អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

អ៊ុយក្រែនប្រកាស​​តែង​តាំង​រដ្ឋមន្ត្រីការពារ​ជាតិ​ថ្មី​ ចំ​ពេល​រុស្ស៊ី​សម្រុក​វាយប្រហារដោយ​ដ្រូន

ក្នុង​ខណៈ​ដែល​នៅ​លើ​សមរភូមិ រុស្ស៊ី​​បាន​បញ្ជា​ដ្រូន​យ៉ាង​សន្ធាប់​មក​វាយប្រហារ​លើ​​ភាគ​ខាង​ត្បូង​អ៊ុយក្រែន ត្រូវ​ចំ​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ នៅរដ្ឋធានី​មាន​ការ​ប្តូរ​ផ្លាស់​ក្បាល​ម៉ាស៊ីន​ដឹកនាំ​យោធា។ រ៉ូស្ទឹម អ៊ូមេរូហ្វ Roustem Oumerov នឹង​ក្លាយ​ជា​រដ្ឋមន្ត្រីការពារជាតិ​អ៊ុយក្រែន​ថ្មី​ ដែល​ប្រកាស​តែង​តាំង​ដោយ​លោកប្រធានាធិបតី​​ហ្សេឡេស្គី នៅ​យប់​ថ្ងៃ​អាទិត្យ​ទី ៣​កញ្ញា។ តើ​រដ្ឋមន្ត្រីការពារជាតិ​ថ្មីនេះ​​ជា​នរណា?

ប្រធានាធិបតី​អ៊ុយក្រែន​ប្រកាស​តែង​តាំងរដ្ឋមន្ត្រីការពារជាតិ​ថ្មី
ប្រធានាធិបតី​អ៊ុយក្រែន​ប្រកាស​តែង​តាំងរដ្ឋមន្ត្រីការពារជាតិ​ថ្មី via REUTERS - UKRAINIAN PRESIDENTIAL PRESS SER
ផ្សាយពាណិជ្ជកម្ម

សំណុំ​រឿង​អាស្រូវ​ពុករលួយ​ក្នុង​ក្រសួង​ការពារ​ជាតិ​បាន​លេច​ឮ​យូរ​ខែ​មក​ហើយ។ កាលពី​ខែ​សីហា​ ប្រធានាធិបតី​ហ្សេឡេស្គី បាន​ទម្លាក់​អ្នក​ទទួល​ខុស​ត្រូវ​តំបន់ជា​ច្រើន​នាក់​ ផ្នែក​ទទួល​បន្ទុក​រើស​ទាហាន​ ដើម្បី​គាស់​រំលើង​អំពើ​ពុករលួយ​ឱ្យ​ដល់​ឬសគល់​។ រឿង​អាស្រូវ​នេះបាន​ធ្វើ​ឱ្យរដ្ឋ​មន្ត្រី​ការពារ​​ជាតិ​លោក អូឡេកស៊ី រ៉េស្នីកូវ ចុះ​ខ្សោយ​យ៉ាង​ខ្លាំង​ ទោះ​ប្រធានាធិបតី​នៅ​តែបន្ត​ផ្តល់​​ទំនុកចិត្តឱ្យ​ដឹកនាំ​ក្រសួងប្រកប​ដោយ​ស្នាដៃ​​អស់​រយៈ​ពេល​៥៥០​ថ្ងៃ​នៃ​សង្គ្រាម។ គឺ​ទើប​តែ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ដែល​រដ្ឋមន្ត្រីការពារជាតិ​ចាស់បាន​ដាក់​ពាក្យ​សុំលា​លែង​ចេញ​ពី​តំណែង​ ​ចំពោះ​មុខ​សភា​អ៊ុយក្រែន បន្ទាប់​ពីលោក​ហ្សេឡេនស្គី​បានសម្រេច​ធ្វើការ​ប្តូរផ្លាស់​ ដោយ​​ប្រកាស​តែង​តាំងលោក​​ រ៉ូស្ទឹម​ អ៊ូមេរូហ្វ ប្រធាន​មូលនិធិសម្បត្តិរដ្ឋ​ -​​អតីត​តំណាងរាស្ត្រ​ក្រុម​​តាតារ​ជនជាតិដើម​​ភាគ​តិចនៅគ្រីមេ ជាអនាគត​​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថ្មី។

ក្នុង​វ័យ​៤១​ឆ្នាំ​ កើត​នៅ​រដ្ឋ​អ៊ូបេគីស្តង់ ពេល​គ្រួសារ​រត់​គេច​ពីរ​បប​ស្តាលីន។ ក្រុមគ្រួសារ​និង​រូប​លោក​ផ្ទាល់ដែល​នៅ​ជា​កុមារ​នៅ​ឡើយ​​បាន​ទៅ​តាំង​ជីវិត​នៅ​គ្រីមេ ពេល​សហគមន៍​តាតារ​បើក​ទ្វារ​ទទួល​អ្នក​ក្រៅ​ឱ្យ​ចូល​រស់​នៅ​ ក្នុង​អំឡុង​ឆ្នាំ​១៩៨០-៩០។ រ៉ូស្ទឹម អ៊ូមេរូហ្វ ផ្តើម​អាជីព​ក្នុង​វិស័យ​ឧស្សាហកម្ម​ទូរគមនាគមន៍ នៅឆ្នាំ​២០០៤ និងក្លាយ​ជា​សមាជិកសភា​នៅគ្រីមេ នៅ​ឆ្នាំ​២០១៩។ នៅសភា​ លោករ៉ូស្ទឹម អ៊ូមេរូហ្វ ជា​សហប្រធាន​ក្រុម​គ្រីមេ ដែល​ទទួល​បន្ទុក​សម្របសម្រួល​ការទូត​នៅលើ​ឆាក​អន្តរជាតិ និង​តំណាង​ឱ្យ​ក្រុង​កៀវ​រាល់​គ្រប់​ការ​ចរចារសើបៗជាមួយ​ម៉ូស្គូ ដែល​ចូល​​ឈ្លានពាន​ក្រសោបយក​គ្រីមេ​ទៅ​ធ្វើ​ជា​រណប​នៅ​ឆ្នាំ​២០១៤។

ក្រោយពី​​រុស្ស៊ី​ក្រសោប​យក​គ្រីមេ​ក៏ដូច​ជា​ក្រោយ​ពេល​រុស្ស៊ី​បើក​ប្រតិបត្តិការ​យោធា​ចូល​ឈ្លានពាន​អ៊ុយក្រែន​នៅ​ខែ​កុម្ភៈ​២០២២ លោក រ៉ូស្ទឹម​ អ៊ូមេរូហ្វ តែង​ចូល​រួម​ចរចា​ដោយ​សម្ងាត់​ជាមួយ​ម៉ូស្គូ មាន​ជាអាទិ៍​ការ​ចរចា​ផ្តោះប្តូរ​អ្នក​ទោស ឬ​ជម្លៀស​ជនស៊ីវិល និងការ​ចរចា​ដឹកនាំ​ដោយ​អង្គការ​សហប្រជាជាតិ​និង​តួកគី ដើម្បី​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន​ តាមច្រក​​សមុទ្ទ​ខ្មៅ។

ការ​តែង​តាំង​ជា​រដ្ឋមន្ត្រីការពារ​ជាតិ​ថ្មី​នេះ ក៏​ប្រព្រឹត្ត​ទៅ​ជួន​ចំពេល​នៅ​លើ​សមរភូមិ រុស្ស៊ី​បាន​បើក​ការ​វាយប្រហារ​ដោយ​ដ្រូន​យ៉ាង​សន្ធាប់​លើតំបន់​ទំនាបទន្លេ​ដាណូប ​​ភាគ​ខាង​ត្បូង​ឆៀង​ខាង​លិចប្រទេស​​ ជិត​ព្រំដែន​ជាមួយ​ប្រទេស​រ៉ូមានី ដែល​ជា​បណ្តុំ​មណ្ឌល​ឧស្សាហកម្ម កំពង់ផែ​និងរចនា​សម្ព័ន្ធ​​ពាណិជ្ជកម្ម​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ