អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

មហន្តរាយ​​​បាក់ទំនប់ទឹក​​នៅអ៊ុយក្រែន៖ ប្រធានាធិបតី​តួកគី​ស្នើ​ឲ្យ​មាន ការ​ស៊ើបអង្កេត​អន្តរជាតិ​​ឯករាជ្យ

ទំនប់ទឹក​ កាខូវកា នៅភាគខាងត្បូងអ៊ុយក្រែន ដែលបាន​រងគ្រប់​ផ្ទុះបណ្តាល​ឲ្យ​បាក់ធ្លាយ​នោះ កំពុងតែបង្កឲ្យ​មានការព្រួយបារម្ភជាខ្លាំង ថាអាចនឹងបណ្តាល​ឲ្យ​មានមហន្តរាយធម្មជាតិ​ដ៏ធ្ងន់ធ្ងរ។ មនុស្ស​ជាច្រើនពាន់​នាក់ ត្រូវបាន​ជម្លៀសចេញពីតំបន់លិចទឹក ខណៈភាគីទាំង២ អ៊ុយក្រែននិងរុស្ស៊ី បន្តចោទគ្នាទៅវិញទៅមក​។ កាលពីថ្ងៃពុធទី​៧កក្កដា​ លោក​អ៊ែរដូហ្កាន់​ ប្រធានាធិបតី​តួកគី បាន​ស្នើទៅភាគីទាំងខាង ថាត្រូវតែយល់ព្រម ឲ្យ​មាន​ការស៊ើបអង្កេតឯករាជ្យ ជាលក្ខណៈអន្តរជាតិ ដើម្បី​វែករកការពិត ថាអ្នកណាជាអ្នកទទួលខុសត្រូវ។

ទីក្រុង Kherson ត្រូវទឹកជន់លិច បន្ទាប់ពីទំនប់វារីអគ្គិសនី Nova Kakhovka បានរងគ្រាប់​ផ្ទុះបែកធ្លាយ​។ Kherson ថ្ងៃទី ៧កក្កដា ២០២៣
ទីក្រុង Kherson ត្រូវទឹកជន់លិច បន្ទាប់ពីទំនប់វារីអគ្គិសនី Nova Kakhovka បានរងគ្រាប់​ផ្ទុះបែកធ្លាយ​។ Kherson ថ្ងៃទី ៧កក្កដា ២០២៣ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

មួយថ្ងៃក្រោយ​មហន្តរាយ​ផ្ទុះបាក់ទំនប់ទឹក Kakhovka លោក​អ៊ែរដូហ្កាន់​ បានទូរស័ព្ទទៅនិយាយជាមួយ​លោក​ ហ្សេឡេនស្គី និង​លោកពូទីន។ នៅក្នុងការសន្ទនានោះ លោក​ប្រធានាធិបតី​តួកគី បាន​ស្នើទៅភាគីជម្លោះទាំងសងខាង ថាត្រូវយល់ព្រមឲ្យ​មាន​ការបង្កើត គណកម្មការពិសេសមួយ ដើម្បីបើកកាស៊ើបអង្កេតដោយ​ឯករាជ្យ ដោយមានការចូលរួម​ពីអ្នកជំនាញនៃប្រទេសមានជម្លោះទាំង២ អ្នកជំនាញអង្គការសហប្រជាជាតិ ព្រមទាំងតំណាងសហគមន៍អន្តរជាតិផងដែរ។ គណកម្ម​ការឯករាជ្យនេះ នឹងមានតួនាទី ដោះស្រាយចម្ងល់ លុបបំបាត់មន្ទិលសង្ស័យទាំងអស់ ទាក់ទិននឹង​ការ​បាញ់ប្លោងគ្រាប់ ធ្វើឲ្យ​ផ្ទុះបាក់ធ្លាយ​ទំនប់ទឹកដ៏ធំមួយនេះ​។

សូមបញ្ជាក់ថា​ អ៊ុយក្រែន និង​ រុស្ស៊ី បានចោទគ្នាទៅវិញទៅមក ថាជាអ្នក​បាញ់​បំផុតកំទេចទំនប់ទឹក Kakhovka ដែល​ស្ថិតនៅ​លើដងទន្លេDniepr ក្បែរតំបន់ខែរសុន​ ភាគខាងត្បូងអ៊ុយក្រែន​។ អ៊ុយក្រែនចោទថាគឺរុស្ស៊ី ជាអ្នក​ធ្វើរឿងនេះ ដើម្បី​រារាំង​កុំឲ្យ​កងទ័ពអ៊ុយក្រែន បើកការវាយ​ប្រយុទ្ធ​ដណ្តើមទឹកដីវិញ។ ចំណែករុស្ស៊ី ចោទថាគឺអ៊ុយក្រែន​​ទេ ដែលជាអ្នកបាញ់បំផ្ទុះទំនប់ ដើម្បី​កេងចំណេញយុទ្ធសាស្ត្រ​។

ក្នុងពេល​ដែល​គូបដិបក្សទាំង២ចង្អុរមុខគ្នាទៅវិញទៅមក តំបន់​ជាច្រើននៅតាមដងទន្លេផ្នែកខាងក្រោមទំនប់ ត្រូវទឹកជន់លិចយ៉ាងដំណំ បន្ទាប់ពីបាក់ទំនប់។ អាជ្ញាធរអ៊ុយក្រែន បានអះអាងថាគេបានជម្លៀសប្រជាជន ចំនួន​ប្រមាណ​១៧០០នាក់ ចេញពីតំបន់ដែលត្រូវទឹកជន់លិច។ កាលពីថ្ងៃអង្គារ រដ្ឋអាជ្ញាអ៊ុយក្រែន លើកឡើងថា ខាងអ៊ុយក្រែន គឺគេត្រូវការជម្លៀសមនុស្ស​យ៉ាងហោច ១៧០០០នាក់។ នៅខាងតំបន់ស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ីវិញ អាជ្ញាធររុស្ស៊ីអះអាងថា បាន​ជម្លៀសមនុស្សចំនួន ១២៧៤នាក់។ ក្រៅពីនេះ នៅ​មានមនុស្ស​​ជាច្រើនពាន់នាក់ទៀត ដែលបានភៀសខ្លួន ចេញដោយ​មធ្យោបាយ​ផ្ទាល់ខ្លួន។

គួរបញ្ជាក់ដែរថា អង្គការ​បរិស្ថានបាន​ថ្លែងការព្រួយបារម្ភ ជាពិសេស អំពីមហន្តរាយធម្មជាតិ។ យ៉ាងហោចណាស់ មានប្រេងម៉ាស៊ីនចំនួន​១៥០តោន បានបែកធ្លាយហូរចូលទឹកទន្លេ ព្រមជាមួយនឹងផ្ទៃដីចំការរាប់ពាន់ហិកតា ត្រូវទឹកជន់លិច។ អង្គការ Ecoaction អ៊ុយក្រែន បាន​ព្រួយបារម្ភថា បញ្ហានេះនឹងធ្វើ​ឲ្យ​តំបន់ស្ថិតនៅខាងលើទំបន់ ត្រូវខ្សោះអស់ទឹកប្រើ ងាប់សត្វពាហនៈ ដំណាំ និងរុក្ខជាតិផ្សេងៗ​។

បញ្ហាខ្វះទឹក​​នេះ ក៏បានបង្កឲ្យ​មានការ​បារម្ភផងដែរ ទាក់ទិននឹងសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីចា ដែលស្ថិតចំណាយ​ប្រមាណ១៥០គីឡូម៉ែត្រ ប៉ែក​ខាងលើ​ទំនប់។ គេត្រូវការទឹក​ទន្លេជាចាំបាច់ ដើម្បី​ចាក់បំពេញ ទប់សីតុណ្ហភាព​របស់រ៉េអាក់ទ័រនុយក្លេអ៊ែរ។ យ៉ាងណាក៏ដោយ ទីភ្នាក់ងារថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ បានអះអាងថាគិតត្រឹមពេលនេះ គឺមិនមានការបារម្ភណាមួយទេ ស្តីពី​សុវត្ថិភាព​នៅស្ថានីយហ្សាប៉ូរីចា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ