អានតួអត្ថបទ
ចិន-អឺរ៉ុប

តាំងខ្លួន​ជា​​អន្តរការី​ឱ្យ​សង្គ្រាម​អ៊ុយក្រែន ចិនបញ្ជូនប្រមុខការទូត មកធ្វើទស្សនកិច្ច​ នៅអឺរ៉ុប

រដ្ឋមន្ត្រីក្រសួងការបរទេស​ចិន លោក ឈីង កង កំពុង​បំពេញ​ទស្សនកិច្ច​នៅអឺរ៉ុប ចាប់​ពី​ថ្ងៃ​ចន្ទទី ៨ ឧសភា​នេះ​ទៅ ដោយ​ផ្តើម​ពី​ប្រទេស​អាល្លឺម៉ង់ រួច​បន្ត​មក​ប្រទេស​បារាំង និងបញ្ចប់​នៅ​ក្នុង​ប្រទេស​ន័រវែស។ ទស្សនកិច្ច​នេះ​ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​ចិន​បាន​និង​កំពុង​ប្រឹង​ដើរ​តួនាទី​ជា​អន្តរការី ដោះស្រាយ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ Annalena Baerbock  និង​សមភាគី​ចិន លោក Qin Gang នៅប៉េកាំង ថ្ងៃទី ១៤ មេសា ២០២៣
រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ Annalena Baerbock និង​សមភាគី​ចិន លោក Qin Gang នៅប៉េកាំង ថ្ងៃទី ១៤ មេសា ២០២៣ via REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

បើ​ទោះ​បី​ស្និទ្ធ​នឹង​រុស្ស៊ី​ក៏​ដោយ ក៏​​ចិនបាន​តាំង​ខ្លួន​ជា​អន្តរការី​អព្យាក្រិត្យ ក្នុង​ជម្លោះ​នៅ​អ៊ុយក្រែន ដោយ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ខែ​កុម្ភៈ២០២៣ នូវ​​ ផែនការ​១២​ចំណុច​បញ្ជាក់​អំពី​ជំហរ​របស់​ខ្លួន​ តែ​មាន​ទម្រង់​ជា​ផែនការ​សន្តិភាព​ជំរុញ​ឱ្យ​រុស្ស៊ី​និង​អ៊ុយក្រែន​ចូល​ចរចា​គ្នា។ នៅ​ខែ​មីនា​ លោកស៊ី​ជីនពីង បាន​ធ្វើ​ដំណើរ​ទៅ​ជួប​លោកពូទីន នៅទីក្រុង​ម៉ូស្គូ ដើម្បី​រឹត​ចំណង​ទំនាក់ទំនង​គ្នា។ ហើយ​គេ​ត្រូវ​រង់ចាំ​រហូត​ដល់​ចុង​ខែ​មេសា​ទើប​ឃើញ​ប្រធានាធិបតី​ចិន លោក​ស៊ីជីនពីង ទូរស័ព្ទ​ទៅ​និយាយ​ដោយ​ផ្ទាល់​ជា​លើក​ទីមួយ ​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី។

មាន​ន័យ​ថា សំណើ​១២​ចំណុច​របស់​ចិន​កំពុង​ចាប់​ដំណើរការ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជានៅ​សប្តាហ៍​នេះ ​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក ឈីង គ័ង​ ត្រូវ​ជួប​សន្ទនា​ជាមួយ​សមភាគី​អាល្លឺម៉ង់ ប្រមុខ​ការទូត​បារាំង និង​រដ្ឋមន្ត្រីការបរទេស​ន័រវែស។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន ទៅ​កាន់​អ្នក​សារព័ត៌មាន។ ប៉ុន្តែ​ពុំ​មាន​ការ​លម្អិត​ព័ត៌មាន​ជុំ​វិញប្រធានបទ​នេះ ក្នុង​អំឡុង​​​ទស្សនកិច្ចរបស់​​លោក​ ឈីង កង ​ទេ។

ពេល​អញ្ជើញ​ទៅ​ប៉េកាំង កាលពី​ពាក់​កណ្តាល​ខែ​មេសា​ រដ្ឋមន្ត្រីការបទេស​អាល្លឺម៉ង់ បាន​ស្នើ​សុំ​ឱ្យ​ចិន​ជួយ​ប្រាប់​រុស្ស៊ី​ឱ្យ​ឈប់​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន។ កាលពី​ខែ​មេសាដែរ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅប្រទេស​ចិន លោកប្រធានាធិបតី​បារាំង បានអំពាវនាវ​​ឱ្យ​ប្រធានាធិបតី​ចិន លោកស៊ីជីនពីង ជួយ​នាំ​រុស្ស៊ី​​ឱ្យ​ក្លាយ​ជា​ប្រទេស​មាន​ហេតុ​ផលវិញ​ជាមួយ​​អ៊ុយក្រែន។

ទស្សនកិច្ច​របស់​ប្រមុខ​ការ​ទូត ប្រព្រឹត្ត​ទៅ​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពីមាន​សំដី​មិន​សមរម្យ​របស់​ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​ក្រុង​ប៉ារីសជុំ​វិញ​ប្រវត្តិសាស្ត្រ​តំបន់​​​គ្រីមេ ដែល​ក្រសួងការ​បរទេស​ចិន​ចេញ​សេចក្តី​ថ្លែងការណ៍កែតម្រូវ ដោយ​​ធានាគោរពអធិបតេយ្យភាព​​ ឯករាជ្យភាព និង​បូរណភាព​ដែន​ដី គ្រប់​ប្រទេស​ទាំងអស់។

ចិន​ មិន​ដែល​ថ្កោល​ទោស​ជា​សាធារណៈ​ទង្វើ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ទេ តែ​បាន​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​នយោបាយ​និង​សេដ្ឋកិច្ច​កាន់​តែ​ខ្លាំង​ឡើង​ជាមួយ​រុស្ស៊ី​ នា​រយៈ​ពេល​ចុងក្រោយ​មក​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ