អានតួអត្ថបទ
អាកាសចរណ៍​បារាំង

ច្បាប់អាកាសធាតុ៖ បារាំង​លុបចោលជើងហោះហើរក្នុងស្រុកណា ដែលអាចជំនួសដោយ​រថភ្លើង

នៅប្រទេស​បារាំង ក្រឹត្យស្តីពីការលុបចោល​ជើងហោះហើរ​ក្នុងស្រុក បាន​ចូលជាធរមាន​ជាផ្លូវការ នៅថ្ងៃអង្គារ​ទី ២៤​ឧសភា។ តាមក្រឹត្យ​ដែលរដ្ឋាភិបាល​បារាំង​ចុះផ្សាយ នៅថ្ងៃ​ម្សិលមិញ ជើងហោះហើរ​ក្នុងស្រុកដែលគេត្រូវលុបចោល លែង​ឲ្យមានតទៅទៀត ជា​ជើងហោហើរ ដែលត្រូវការចំណាយពេលតិចជាង ២ម៉ោងកន្លះ និង​អាច​ជំនួស​ដោយ​ការធ្វើដំណើរតាមផ្លូវរថភ្លើង។ ការលុបចោលជើងហោះហើរ​ក្នុងស្រុក​ជា​ផ្នែកមួយ​នៃនយោបាយ​របស់​រដ្ឋាភិបាលបារាំង ក្នុង​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់។

យន្តហោះ​របស់​ក្រុមហ៊ុន​easyJet Airbus A320-251N ហោះចេញពីទីក្រុង​ Nice ភាគខាងត្បូងបារាំង
យន្តហោះ​របស់​ក្រុមហ៊ុន​easyJet Airbus A320-251N ហោះចេញពីទីក្រុង​ Nice ភាគខាងត្បូងបារាំង REUTERS - Eric Gaillard
ផ្សាយពាណិជ្ជកម្ម

ទៅតាម​ច្បាប់អាកាសធាតុ​ឆ្នាំ​២០២១ ដែលមាន​គោលដៅ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ ដើមហេតុនៃការឡើងកំដៅលើ​ផែនដី រដ្ឋាភិបាល​បារាំង​ធ្លាប់​បាន​ចេញបម្រាម ហាមឃាត់​រាល់​ការហោះហើរ​ក្នុងស្រុក ដែល​មាន​រយៈពេល​តិច​ជាង​២ម៉ោងកន្លះ។ ប៉ុន្តែ ការអនុវត្ត​ត្រូវ​បានផ្អាក​ទៅវិញ ក្នុង​ពេល​រង់ចាំ​ការស៊ើបអង្កេត​របស់​គណៈកម្មការអឺរ៉ុប នៅក្រោយ​មានបណ្តឹងតវ៉ា​ពីក្រុមហ៊ុនហោះហើរ នៅអឺរ៉ុប។ សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនផ្លូវអាកាស ដែលជាដើមបណ្តឹង បម្រាមរបស់​រដ្ឋាភិបាល​បារាំង​ប្រាសចាក​នឹង​គោលការណ៍នៃ​សេរីភាពធ្វើដំណើរ និង​គ្មានប្រសិទ្ធិភាព​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួលអាកាសធាតុ។

ប៉ុន្តែ នៅទីបំផុត ក្រឹត្យរដ្ឋាភិបាល​ស្តីពីការហាម​មិន​ឲ្យមានការហោះហើរ​ក្នុងស្រុក ដែលមាន​រយៈពេល​តិចជាង ២ម៉ោងកន្លះ ក៏​បាន​ចូល​ជា​ធរមាន កាលពីថ្ងៃ​អង្គារ​ម្សិលមិញ។ តាមក្រឹត្យ ដែលចុះផ្សាយ​ក្នុងកាសែតផ្លូវការ​របស់​រដ្ឋាភិបាល រាល់ការហោះហើរ​ក្នុងស្រុក រយៈពេល​តិចជាង ២ម៉ោងកន្លះ ដែល​អាច​ជំនួស​ដោយ​ការធ្វើដំណើរ​តាម​រថយន្តភ្លើង ត្រូវ​លុបចោល លែង​ឲ្យមានតទៅទៀត។ តាមរយៈវិធានការនេះ រដ្ឋាភិបាល​ចង់លើកទឹកចិត្ត​ឲ្យ​គេជ្រើសរើស​យកការធ្វើដំណើរ​តាមរថភ្លើង អគ្គិសនី ​ដែលមិន​បញ្ចេញ​ឧស្ម័នកាបូនិក​ច្រើន​ដូច​យន្តហោះ។

នៅក្នុង​ការអនុវត្ត​ជាក់ស្តែង ព្រលានយន្តហោះតូច​ដូចជា Orly និងជើងហោះហើរ​ពី​ទីក្រុង​ចំនួន​៣ប៉ុណ្ណោះ​ របស់បារាំងដែល​ជាប់​ក្នុង​បម្រាម​របស់​រដ្ឋាភិបាល នោះគឺជើង​ហោះហើរ ប៉ារីស​ព្រលានយន្តហោះ Orly និងទីក្រុង Nantes ព្រលានយន្តហោះ​Orly និងទីក្រុង​Lyon  និងចុងក្រោយ Orly Bordeaux។ សម្រាប់​អ្នកជំនាញអាកាសធាតុ ក្រឹត្យ​លុបចោល​ការហោះហើរ​ក្នុងស្រុក គ្រាន់តែជា​និមិត្តរូប គ្មានគោលដៅ​កាត់បន្ថយ​ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដូច​ការសន្យា​របស់​រដ្ឋាភិបាល។ អ្នកជំនាញ​ធ្លាប់​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ដ៏មានមហិច្ឆតា ដើម្បីកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក ក្នុងវិស័យអាកាសចរណ៍ តាមរយៈ ការលុបចោល រាល់​ការហោះហើរ ដែលមាន​រយៈពេល​តិចជាង ៤ម៉ោង។ ប៉ុន្តែ រដ្ឋាភិបាល​បារាំង​បាន​សម្រេច​ហាម​ការហោះហើរ ដែល​មាន​រយៈពេល តិចជាង ២ម៉ោងកន្លះ។ ជាលទ្ធផល រាល់​ការហោះហើរ ក្នុង​ស្រុក​បារាំង នៅតែ​អាច​ប្រព្រឹត្ត​ទៅ​តាម​ធម្មតា បើសិន​ការធ្វើដំណើរ​តាមយន្តហោះ មាន​រយៈពេល​វែង ជាង ២ម៉ោង​កន្លះ និង​មិន​អាច​ជំនួស​បាន​ដោយ​ការធ្វើដំណើរ​តាមរថភ្លើង។

នៅថ្ងៃ​អង្គារ សមាគម​ក្រុមហ៊ុនដឹកជញ្ជូន​តាមផ្លូវអាកាស​អឺរ៉ុប ប្រតិកម្មរិះគន់​ក្រឹត្យ​របស់​រដ្ឋាភិបាល​បារាំង និង​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ ដើម្បី​កាត់បន្ថយការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ពិតប្រាកដ តាមរយៈ​ការជំរុញ​លើកទឹកចិត្ត​ឲ្យ​វិស័យអាកាសចរណ៍​ងាកទៅប្រើ​ថាមពល​ស្អាតស្អំ ថាមពល​ដែលមិនបញ្ចេញឧស្ម័នកាបូនិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ