អានតួអត្ថបទ
ន័រវែស-អាមេរិក

នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ដ៏​ធំ​ជាង​គេ​បង្អស់​ទៅ​ធ្វើ​លំហាត់​សឹក​នៅ​អាកទិក

USS Gerald Ford នាវា​ផ្ទុក​យន្តហោះ​ដ៏​ទំនើប​និង​ធំ​ជាង​បង្អស់​នៅលើ​ពិភពលោក របស់​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ដំណើរ​មក​សំចត​នៅទីក្រុង​អូស្លូ ប្រទេស​ន័រវែស នា​ថ្ងៃពុធ​ទី ២៤​ឧសភា​២០២៣​ ដើម្បី​ចូល​រួម​ធ្វើ​សមយុទ្ធ​ ក្នុង​ក្របខ័ណ្ឌ​អូតង់ នៅ​មហាសមុទ្ទ​អាកទិក។ នេះ​ជា​លើក​ទីមួយ ដែល​អូតង់​បង្ហាញ​សាច់ដុំ​ខ្លាំង​ដ៏​សម្បើម​របស់​ខ្លួនយ៉ាង​ដូច្នេះ។ រុស្ស៊ី​បាន​បញ្ចេញ​ប្រតិកម្ម​បរិហារ​ភ្លាម។

នាវា​ផ្ទុកយន្តហោះអាមេរិក​ Uss Gerald Ford ដ៏​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក
នាវា​ផ្ទុកយន្តហោះអាមេរិក​ Uss Gerald Ford ដ៏​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក AP - Andrew Vaughan
ផ្សាយពាណិជ្ជកម្ម

មាន​ប្រវែង​ជាង ៣៣៥​ម៉ែត្រ​ អាច​ផ្ទុក​យន្តហោះ​និង​ឧទ្ធម្ភាគចក្រ​បាន​ដល់​ទៅ​៩០គ្រឿង USS Gerald Ford ជា​នាវា​ផ្ទុក​យន្តហោះ​​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ជំនាន់​ចុងក្រោយ​បង្អស់​ និង​ជា​នាវា​យោធា​​ដ៏​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក។ ​មក​ដល់​ក្រុង​អូស្លូ នៅ​ព្រឹក​ថ្ងៃពុធ ដោយ​បន្ត​សំចត​នៅ​កំពង់ផែ​ន័រវែស​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ ក្រោមការ​ការពារ​យ៉ាង​ខ្លាំហ្មត់ចត់ទាំង​ក្នុង​ផ្ទៃទឹក និង​លើ​ផ្ទៃ​អាកាស​ជុំ​វិញ​ Uss Gerald Ford ត្រូវ​បន្ត​ដំណើរ​ទៅ​ ​ចូល​រួម​ធ្វើ​សមយុទ្ធអូតង់​នៅសមុទ្ទ​អាកទិក។ សមយុទ្ធ​ Arctic Challenge Exercise​ នឹង​ចាប់​ផ្តើម​ នៅ​ថ្ងៃ​ទី​២៩​ឧសភា ដោយ​មាន​ប្រមូលផ្តុំ​យានយន្ត​អាកាស​ជាង​១៥០គ្រឿង​ របស់សម្ព័ន្ធ​លោក​ខាង​លិច​ចំនួន​១៤​ប្រទេស។​

វត្តមាន​និង​ទស្សនកិច្ច​ ​របស់​​នាវា​យោធា​អាមេរិក នៅ​ន័រវែស ជាការ​ផ្តល់​​ឱកាសដ៏​ប្រពៃ​ដល់​ការ​​​​អភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ និងរឹត​ចំណងការងារ​ឱ្យ​កាន់តែ​ស្អិតល្មួត​ ជា​មួយ​សម្ព័ន្ធមិត្ត​អាមេរិក​។ នេះ​ជា​សេចក្តី​ថ្លែងការណ៍​របស់​យោធា​ន័រវែស។

ប៉ុន្តែ​ការ​ចូល​សំចតរបស់​នាវានេះ​បាន​​ទាក់ទាញ​ចំណាប់​អារម្មណ៍​ជា​ពិសេស​ ព្រោះ​វា​ប្រព្រឹត្ត​ទៅ​ជួន​ចំ​ពេល​ក្រុម​លោក​ខាង​លិច​និង​រុស្ស៊ី​កំពុង​មើ​ល​មុខ​គ្នាដោយ​ហេតុ​​សង្គ្រាម​អ៊ុយក្រែន។ ស្ថានឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​អូស្លូ បានចេញ​លិខិត​​ថ្កោល​ទោស​វត្តមាន​នៃ​នាវា​យោធា​អាមេរិក​ភ្លាម​ថា តំបន់​ភាគ​ខាង​ជើង មិន​ត្រូវការ​​ដំណោះស្រាយ​យោធា​ ឬ​ជា​មូលបទ​ដែល​ទាមទារ​អន្តរាគមន៍​យោធា​បរទេស​ទេ។ អូស្លូដឹង​ថា​រុស្ស៊ីមិនមែន​​ជា​ការ​គំរាមកំហែង​យោធា​ដោយ​ផ្ទាល់​ សម្រាប់​ន័រវែសទេ ដូច្នេះ​ការ​បង្ហាញ​សាច់​ដុំ​បែប​នេះ មិន​ឡូស៊ិក​និងអាច​ខូច​​ប្រយោជន៍​អ្នក​ដទៃ​ណាស់។ នេះ​ជា​ប្រតិកម្ម​របស់​រុស្ស៊ី​ដដែល។

ជា​សមាជិក​អូតង់ ​ន័រវែស​មាន​ព្រំដែន​គោកជាមួយ​រុស្ស៊ី​ប្រវែង​​១៩៨គីឡូម៉ែត្រ និង​ព្រំដែន​ទឹក​​យ៉ាង​វែង​ នៅភាគ​ខាង​ជើង​ក្នុង​តំបន់​អាកទិក។ តាំង​ពី​ឆ្នាំ​មុន​មក ន័រវែស​បាន​ក្លាយ​ជា​ប្រទេស​អ្នក​ផ្គត់​ផ្គង់​ថាមពល​ហ្កាស ដ៏​ចម្បង​​ដល់​អឺរ៉ុប​ បន្ទាប់​ពី​រុស្ស៊ី​សម្រេច​បិទបំពង់​បង្ហូរ​ឧស្ម័ន​មក​ឱ្យ​អឺរ៉ុប​មក៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ