អានតួអត្ថបទ
ហ្វាំងឡង់-អូតង់

ក្រុមប្រទេសស្កង់ឌីណាវ ជាប់ព្រំដែនរុស្ស៊ីធ្វើសមយុទ្ធផ្លូវអាកាសក្នុងទ្រង់ទ្រាយធំ មិនធ្លាប់មាន

ស៊ុយអែត រួមជាមួយ​ហ្វាំងឡង់ ន័រវែស ដែលមានព្រំដែនជាប់រុស្ស៊ី​បានសហការគ្នា​ធ្វើសមយុទ្ធផ្លូវអាកាស​ដ៏ធំ មិនធ្លាប់មាន​នៅអឺរ៉ុប។ សមយុទ្ធ​ដែល​មាន​ឈ្មោះ​ថា Arctic Challengeបាន​ចាប់ផ្តើមបើកតាំងពីថ្ងៃ​ចន្ទទី ២៩​ឧសភា រហូតដល់ថ្ងៃទី ៩​មិថុនា។ ប្រទេស​ចំនួន​១៤ចូលរួម ដែលនៅ​ក្នុងនោះ​ភាគច្រើន​ជា​ប្រទេស​សមាជិក​សម្ព័ន្ធ​អាត្លង់ទិក​អូតង់។

យន្តហោះចម្បាំងរបស់អាមេរិកប្រភេទ F-35
យន្តហោះចម្បាំងរបស់អាមេរិកប្រភេទ F-35 AP - Aijaz Rahi
ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោមប្រទេស​ចំនួន​១៤​ដែលចូលរួម​ក្នុងសមយុទ្ធ Arctic Challenge ដែលរៀបចំឡើង​ដោយ​ប្រទេស​ហ្វាំងឡង់ មាន​តែ ២ប៉ុណ្ណោះ ដែលមិនមែនជា​សមាជិក​របស់អូតង់ នោះគឺ ស្វ៊ីស និង​ប្រទេស​ស៊ុយអែត។ ប៉ុន្តែ ទោះជា​យ៉ាងណានេះក្តី ប្រទេស​ហ្វាំងឡង់​បាន​សង្កត់ធ្ងន់​ថា សមយុទ្ធផ្លូវអាកាស រយៈពេល ១២ថ្ងៃ ​មិនមែនជា​សមយុទ្ធ​របស់​អូតង់ ប៉ុន្តែ ជា​សមយុទ្ធ​ផ្លូវអាកាស​ដែល​ប្រទេស​ស្កង់ឌីណាវ ហ្វាំងឡង់ ស៊ុយអែត និង​ន័រវែស​តែងរៀបចំឡើង នៅ​២​ឆ្នាំម្តង។ ប្រទេស​ស្កង់ឌីណាវទាំងបីព្យាយាម​គូសបញ្ជាក់យ៉ាងដូច្នេះ ដើម្បី​ជៀសវាង ភាពតានតឹង​ជាមួយ​រុស្ស៊ី ប្រទេស​ជាប់​ព្រំដែន ដែល​មិនរារែក​នឹង​បញ្ជូនយន្តហោះចម្បាំង​ទៅហោះ​ក្នុង​ដែនអាកាសរបស់ប្រទេស​ជិតខាង​ដើម្បី កំញើញ បង្ហាញសាច់ដុំយោធា។

សមយុទ្ធ Arctic Challenge​មិនមែនជាសមយុទ្ធរបស់អូតង់ ហើយ​ក៏គ្មាន​ទិសដៅ​ប្រឆាំង​រុស្ស៊ី ប៉ុន្តែ នៅក្នុង​បរិបទសង្រ្គាមអ៊ុយក្រែន និងការរំលោភជាញយដង​របស់​យន្តហោះចម្បាំងរុស្ស៊ី ក្នុងដែនអាកាស​របស់​ប្រទេស​អឺរ៉ុប​ខាងជើង សមយុទ្ធ​ Arctic Challenge​ជា​ឱកាស​ហាត់សម ដើម្បី​ឆ្លើយតប​នឹង​ការឈ្លានពាន វាយប្រហារ​ណាមួយ​របស់​ Soukhoï ឬ​Mig ដែលជា​យន្តហោះចម្បាំង​របស់រុស្ស៊ី។

មានការចូលរួមពី​កងទ័ពជើង​អាកាស ចំនួន​២៧០០នាក់ មកពី​ប្រទេស​ចំនួន​១៤ សមយុទ្ធនៅក្នុងដែនអាកាសក្បែរតំបន់ប៉ូលអាក់ទិក នៅឆ្នាំនេះ កត់សំគាល់​ដោយ​វត្តមាន​ចូលរួម​របស់​យន្តហោះ​ចម្បាំងទំនើបៗចំនួន១៥០គ្រឿង ដែលមានដូចជាយន្តហោះ F-35 របស់​អាមេរិក Rafale​របស់​បារាំង យន្តហោះចម្បាំង​របស់អាល្លឺម៉ង់ Eurofighter F-16 របស់​ន័រវែស និង​Gripen ស៊ុយអែត។ ​អូតង់​វិញ​បាន​បញ្ជូន​យន្តហោះបំពាក់​ដោយរ៉ាដា​ដើម្បីតាមដាន​ចាប់សញ្ញា​នៅក្នុងអាកាស។ ការបញ្ចេញ​យន្តហោះចម្បាំង​ទំនើបៗ​ជាមួយបច្ចេកវិទ្យាចុងក្រោយ នៅក្នុង​សមយុទ្ធលើកនេះ ជា​ឱកាស​ធ្វើតេស្តសាកល្បង​សមត្ថភាព​របស់​យន្តហោះចម្បាំង​របស់​ប្រទេសអឺរ៉ុបខាងជើង ដើម្បី​ការពារដែនអាកាស​របស់ខ្លួន ឬ​ក្នុងករណីដែលមាន​ប្រតិបត្តិការ​ចាក់សាំង​យន្តហោះ​នៅក្នុង​លំហរអាកាស។

ជាមួយសមយុទ្ធ​ក្នុងទ្រង់ទ្រាយធំ ដែលប្រើសុទ្ធតែ​យន្តហោះចម្បាំងទំនើបៗ ប្រទេស​ស្កង់ឌីណាវ ចង់បង្ហាញ​ថា ពួកគេ​មិនឯកោរ នៅ​ចំពោះមុខ​រុស្ស៊ី ដែល​បញ្ជូន​យន្តហោះ​ឲ្យទៅហោះរំលោភចូលដែនអាកាស​របស់​ក្រុមប្រទេស​ស្កង់ឌីណាវ កាន់តែញយដង គិតចាប់តាំង​រុស្ស៊ី​ធ្វើសង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន និងជាពិសេស នៅក្រោយហ្វាំងឡង់ ប្រទេស​ជាប់ព្រំដែនជាមួយរុស្ស៊ីបានក្លាយជា​សមាជិកផ្លូវការ​របស់អូតង់ កាលពី​មេសា​កន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ