អានតួអត្ថបទ
ក្រិក-ភ្លើងឆេះព្រៃ

ភ្លើងឆេះព្រៃនៅក្រិក​៖ អាជ្ញាធរបន្តការប្រុងប្រយ័ត្ន ថ្វីបើស្មានការណ៍​បាន​ល្អប្រសើរបនិ្តច

ក្រិកបានរងគ្រោះដោយភ្លើងឆេះព្រៃ រាលដាលប្រមាណ២សប្តាហ៍​កន្លងមកនេះ​ នៅតាម​កោះទេសចរណ៍ជាច្រើន​។ ទេសចរណ៍​ប្រមាណ​៣ម៉ឺននាក់ ត្រូវបាន​ជម្លៀសចេញ ហើយ​កកកុញ​នៅតាមព្រលានយន្តហោះនានា។ គិតត្រឹមថ្ងៃសៅរ៍​នេះ អាជ្ញាធរនិងក្រុមពន្លត់អគ្គីភ័យក្រិក បានអះអាងថា ស្ថានការណ៍បាន​ល្អប្រសើរបន្តិចហើយ ដោយគេបានទប់កុំ​ឲ្យ​រាលដាលទៅមុខ។ តែយ៉ាងណា​ គេនៅបន្តតាមដាន​យ៉ាងប្រុងប្រយ័ត្ន​បំផុត។

បុរសម្នាក់​ឈរមើលភ្លើងដែលឆេះរាលដាល មកក្បែរភូមិរបស់ខ្លួន ដោយ​មិន​អាចធ្វើអ្វីបាន​។ កោះ Rhodes ប្រទេស​ក្រិក ថ្ងៃទី​២៦កក្កដា២០២៣
បុរសម្នាក់​ឈរមើលភ្លើងដែលឆេះរាលដាល មកក្បែរភូមិរបស់ខ្លួន ដោយ​មិន​អាចធ្វើអ្វីបាន​។ កោះ Rhodes ប្រទេស​ក្រិក ថ្ងៃទី​២៦កក្កដា២០២៣ AP - Petros Giannakouris
ផ្សាយពាណិជ្ជកម្ម

ក្នុងរយៈពេល​២សប្តាហ៍ តំបន់​ខ្លះនៅលើកោះក្រិក ត្រូវបាន​ភ្លើងឆេះ​រោលរាល។ ក្នុងចំណោម​ទីតាំងភ្លើងព្រៃទាំងអស់​ ចំនួនប្រមាណ​៦៦០ គឺមានជាង​១០ ដែលបានឆេះរាលដាល​ទប់មិនឈ្នះ បង្កឲ្យ​មានការភ័យជ្រួលច្របល់ ជម្លៀសមនុស្ស​យ៉ាងអាសន្ន​បំផុត។ នៅលើកោះរ៉ូដស៍ ដែលជាកោះទេសចរណ៍ដ៏សំខាន់មួយរបស់​ក្រិក គេបានជម្លៀស​អ្នកទេសចរចំនួន​ប្រមាណ​៣ម៉ឺននាក់ ខណៈភ្លើងបានចាប់ផ្តើមឆេះរាល មក​ដល់​ដីភូមិផ្ទះសម្បែង និងសណ្ឋាគារ​ខ្លះផងនៅមាត់ឆ្នេរសមុទ្រ​។

ផ្អែកតាម​អ្នកនាំពាក្យ​អាជ្ញាធរពន្លត់អគ្គីភ័យ​ក្រិក គិតត្រឹមថ្ងៃសៅរ៍នេះ ស្ថានការណ៍​បានល្អប្រសើរបន្តិច ដោយសារសីតុណ្ហភាពបានថយកំដៅ ហើយ​ដោយ​មានការជួយ​សហការពន្លត់យ៉ាងសកម្ម ពី​ក្រុម​ពន្លត់អគ្គីភ័យ​មកពីបណ្តាប្រទេសផ្សេងទៀតនៅអឺរ៉ុប។ តែយ៉ាងណា ក្រុមការងារ​នៅតែបន្តប្រុងប្រយ័ត្ន ដើម្បីទប់​និងកាត់ផ្តាច់​ការឆេះរាលដាល​។ ដោយឡែក នៅតំបន់Volos ភាគកណ្តាល​ក្រិក ភ្លើងបានឆាបឆេះដល់​បន្ទាយទាហានមួយកន្លែង និងបានឆេះឃ្លាំងគ្រាប់ បណ្តាលឲ្យ​មានសំឡេងផ្ទុះកក្រើក បង្កការភ័យជ្រួលច្រលប់​កាលពីថ្ងៃព្រហស្បតិ៍។

ផ្អែកតាមអាជ្ញាធរឃ្លាំមើល​នៅក្រុងអាតែន គិតត្រឹមថ្ងៃសុក្រទី​២៨កក្កដា ភ្លើងបានឆាបឆេះព្រៃក្នុងទំហំ ៥ម៉ឺនហិកតា ទូទាំងប្រទេស។ យោងតាមអាជ្ញាធរក្រិក ក្រៅពី​ឆេះផ្ទះសម្បែងប្រជាជន និងសម្លាប់សត្វជាច្រើនក្បាល​ ភ្លើងព្រៃបាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្សចំនួន​៥នាក់។​ លោករដ្ឋមន្ត្រីក្រសួងការពារប្រជាជនក្រិក បានលាឈប់ពីតំណែង កាលពីថ្ងៃសុក្រ​។

គួរបញ្ជាក់ថា អ្នកជំនាញ​បរិស្ថាននិងអាកាសធាតុ បានបង្ហាញការព្រួយបារម្ភជាខ្លាំង ស្តីអំពីលំនឹងតុល្យភាពនៃ​ប្រព័ន្ធជីវចម្រុះនៅក្រិក ខណៈដែលពីមួយឆ្នាំ​ទៅមួយឆ្នាំ ភ្លើងឆេះព្រៃកាន់ទេគំរាមខ្លាំងឡើងៗ ដោយសារតែសីតុណ្ហភាពក្តៅខ្លាំង។ យោងតាម​អង្គការ WWF កាលពី២ឆ្នាំមុន ព្រៃឈើនិង​រុក្ខជាតិ ក្នុងផ្ទៃដីទំហំប្រមាណ​ ១៣ម៉ឺនហិកតា ត្រូវបាន​ភ្លើងលេបត្របាក់រួចហើយ។ ករណីឆាបឆេះកាន់តែញឹកញាប់ ធ្វើឲ្យរុក្ខជាតិ​មិនអាច​លូតលាស់ទាន់នោះទេ ហើយផ្ទៃដី​នឹងក្លាយជាវាលរហោរស្ថាន កាន់តែប្រឈមនឹងសីតុណ្ហភាពក្តៅហួតហែង។

យ៉ាងណាមិញ យោងតាមអង្គការសហប្រជាជាតិ ខែកក្កដាឆ្នាំ​២០២៣នេះ គឺជាខែកក្កដាដ៏ក្តៅ​ហួតហែងបំផុត មិនធ្លាប់​មានទេ ក្នុងប្រវត្តិសាស្ត្រមនុស្ស​ជាតិ​។ លោកអង់តូនីញ៉ូ ហ្គូតទែរស៍ បាន​លើក​ឡើងថា ភពដែនដីយើង​កំពុងតែ​រំកិលចូល​សម័យកាលមួយដ៏​ក្តៅ​ងំ​ ប្រៀបបានបីដូចជាទឹកកំពុងពុះកញ្ជ្រោល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ