អានតួអត្ថបទ
បារាំង-ស៊ីរី-ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ

តុលាការ​បារាំង​​បើក​សវនាការ កាត់ទោស​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ​ប្រព្រឹត្តិដោយ​របបផ្តាច់ការ​​ស៊ីរី

តុលាការបារាំង បានបើកសវនាការ កាលពីថ្ងៃអង្គារ ទី​៤មេសា ដើម្បីកាត់ទោសដោយ​កំបាំងមុខ​ ទៅលើមន្ត្រីមានអំណាចនៃរបបផ្តាច់ការស៊ីរី ដែលរងការចោទពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ បណ្តឹងចោទប្រកាន់ ដែលត្រូវបាន​ដាក់នៅមុខ​តុលាការបារាំង ដោយ​ក្រុមគ្រួសារជន​រងគ្រោះ២នាក់​ ជាជនជាតិបារាំងដើមកំណើតស៊ីរី ហើយដែលបាន​​ស្លាប់ដោយ​ការធ្វើទារុណកម្ម នៅស៊ីរី។

ស្ត្រីស៊ីរី លើកបដានៅខាងមុខតុលាការ Koblenz ប្រទេសអាល្លឺម៉ង់ ដែលបើកសវនាកាកាត់ទោសសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បង្កឡើងដោយ​របបផ្តាច់ការស៊ីរី ទៅលើ​ប្រជាជនស៊ីវីល។ អាល្លឺម៉ង់ ថ្ងៃទី ១៣ មករា ២០២២
ស្ត្រីស៊ីរី លើកបដានៅខាងមុខតុលាការ Koblenz ប្រទេសអាល្លឺម៉ង់ ដែលបើកសវនាកាកាត់ទោសសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បង្កឡើងដោយ​របបផ្តាច់ការស៊ីរី ទៅលើ​ប្រជាជនស៊ីវីល។ អាល្លឺម៉ង់ ថ្ងៃទី ១៣ មករា ២០២២ AP - Martin Meissner
ផ្សាយពាណិជ្ជកម្ម

មន្ត្រីមានអំណាចនៃរបបផ្តាច់ការស៊ីរី ចំនួន​៣នាក់ ត្រូវតុលាការបារាំង បើកសវនាការកត់ទោសកំបាំងមុខ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ​ ធ្វើទៅលើ​ជនជាតិបារាំង ដើមកំណើត២នាក់ឪពុកកូន។ ជនជាប់ចោទទី១ ឈ្មោះ Ali Mamlouk ជាប្រធានការិយាល័យសន្តិសុខជាតិស៊ីរី ជនជាប់ចោទទី២ឈ្មោះ  Jamil Hassan ប្រធានក្រុមចារកិច្ច​​សម្ងាត់នៃ​កងទ័ពអាកាសស៊ីរី។ ចំណែកជនជាប់ចោទទី៣ ឈ្មោះ Abdel Salam Mahmoud ជាប្រធានផ្នែកស៊ើបការណ៍​នៃការិយាល័យ​​ចារកិច្ច​​កងទ័ពអាកាសស៊ីរី។

សូមបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ជាជនជាតិបារាំង ដើមកំណើតស៊ីរី ​ ម្នាក់ជាឪពុកឈ្មោះ Mazzen Dabbagh ជាទីប្រឹក្សាអប់រំនៅសាលាបារាំងក្រុងដាម៉ាស ចំណែកជនរងគ្រោះទី២ ជាកូន ឈ្មោះPatrick Dabbagh ជានិស្សិតនៅ​មហាវិទ្យាល័យ​អក្សរសាស្ត្រមនុស្សសាស្ត្រ​ក្រុងដាម៉ាស។ អ្នកទាំងពីរត្រូវបានចាប់ខ្លួន នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៣ ដោយ​កម្លាំងសមត្ថកិច្ចដែលអះអាងថាជាក្រុមចារកិច្ច​របស់កងទ័ពអាកាសស៊ីរី។

បុរសម្នាក់ជាប្អូនថ្លៃរបស់​លោក​ Mazzen Dabbagh ដែលត្រូវបានគេចាប់ខ្លួន​ជាមួយគ្នាដែរនោះ បានអះអាងថា ជនរងគ្រោះទាំង២ត្រូវបានគេបញ្ជូនយកទៅមន្ទីរឃុំឃាំង al-Mezzeh ដែលគេស្គាល់ថាជា​ទីកន្លែងធ្វើទារុណកម្ម​របស់​របបផ្តាច់ការបាស្ហា អាល់អាសាដ។ ខែសីហាឆ្នាំ​២០១៨ របបផ្តាច់ការស៊ីរី បានទទួលស្គាល់ថា ជនរងគ្រោះទាំង២​បានស្លាប់​ហើយ។ ឆ្លងកាត់ការស៊ើបអង្កេតរបស់អាជ្ញាធរតុលាការបារាំង ដោយផ្អែកលើ​សក្ខីកម្មជាច្រើន បានបង្ហាញឲ្យ​ដឹងថា ជនរងគ្រោះទាំង២ ក៏មិនខុសពី​អ្នកទោសជាច្រើនសិបនាក់ផ្សេងទៀត បានរងនូវការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃបំផុត រហូតដល់ស្លាប់។

តំណាង​សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស បានអបអរសាទរ ចំពោះ​ការបើកសវនាការររបស់តុលាការក្រុងប៉ារីស ដើម្បីកាត់ទោសអំពើឧក្រិដ្ឋកម្មសង្គ្រាម​នៅស៊ីរី បើទោះបីជាសវនាការកំបាំងមុខ។ វាគឺជាការបោះជំហាន ឈានទៅ​លប់បំបាត់ និទណ្ឌភាព ពាក់ព័ន្ធនឹង​ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ​។ ក្រៅពីនៅបារាំង របបផ្តាច់ការស៊ីរី ត្រូវបានតុលការ​នៅអាល្លឺម៉ង់ បើកសវនាការកាត់ទោសចំនួន​៣សំណុំរឿងហើយ ​ទាក់ទិននឹងអំពើឧក្រិដ្ឋ​ធ្វើទៅលើ​ប្រជាជនស៊ីវីលស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ