អានតួអត្ថបទ
បារាំង

បារាំង៖ លោកម៉ាក្រុងប្តេជ្ញាអនុវត្ត​កំណែទម្រង់ច្បាប់ចូលនិវត្ត ដោយសន្យាពង្រឹង​សេដ្ឋកិច្ច និងយុត្តិធម៌សង្គម

ប្រឈមនឹងចលនាបាតុកម្ម​របស់ប្រជាជនបារាំង​ ជាច្រើនខែមកនេះ ដើម្បី​ប្រឆាំងនឹង​​ការអនុម័តច្បាប់កំណែទម្រង់​ប្រព័ន្ធចូលនិវត្ត លោក​ម៉ាក្រុងប្រធានាធិបតីបារាំង បានថ្លែងសារទៅកាន់ប្រជាជាតិ​ កាលពីល្ងាចថ្ងៃចន្ទ ទី ១៧មេសា។ ក្នុងសុន្ទរកថា ប្រមាណជិត​១៥នាទី លោក​ម៉ាក្រុងបានអះអាងសារជាថ្មីថា ការធ្វើកំណែតម្រង់​ប្រព័ន្ធចូលនិវត្តដោយ​ដំឡើងអាយុចូលនិវត្តដល់៦៤ឆ្នាំ គឺជារឿងចាំបាច់ដែលត្រូវតែធ្វើ។

លោក​ម៉ាក្រុង ក្នុងពេលថ្លែងសុន្ទរកថាទៅកាន់​ប្រជាជាតិ ថ្ងៃទី១៧មេសា ២០២៣
លោក​ម៉ាក្រុង ក្នុងពេលថ្លែងសុន្ទរកថាទៅកាន់​ប្រជាជាតិ ថ្ងៃទី១៧មេសា ២០២៣ AFP - SEBASTIEN BOZON
ផ្សាយពាណិជ្ជកម្ម

ទន្ទឹមគ្នានេះ លោកម៉ាក្រុង​អះអាងថា លោក​យល់ពីកំហឹងរបស់ប្រជាជនបារាំង ដែល​មានជីវភាពកាន់តែលំបាក។ តែយ៉ាងណា លោកបានអំពាវនាវ ឲ្យ​ប្រជាជន​បារាំងមានទំនុកចិត្តលើលោក ហើយ​ងាកមករួមកម្លាំងគ្នា ដើម្បី​ផ្តល់សន្ទុះ​ដល់​ការប្រឹងប្រែងជំរុញសេដ្ឋកិច្ច។ លោក​ម៉ាក្រុងបានប្រកាសផងដែរ នូវ​ផែនការកែលំអធំៗទាំង៣ដែលរដ្ឋាភិបាលបារាំង នឹងចាប់ផ្តើមអនុវត្តក្នុងរយៈពេលឆាប់ៗខាងមុខ៖ ទីមួយគឺផ្នែកសេដ្ឋកិច្ច និងការងារ ទី២គឺផ្នែកយុត្តិធម៌សណ្តាប់សង្គម ហើយទី៣គឺផ្នែកសង្គម អប់រំ និងសុខាភិបាលជាដើម។

01:53

សម្រង់សុន្ទរកថារបស់​លោកម៉ាក្រុង ថ្ងៃទី​១៧មេសា ២០២៣

"ដូចយើងគ្រប់គ្នាបានដឹងហើយ នៅថ្ងៃសុក្រកន្លងទៅនេះ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​អនុម័តទទួលយក​នូវខ្លឹមសារមួយ​ផ្នែកធំ នៃច្បាប់​កំណែទម្រង់​ប្រព័ន្ធចូលនិវត្ត ហើយភ្លាមៗនោះ ខ្ញុំក៏បាន​ប្រកាស​​ដាក់ឲ្យ​អនុវត្តច្បាប់ថ្មីនេះ​ដែរ។​ ការផ្លាស់ប្តូរជាក់ស្តែង ដោយ​យោងលើច្បាប់ថ្មីនេះ នឹងចាប់ផ្តើមចូលជាធរមានបន្តិចម្តងៗ ចាប់ពីខែកញ្ញាខាងមុខ។

ច្បាប់ថ្មី​ ដែលត្រូវបាន​អនុម័ត ដោយ​អនុឡោមតាម​រដ្ឋធម្មនុញ្ញនេះ វាគឺជាការធ្វើកំណែទម្រង់ដ៏ចាំបាច់ ចាំបាច់ដើម្បី​ធានាឲ្យគ្រប់គ្នាបានទទួលប្រាក់សោធននិវត្ត ហើយ​ចាំបាច់ដើម្បីផ្តល់សន្ទុះដល់​ការរីកចម្រើនរបស់ជាតិយើង។

ក៏ប៉ុន្តែ អ្វីដែលយើងបានសង្កេតឃើញ គឺកំណែទម្រង់ថ្មីនេះ មិនត្រូវបាន​ប្រជាជន​យើងភាគច្រើន​ទទួលយកទេ។ ​ទោះបីឆ្លងកាត់​ការចរចាគ្នាជាច្រើនខែមកនេះ ការស្រុះស្រួលយោបល់គ្នា នៅតែមិនអាចមានលទ្ធផល ហើយដែលធ្វើឲ្យខ្ញុំមានការសោកស្តាយ​។ ដូច្នេះ យើងត្រូវតែដកស្រង់បទពិសោធន៍ ពីមេរៀននេះ​។​​

ចម្លើយ​របស់យើង គឺមិនអាចជាការនៅស្ងៀមមិនធ្វើអ្វីសោះ ហើយ​ក៏មិនមែនជាការ​ធ្លាក់​ផុងទៅក្នុងអំពើជ្រុលនិយមនោះដែរ។ ចំពោះមុខ​ទឹកចិត្ត​ក្រេវក្រោធ កំហឹងតវ៉ារបស់ពលរដ្ឋ ដែលអស់សង្ឃឹម​គិតថារដ្ឋបោះបង់ពួកគេចោលជាដើមនេះ គឺយើងត្រូវតែ​រួបរួមគ្នាដោះស្រាយបញ្ហា ដូចដែលខ្ញុំតែងតែប្រឹងប្រែងកន្លងមក ជាជាងការបាក់​បែក​​គ្នា​។ ​យើងត្រូវតែ​ផ្តល់អាទិភាពដល់ទិសដៅ​ដ៏​ច្បាស់លាស់ ដែលជាការ​​ពង្រឹងឯករាជ្យភាពរបស់ជាតិយើង និងការ​ផ្តល់យុត្តិធម៌សង្គម"។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ