អានតួអត្ថបទ
បារាំង-អ៊ីតាលី-ជនភៀសខ្លួន

អ៊ីតាលីទាមទារឲ្យ​រដ្ឋមន្ត្រីមហាផ្ទៃបារាំងសុំទោស ដែលបាន​​និយាយរិះគន់នាយករដ្ឋមន្ត្រីអ៊ីតាលីក្នុងសំណុំរឿងអន្តោប្រវេសន៍

បញ្ហាជនអន្តោប្រវេសន៍ កំពុងតែបាន​ផ្ទុះក្លាយ​ជា​វិបត្តិការទូតសាជាថ្មី រវាងបារាំងនិងអ៊ីតាលី។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី​៤ឧសភា លោក​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បាននិយាយរិះគន់ទៅលើ​លោកស្រីម៉េឡូនី ប្រមុខរដ្ឋាភិបាល​បក្សស្តាំនិយមអ៊ីតាលី ថាបានតែសន្យាខ្យល់ តែមិនអាចដោះស្រាយបញ្ហា​ជនអន្តោប្រវេសន៍​បាននោះទេ។ សំដីរបស់​លោករដ្ឋមន្ត្រីបារាំងនេះ ត្រូវបាន​ភាគីរដ្ឋាភិបាលអ៊ីតាលី ថ្កោលទោស និងបានទាមទារឲ្យសុំទោស។

លោក Gerald Darmanin រដ្ឋមន្ត្រីមហាផ្ទៃបារាំង
លោក Gerald Darmanin រដ្ឋមន្ត្រីមហាផ្ទៃបារាំង AP - Ludovic Marin
ផ្សាយពាណិជ្ជកម្ម

លោក Antonio Tajani ប្រមុខការទូត​អ៊ីតាលី ដែលមានគម្រោងមកប្រជុំជាមួយ​លោកស្រីរដ្ឋមន្ត្រីការពារជាតិបារាំង នៅល្ងាចថ្ងៃព្រហស្បតិ៍ បាន​លុបចោលដំណើរវិញ ដើម្បី​បង្ហាញថាអ៊ីតាលីមិនសប្បាយចិត្ត។ លោក​រដ្ឋមន្ត្រីការបរទេស​អ៊ីតាលីបានលើកឡើងថា សំដីរបស់​រដ្ឋមន្ត្រីមហាផ្ទៃបារាំង គឺជាសំដីមាក់ងាយ ខ្វះការគោរពមកលើរដ្ឋាភិបាលអ៊ីតាលី មិនខុសពីកាំបិតចាក់ក្រោយ​ខ្នង។ សម្តីមាក់ងាយ​គ្មានហេតុផលនេះ ត្រូវតែ​លុបលាងវិញ ដោយការសុំទោសជាសាធារណៈ។

លោករដ្ឋមន្ត្រីក្រសួងការបរទេស​អ៊ីតាលី បានបញ្ជាក់ឲ្យដឹងដែរថា លោកស្រីCatherine Colonna រដ្ឋមន្ត្រីការពារជាតិបារាំង បានទូរស័ព្ទទៅនិយាយជាមួយលោកចំនួន២ដង ដើម្បីបន្ធូរបន្ថយ​ស្ថានការណ៍ ដោយលោកស្រីបានសំដែងការសោកស្តាយចំពោះរឿងដែលបានកើតឡើង។​

សូមបញ្ជាក់ថា​ វិបត្តិការទូតរវាងបារាំងនិងអ៊ីតាលី បាន​ផ្ទុះឡើងបន្ទាប់ពី​លោក​ Gérald Darmanin រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃបារាំង បាននិយាយនៅក្នុងបទសម្ភាសន៍តាមវិទ្យុ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៤ឧសភា ថា​លោកស្រី​ ចកចា​ម៉េឡូនី នាយករដ្ឋមន្ត្រីមកពីបក្សស្តាំនិយមជ្រុលអ៊ីតាលី បាន​ត្រឹមតែសន្យា តែធាតុពិត គឺបាន​បរជ័យ មិនអាចដោះស្រាយ​វិបត្តិជនអន្តោប្រវេសន៍​បានទេ។ សំដី​នេះ គឺស្ថិតក្នុងបរិបទ ដែល​លោករដ្ឋមន្ត្រីបារាំង ចង់លើកឡើងប្រៀបធៀបជាមួយ​ការសន្យាខ្យល់មួយចំនួន របស់​អ្នកនយោបាយ​បក្សស្តាំនិយមជ្រុលបារាំង។

គិតត្រឹមពេលនេះ មិនទាន់មានការពន្យល់ណាមួយ ពីលោករដ្ឋមន្ត្រីមហាផ្ទៃបារាំង ដែលជាម្ចាស់សំដីនេះទេ។ ក្រោយ​ការខឹងច្រឡោតរបស់​ភាគីអ៊ីតាលី រដ្ឋាភិបាលបារាំងបានព្យាយាមពន្លត់ភ្លើង ដោយ​លោកស្រី Catherine Colonna បានសរសេរសារជាភាសាអ៊ីតាលី នៅលើទំព័រTwitter ថា ទំនាក់ទំនងរវាងបារាំង និងអ៊ីតាលី វាផ្អែកលើ​ការគោរពគ្នាទៅវិញទៅមក​ដោយស្មោះត្រង់ រវាងថ្នាក់ដឹកនាំប្រទេសទាំង២។ លោក Olivier Véran អ្នកនាំពាក្យរដ្ឋាភិបាលបារាំង បាន​លើកឡើងក្នុងន័យ​បន្ធូរបន្ថយ​បញ្ហា ដោយអះអាងថាសម្តីរបស់រដ្ឋមន្ត្រីមហាផ្ទៃបារាំង មិនបានសំដៅ​មាក់ងាយស្តីបន្ទោសទៅលើអ៊ីតាលីឡើយ។ ផ្ទុយទៅវិញបារាំង គាំទ្រចំពោះការសម្រេច និងជម្រើស​របស់រដ្ឋាភិបាលអ៊ីតាលី នៅក្នុងសំណុំរឿងជនអន្តោប្រវេសន៍។

គួររំលឹក​ថា លោកស្រីចកចា ម៉េឡូនី បានជាប់ឆ្នោត​ដឹកនាំរដ្ឋាភិបាលអ៊ីតាលី ដោយសារតែពាក្យឃោសនាថានឹងដោះស្រាយ​វិបត្តិជនអន្តោប្រវេសសន៍ខុសច្បាប់ឲ្យ​បាន​។ យោងតាមក្រសួងមហាផ្ទៃ​អ៊ីតាលី គិតពីដើមឆ្នាំ២០២៣មក មានជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ៤២០០០នាក់បានចូលមកដល់អ៊ីតាលី ខណៈដែលរយៈពេលដូចគ្នានេះនៅឆ្នាំមុន មាន១១០០០នាក់។

ក្រោយ​ផ្ទុះវិបត្តិការទូ​តរវាង​បារាំង អ៊ីតាលីនេះ លោក Josep Borrell ប្រមុខការទូតអឺរ៉ុបបាន​លើកឡើងថា បញ្ហាជនអន្តោប្រវេសន៍ គឺជាបញ្ហារួមរបស់អឺរ៉ុប ហើយ​លោកជឿថាអឺរ៉ុបនឹងអាចរួមគ្នាដោះស្រាយ ដោយការសាមគ្គីគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ