អានតួអត្ថបទ
បេឡារុស-នុយក្លេអ៊ែរ

ប្រធានាធិបតីបេឡារុស៖ រុស្ស៊ីចាប់ផ្តើមបញ្ជូនអាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្ត​ទៅបេឡារុស

២ខែ​ក្រោយ​ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន​ប្រកាស​ដាក់ពង្រាយ​អាវុធ​នុយក្លេអ៊ែរយុទ្ធសាស្រ្ត នៅបេឡារុស ដែលជា​ប្រទេស​ជិតខាង ប្រធានាធិបតី​របស់​បេឡារុស លោក​អាឡិចសង់ លូកាឆិនកូ បាន​អះអាង​កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញថា រុស្ស៊ី​បាន​ចាប់ផ្តើមដឹកជញ្ជូន​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្រ្ត​របស់​ខ្លួន ទៅក្នុង​ទឹកដី​បេឡារុស។ ប្រធានាធិបតី​បេឡារុស​អះអាង​យ៉ាងដូច្នេះ ទៅកាន់អ្នកកាសែត នៅក្នុងអំឡុងទស្សនកិច្ច​របស់​លោក នៅទីក្រុង​ម៉ូស្គូ កាលពីថ្ងៃ​ព្រហស្បតិ៍។

រូបថតរបស់​ក្រសួងការពារ​ជាតិរុស្ស៊ីបង្ហាញជើងទ្របាញ់មីស៊ីលដែលអាច​មានផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ nuclear-capable Iskanderដែលបាញ់ក្នុងចម្ងាយជិត ដែល​ប្រធានាធិបតីរុស្ស៊ី​ប្រកាស​ចង់ពង្រាយក្នុងទឹកដីបេឡារុស
រូបថតរបស់​ក្រសួងការពារ​ជាតិរុស្ស៊ីបង្ហាញជើងទ្របាញ់មីស៊ីលដែលអាច​មានផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ nuclear-capable Iskanderដែលបាញ់ក្នុងចម្ងាយជិត ដែល​ប្រធានាធិបតីរុស្ស៊ី​ប្រកាស​ចង់ពង្រាយក្នុងទឹកដីបេឡារុស AP
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​បេឡារុស លោក​លូកាឆិនកូ បាននិយាយប្រាប់អ្នកកាសែត​នៅថ្ងៃ​ព្រហស្បតិ៍ថា លោកប្រធានាធិបតីពូទីន​បាននិយាយ​ប្រាប់​លោក កាលពីថ្ងៃ​ពុធថា លោក​បាន​ចុះហត្ថលេខា​រួចហើយ លើ​ក្រឹត្យ​បញ្ជូន​អាវុធនុយក្លេអ៊ែរ​យុទ្ធសាស្រ្ត ទៅ​កាន់​ប្រទេស​បេឡារុស ដែលជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី។

តាម​ប្រធានាធិបតីបេឡារុស រុស្ស៊ី​ចាប់ផ្តើម​ដឹកជញ្ជូន​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្រ្ត ទៅដាក់​ក្នុង​ទឹកដី​បេឡារុស ពោល​គឺ​នៅ២ខែក្រោយ លោក​ពូទីនប្រកាស​ពង្រាយអាវុធនុយក្លេអ៊ែរ​នៅបេឡារុស។ ភាគី​រុស្ស៊ី​វិញ នៅមិនទាន់​អត្ថាធិប្បាយ​អ្វី ទាក់ទង​នឹងការដឹកជញ្ជូន​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ទៅដាក់​ពង្រាយ​នៅក្នុង​ប្រទេស​បេឡារុស។

ចាត់ទុក​ជា​សកម្មភាព​រុស្ស៊ី ថា គ្មានការទទួលខុសត្រូវ និង​ញុះញង់ វ៉ាស៊ីនតោន តាមរយៈអ្នកនាំពាក្យ​របស់​សេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយ​ថា អាមេរិក​នឹង​តាមដានយ៉ាងកៀកកិត សកម្មភាពនុយក្លេអ៊ែរ​របស់​រុស្ស៊ី។ ប៉ុន្តែ រហូតមកដល់ពេលនេះ អាមេរិក​នៅ​មិនទាន់​ឃើញ​មាន​សញ្ញា​ណាមួយ​ដែល​បង្ហាញថា រុស្ស៊ី​កំពុង​ត្រៀម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​តាក់ទិក ចេញពី​ទឹកដី​បេឡារុស។

មានព្រំដែនជាប់​ជាមួយ​ប្រទេស​សមាជិកអូតង់​ចំនួន ៣ ដូចជា ប៉ូឡូញ លីទុយអានី និងឡេតូនី ប្រទេស​បេឡារុសអនុញ្ញាត​ឲ្យ​កងទ័ព​រុស្ស៊ី​ប្រើប្រាស់​ទឹកដី​របស់ខ្លួន​ដើម្បី​វាយប្រហារ​ទៅលើអ៊ុយក្រែន។

នៅចុងខែមីនា ប្រធានាធិបតី​រុស្ស៊ី លោកពូទីន​បាន​ប្រកាស​ពង្រាយអាវុធនុយក្លេអ៊ែរ​យុទ្ធសាស្រ្ត នៅ​បេឡារុស នៅក្រោយ​ការបើកភ្លើងខៀវ​របស់​មេដឹកនាំ​បេឡារុស។

គិតចាប់តាំង​ពី​ឆ្នាំ ១៩៩១ នេះ​ជា​លើក​ទី​១ ដែល​រុស្ស៊ី​ដាក់ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន នៅ​ក្រៅ​ប្រទេស។ អាវុធនុយក្លេអ៊ែរ​យុទ្ធសាស្រ្ត​ដែល​រុស្ស៊ី​ពង្រាយដាក់ក្នុងទឹកដីបេឡារុស ជា​ប្រភេទអាវុធ​ដែលគេ​ប្រើ​សម្រាប់​សមរភូមិប្រយុទ្ធ ដែល​មិន​បង្កមហន្តរាយទ្រង់ទ្រាយធំ ដូចជា​ប្រភេទអាវុធ​នុយក្លេអ៊ែរ យុទ្ធសាស្រ្ត​ដែលគេប្រើសម្រាប់បាញ់​ចម្ងាយឆ្ងាយ។ នៅក្រោយ​ជំនួប​ជាមួយ​រដ្ឋមន្រ្តីការពារ​ជាតិបេឡារុស នៅទីក្រុងMinsk កាលពីថ្ងៃ​ព្រហស្បតិ៍ ប្រមុខការពារ​ជាតិ​រុស្ស៊ី Sergueï Choigou​បាន​និយាយ​ប្រាប់អ្នកកាសែត​ថា ទាហាន​បេឡារុស​បាន​ទទួលការបណ្តុះបណ្តាល​ស្តីពី​ប្រព័ន្ធមីស៊ីលរុស្ស៊ី ដែលមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ កាលពីខែ​មេសា​កន្លងទៅ។ ម្យ៉ាងទៀត ប្រទេស​ទាំងពីរ​នឹង​អាច​ចាត់វិធានការបន្ថែម ដើម្បីធានា​សន្តិសុខ​បេឡារុស និង​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ