាលពីរសៀលថ្ងៃសៅរ៍ទី​២៣កញ្ញា ចូលទៅកាន់តំបន់ការ៉ាបាក់ ដោយ​ឆ្លងកាត់ច្រក Latchine ដែលជា​ច្រក​ពុះចែក ​រវាងតំបន់ការ៉ាបាក​​និងព្រំដែនអាមេនី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ