អានតួអត្ថបទ
បារាំង-ចិន-តៃវ៉ាន់

ប្រធានាធិបតី​បារាំង​រង​ការ​រិះគន់​ពី​សម្ព័ន្ធមិត្ត​ ក្រោយ​បង្ហាញ​​ជំហរ​ទាក់ទង​នឹង​តៃវ៉ាន់

ក្រោយ​​បញ្ចប់​ទស្សនកិច្ចនៅប្រទេស​ចិន​​ និង​នៅពេល​ធ្វើ​ដំណើរ​ត្រលប់​មក​មាតុប្រទេស​វិញ លោកប្រធានាធិបតី​បារាំង​បានអះអាង​នៅ​ក្នុង​​បទ​សម្ភាសន៍​ជាមួយ​អ្នក​​សារព័ត៌មាន ថា គ្មាន​ប្រយោជន៍​អ្វី​ដែលត្រូវបំបោង​​វិបត្តិ​​តៃវ៉ាន់​ទេ។ ​អឺរ៉ុប មិន​ត្រូវ​ដើរ​តាមតែ​​អាមេរិក និង​ចិនឡើយ តែ​គួរ​​មាន​ស្វ័យ​ភាព​យុទ្ធសាស្ត្រ​របស់​ខ្លួន ដើម្បី​ក្លាយ​ជា​ប៉ូល​ទី​បី​។ ជំហរ​បែប​នេះ​បាន​ទទួល​ការ​រិះគន់​ជា​បន្ត​បន្ទាប់​ ពី​សំណាក់​សម្ព័ន្ធមិត្ត​ចាស់ៗ​របស់​បារាំង មាន​ជាអាទិ៍ អាមេរិក និង​អាល្លឺម៉ង់។

ប្រធានាធិបតី​បារាំង ពេល​បំពេញ​ទស្សនកិច្ច​នៅប្រទេស​ចិន ថ្ងៃទី ៧​មេសា ២០២៣
ប្រធានាធិបតី​បារាំង ពេល​បំពេញ​ទស្សនកិច្ច​នៅប្រទេស​ចិន ថ្ងៃទី ៧​មេសា ២០២៣ © Thibault Camus / AP
ផ្សាយពាណិជ្ជកម្ម

បង្ហើប​​ជំហរ ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ដែលទើបធ្វើ​​​សមយុទ្ធ​បែប​ឡោម​ព័ទ្ធ​តៃវ៉ាន់ បាន​បង្កឱ្យ​សម្ព័ន្ធមិត្ត​ងើយឆ្ងល់​យ៉ាង​ខ្លាំង។ ថ្វី​បើ​អ្នក​នាំពាក្យរបស់ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក បាន​អះអាង​ជា​ថ្មី កាលពី​ម្សិលមិញ​ អំពី​ទំនាក់ទំន​ងទ្វេ​ភាគីដ៏​ល្អ​ប្រពៃ​រវាង​​បារាំង​អាមេរិកមែន ប៉ុន្តែ ​អ្នក​ជំនាញជាតិ-អន្តរ​​ជាតិ និងតំណាង​សភា​-ព្រឹទ្ធ​សភា​​អាមេរិក​ អឺរ៉ុប ឃ្នើស​ចិត្ត​នឹង​សំដី​របស់​ប្រធានាធិបតី​បារាំង​ខ្លាំងណាស់។

អ្នកវិភាគតៃវ៉ាន់ យល់​ថា​បារាំង​និង​អឺរ៉ុប​កំពុង​តែ​ឈាន​ទៅ​បោះបង់​មនសិការ​គ្រឹះ​របស់​ខ្លួន ដោយ​ងាក​ទៅ​រក​ចិន។ សម្រាប់​អាមេរិក ​សំដី​លោក​ម៉ាក្រុង ប្រៀប​ដូច​ជា​ការ​ទម្លាក់​កំហុស​លើវ៉ាស៊ីនតោនថា​​ចង់​បង្ក​សង្គ្រាម និង​ជា​សំដី​រមិលគុណ ចំពោះ​មិត្ត​ដែល​បាន​ចំណាយ​លុយ​រាប់​ពាន់​លាន​ជួយ​ទ្រទ្រង់​យោធា​អ៊ុយក្រែន ទាំង​ខ្លួន​គ្មាន​ប៉ះពាល់​ដល់​ជីវិត​ផង។ សូម្បី​តែសម្ព័ន្ធមិត្ត​ក្នុង​រង្វង់​អឺរ៉ុប​ដូច​គ្នា ក៏ភ្ញាក់ផ្អើល​ខ្លាំង​និង​​បាន​រិះគន់​ថា នយោបាយ​បោះដៃ​រក​លោក​ស៊ីជីនពីង​របស់​លោក​ម៉ាក្រុង ដូច​នយោបាយ​ហុច​ដៃ​រក​លោក​ពូទីន កាលពី​មុនស​ង្គ្រាម​អ៊ុយក្រែន។ ករណីទាំងពីរ​សុទ្ធ​តែ​នឹង​ត្រូវ​បរាជ័យ​ទាំង​អស់ និង​ធ្វើ​ឱ្យ​អឺរ៉ុប​កាន់​តែ​ប្រេះឆា​ជាមួយ​អាមេរិក។ នេះ​បើ​តាម​ទស្សនៈតំណាង​រាស្ត្រ​​អាល្លឺម៉ង់ម្នាក់៕

សូម​បញ្ជាក់ថា លោក​ម៉ាក្រុង ធ្លាប់​ពោល​​ពាក្យ​ឆ្គង​បំផុស​រឿង​អាស្រូវ​​ ជុំ​វិញ​ចេតនា​បង្កើត​​ស្វ័យភាព​យោធាអឺរ៉ុប​ ជំនួស​ភាព​គាំង​ស្លាប់​របស់​​អូតង់ម្តង​ហើយ។ ​ នៅពេល​​នេះ​លោក​ម៉ាក្រុង​បំ​ផ្ទុះ​​ប្រតិកម្ម​ថ្មី​មួយ​ទៀត​ទាក់​ទង​នឹង​សំណុំ​រឿង​តៃវ៉ាន់។ នៅក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​បារាំង លោកប្រធានាធិបតី​ ​​ព្រមាន​អំពី​ហានិភ័យ​នៃ​ជំហរ​អឺរ៉ុប​ដែល​ដើរ​តាម​អាមេរិក ដោយ​ជំរុញ​អឺរ៉ុបឱ្យ​បង្កើន​ឯករាជ្យ​កាត់​បន្ថយ​ភាព​រំពឹង​លើ​សហរដ្ឋ​អាមេរិក ​ ​ពង្រឹង​ឧស្សាហកម្ម​ការពារជាតិ មាន​ស្វ័យភាព​យុទ្ធសាស្ត្រ​។ សម្រាប់​លោក​ម៉ាក្រុង អាទិភាព​របស់​អឺរ៉ុប​មិនមែន​ត្រូវ​តែ​សម្រប​ តាមមហាអំណាចផ្សេង គឺ​​អាមេរិក និង​ចិន ទេ។ ប្រសិន​បើ​រវល់​តែតាម​គេ​ នោះ​អឺរ៉ុប​គ្មានពេល​ គ្មាន​មធ្យោបាយ​ផ្តល់​ស្វ័យភាព​យុទ្ធសាស្ត្រ​និងក្លាយ​ជា​កម្លាំង​ទីបី​ពិភពលោកឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ