អានតួអត្ថបទ
អ៊ីរ៉ាក់-ស៊ុយអែត

អ៊ីរ៉ាក់​បណ្តេញ​​​ឯកអគ្គរដ្ឋ​ទូត​ស៊ុយអែត​​ចេញ​ពី​ក្រុង​បាកដាដ

នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់លោក មហាម៉េដ​ឆាអាល់ស៊ូដានី បាន​ចេញ​បញ្ជា​នៅថ្ងៃព្រហស្បតិ៍​ទី ២០​កក្កដា​២០២៣​នេះ ឱ្យ​​ឯកអគ្គរដ្ឋ​ទូត​ស៊ុយអែត​ប្រចាំ​ក្រុង​បាកដាដចាក​​ចេញ​ទឹក​ដីអ៊ីរ៉ាក់។ ហើយ​ក្នុង​ពេលទន្ទឹម​គ្នា​ អ៊ីរ៉ាក់​ក៏​បាន​កោះ​ហៅអ្នក​ទទួល​បន្ទុក​កិច្ចការ​អ៊ីរ៉ាក់​ប្រចាំ​ក្រុង​ស្តុកខុមឱ្យ​ត្រលប់​ចូល​ស្រុក​វិញ។ តើ​មាន​មូលហេតុ​អ្វី​ដែល​ជំរុញ​ឱ្យ​មានការ​បណ្តេញ​មន្ត្រីការទូត​ដូច្នេះ?!

បាតុករ​អ៊ីរ៉ាក់​ចូល​លុកលុយ​និង​ដុត​ស្ថានទូត​ស៊ុយអែត​នៅក្រុង​បាកដាដ ថ្ងៃទី ២០​កក្កដា​២០២៣
បាតុករ​អ៊ីរ៉ាក់​ចូល​លុកលុយ​និង​ដុត​ស្ថានទូត​ស៊ុយអែត​នៅក្រុង​បាកដាដ ថ្ងៃទី ២០​កក្កដា​២០២៣ REUTERS - AHMED SAAD
ផ្សាយពាណិជ្ជកម្ម

ក្រៅ​​ពី​​បណ្តេញរូប​លោកស្រី​​ឯកអគ្គរដ្ឋ​ទូតឱ្យ​ចាក​​ចេញពី​​បាកដាដ ស្ថានទូត​ស៊ុយអែតផ្ទាល់​ក៏​រង​ការដុត​បំផ្លិច​បំផ្លាញ​យ៉ាង​ខ្លាំង​នៅព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ​ ក្នុង​ពេលមាន​​បាតុកម្មមួយ​​ដែល​រៀប​ចំឡើង​ដោយ​សកម្មជន​របស់​ប្រមុខ​សាសនា​Moqtada Sadr។ ​​ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​អ៊ីរ៉ាក់​ព្យួរ​អាជ្ញាបណ្ណ​ ​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​ស៊ុយអែត Ericsson មិន​ឱ្យ​ធ្វើ​ពាណិជ្ជកម្មក្នុង​ទឹក​ដី​អ៊ីរ៉ាក់ទេ។

បើ​តាម​សេចក្តី​ថ្លែងការណ៍ សេចក្តី​សម្រេច​ចិត្ត ​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់​ធ្វើឡើងដោយហេតុ​តែ​មាន​ហេតុការណ៍​ជេរ​ប្រមាថ​ និង​ដុត​បំផ្លាញ​គម្ពី​​សាសនា​អ៊ីស្លាម កូរ៉ង់ និង​ទង់ជាតិ​អ៊ីរ៉ាក់ម្តង​ហើយ​ម្តង​ទៀត​នៅ​ស៊ុយអែត ដោយមាន​កា​រអនុញ្ញាត​​ពី​រដ្ឋាភិបាល​ស៊ុយអែត។ ​កាលពី​ថ្ងៃ​ទី ២៨មិថុនា ចំថ្ងៃ​បុណ្យ​ដ៏​ធំ​របស់​សាសនា​អ៊ីស្លាម ជនភៀសខ្លួន​ដើម​កំណើត​អ៊ីរ៉ង់​ សាលវ៉ាន់ ម៉ូម៉ីកា ​បាន​ដុត​គម្ពីរកូរ៉ង់អស់​​ពីរបី​សន្លឹក​ម្តង​ នៅ​មុខ​វិហារអ៊ីស្លាម​នៅក្រុង​ស្តុកខុម។ ​នៅថ្ងៃ​ព្រហស្បតិ៍​ទី ២០​កក្កដា​ បុរសដដែល​នេះ​បាន​រៀប​ចំ​ប្រមូល​ផ្តុំគ្នា​ជាច្រើន​នាក់​ទៀត ​យក​គម្ពី​រ​សាសនា​និង​ទង់ជាតិ​អ៊ីរ៉ង់​មក​ជាន់​ឈ្លី​នៅមុខ​ស្ថានទូត​អ៊ីរ៉ាក់​ប្រចាំ​ទីក្រុង​ស្តុមខុម តែ​មិន​បាន​ដុត​បំផ្លាញ​ដូច​គម្រោង​ប្រកាស​តាម​បណ្តាញ​សង្គម​ទេ។ ​តែសម្រាប់​​​រដ្ឋាភិបាល​អ៊ីរ៉ាក់នេះ​ជា​ទង្វើ​បែប​បង្កហេតុ​និង​ញុះញង់​ឱ្យ​មានអំពើ​ហិង្សានិង​​​កា​រស្អប់ខ្ពើម​សាសនា។ ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​បាតុករ​អ៊ីរ៉ង់​​ដុត​បំផ្លាញ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​ក្រុង​បាកដាដ​ជាមុន​ ដើម្បី​​​​ប្រឆាំង​តវ៉ា។

ពិត​ជា​មិន​អាច​ទទួល​បាន​ឡើយ! នេះ​ជា​ប្រសាសន៍​របស់​លោកប្រមុខ​ការ​ទូត​ស៊ុយអែត។ ចំណែក​សហរដ្ឋ​អាមេរិ​ក បាន​ប្រកាស​​ថ្កោលទោសការដុត​បំផ្លាញ​ស្ថានទូត​ស៊ុយអែត​នៅអ៊ីរ៉ាក់ ដោយ​បន្ទោស​កង​កម្លាំង​រក្សា​សន្តិសុខ​អ៊ីរ៉ាក់​ថា​អសកម្ម​ក្នុង​ការ​រារាំង​សកម្មភាព​របស់​បាតុករ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​រំលឹង​ការ​បេសកកម្ម​ការទូត​មិន​មែន​ជា​ផ្ទាំង​ស៊ីប​នៃ​អំពើ​ហិង្សា​ទេ និង​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់​គោរព​កាតព្វកិច្ច​អន្តរជាតិ​​ក្នុង​ការ​ការពារ​គ្រប់​បេសកកម្ម​ទូត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ