អានតួអត្ថបទ
រុស្ស៊ី-តួកគី-គ្រាប់ធញ្ញជាតិ

ប្រធានាធិបតី​តួកគី​ទៅរុស្ស៊ី​ដើម្បីលួង​លោក​ពូទីន​ឱ្យ​ព្រម​គោរព​កិច្ចព្រមព្រៀង​ធញ្ញជាតិ​វិញ

រដូវ​ច្រូត​កាត់​ជិត​មក​ដល់​ លោក អ៊ែរដូហ្កាន ប្រធានាធិបតី​តួកគី​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​មាត់​សមុទ្ទ​​របស់​​​រុស្ស៊ី​នា​ថ្ងៃ​ចន្ទទី​៤​កញ្ញា​​នេះ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន។ លោក អ៊ែរដូហ្កាន​ចង់​ទៅ​បញ្ចុះ​បញ្ចូល​លោក​ពូទីន​ឱ្យ​ត្រលប់​មក​គោរព​​កិច្ចព្រមព្រៀង​នាំ​ចេញ​គ្រាប់ធញ្ញជាតិ​អ៊ុយក្រែន តាម​ច្រក​សមុទ្ទ​ខ្មៅ​ ដែល​រុស្ស៊ី​បាន​ដក​ខ្លួន​ចេញ​កាលពី​ខែ​កក្កដា។

ប្រធានាធិបតី​តួកគី​ទៅរុស្ស៊ី​ដើម្បីលួង​លោក​ពូទីន​ឱ្យ​ព្រម​គោរព​កិច្ចព្រមព្រៀង​ធញ្ញជាតិ​វិញ
ប្រធានាធិបតី​តួកគី​ទៅរុស្ស៊ី​ដើម្បីលួង​លោក​ពូទីន​ឱ្យ​ព្រម​គោរព​កិច្ចព្រមព្រៀង​ធញ្ញជាតិ​វិញ Pavel Golovkin/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

ពេល​អញ្ជើញ​ទៅ​ដល់​ក្រុង​សុតឈី លោក​អ៊ែរដូហ្កាន បាន​​​សន្យា​ថា​នឹង​ចេញ​សេចក្តី​ប្រកាស​ដ៏​សំខាន់​មួយ​ស្តីពីការ​នាំ​ចេញ​ធញ្ញជាតិ​អ៊ុយក្រែន ក្រោយ​ពេល​ជួប​លោក​ពូទីនដែល​​​អះអាង​នឹង​បើក​ចំហ​ឱ្យ​មាន​ការចរចា​គ្នា។

​ជំនួប​លើក​ទី​មួយ​ គិត​ចាប់​តាំង​ពី​ខែ​តុលា​ឆ្នាំ​២០២២​មក រវាង​លោក​អ៊ែរដូហ្កាន​និង​លោក​ពូទីន បានប្រព្រឹត្ត​ទៅចំពេល​​​កង​កម្លាំង​រុស្ស៊ី​កំពុង​ប្រឹង​ទប់ទល់​នឹង​​ប្រតិបត្តិការវាយបក​ដណ្តើម​យក​ទឹក​ដី​វិញ ដែ​ល​ហាក់​ដូច​ជា​ចាប់​ផ្តើម​មាន​ប្រៀប​ខ្លាំង​​នៅ​ភាគ​ខាង​ត្បូង។

ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ដ៏​កម្រ​ម្នាក់​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​លោក​ពូទីន និង​កាន់​តែ​ល្អូកល្អើន​តាំង​ពី​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​នៅ​ថ្ងៃទី ២៤កុម្ភៈ​២០២២​មក  ​លោក អ៊ែរដូហ្កាន សង្ឃឹម​ថា​ការ​ជួប​ពិភាក្សា​ជាមួយ​សមភាគី​រុស្ស៊ី​ស្តីអំពី​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន​ ដែលអម​ដំណើរ​ជាមួយ​ដោយ​រដ្ឋមន្ត្រីការបរទេស ការពារជាតិ ហិរញ្ញវត្ថុ​និង​ថាមពលផងនេះ ​ជា​ឈ្នាន់​នាំ​ទៅ​រក​ការចរចា​សន្តិភាព​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី។ ប៉ុន្តែ​បំណង​ប្រាថ្នា​របស់​តួកគី​ជួប​ភាព​ស្មុគស្មាញ​ច្រើន។

​ការ​សម្រេច​បន្ថយ​និងពន្យារ​ពេល​បង់​ថ្លៃហ្កាស បានសម្រួល​​ដង្ហើម​សេដ្ឋកិច្ច​តួកគី។ ឯតួកគី​​បដិសេធ​មិន​ចូល​ដៃ​ជាមួយ​ក្រុម​លោក​ខាង​លិច​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​ហើយស្វាគមន៍​ពលរដ្ឋ​រុស្ស៊ី​ដែល​ចង់​បាន​ផលិតផល​ប្រណិតៗ​និង​សេវា​ល្អៗ​ទៀត។ ប៉ុន្តែ​តួកគី​បាន​ជួយ​ផ្គង់ផ្គង់​អាវុធ​ដល់​អ៊ុយក្រែន​និង​គាំទ្រ​ឱ្យ​អ៊ុយក្រែន​ចូល​ជា​សមាជិក​អូតង់ ជាហេតុ​ធ្វើ​ឱ្យ​រុស្ស៊ី​ខឹង​ខ្លាំង។ ទីបំផុត អ៊ុយក្រែន​ក៏​ដូច​ជា​រុស្ស៊ី ចង់​ឱ្យ​​លោក​អ៊ែរដូហ្កាន​ខិត​ខំ​ប្រឹង​ប្រែង​គាំទ្រ​ជាពិសេស​ត្រឹម​ការ​នាំ​ចេញគ្រាប់​​ធញ្ញជាតិអ៊ុយក្រែន​ ដែល​ចាំបាច់​ខ្លាំង​សម្រាប់​ផ្គត់ផ្គង់ស្បៀង​អាហារ​ពិភពលោក​​​។

រុស្ស៊ី​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​ធញ្ញជាតិ​នេះ កាលពី​ខែ​កក្កដា និង​បាន​គំរាម​វាយប្រហារ​លើ​នាវា​ណា​ដែល​ចេញ​ដំណើរ​ពីកំពង់ផែ​អ៊ុយក្រែន​នៅសមុទ្ទ​ខ្មៅ។ រុស្ស៊ី​ថែម​ទាំង​បាន​បង្កើន​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​យ៉ាង​ខ្លាំង​លើ​រចនា​សម្ព័ន្ធ​កំពង់​ផែ​អ៊ុយក្រែន​ទៀត តាំងពី​ពេល​នោះ​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ