អានតួអត្ថបទ

តួកគី៖លោកអ៊ែរដូហ្កានផ្តល់ភ្លើងខៀវសម្រាប់ហ្វាំងឡង់ តែបន្តទុកភ្លើងក្រហមសម្រាប់ស៊ុយអែតជាសមាជិកអូតង់

នៅ​ក្នុង​ប្រទេស​តួកគី ប្រធានាធិបតី​លោក​អ៊ែរដូហ្កាន​បាន​ដក​វេតូ​ចេញ​វិញ​សម្រាប់​សមាជិកភាព​របស់​ប្រទេស​ហ្វាំងឡង់​នៅ​ក្នុង​អង្គការ​អូតង់។ ការ​សម្រេចចិត្ត​ជា​ផ្លូវការ​របស់​លោក​អ៊ែរដូហ្កាន​បាន​ធ្វើ​ឡើង​នា​ថ្ងៃ​សុក្រ ទី១៧ មីនា​នា​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ហ្វាំងឡង់​លោក សូលី នីនីស្តូ​ក្នុង​ទីក្រុង​អង់ការ៉ា។ ការ​បើក​ភ្លើង​ខៀវ​សម្រាប់​ហ្វាំងឡង់​នេះ​ត្រូវ​បាន​លោក​អ៊ែរដូហ្កាន​ស្នើ​ឲ្យ​សភា​តួកគី​ផ្តល់​សច្ចាប័ន​ជា​ផ្លូវការ។ តែ​សម្រាប់​ស៊ុយអែត​វិញ​ត្រូវ​បាន​លោក​អ៊ែរដូហ្កាន​បន្ត​ខ្ទប់​ដដែរ​នៅ​ពេល​នេះ។

ប្រធានាធិបតី​ហ្វាំងឡង់​លោកសូលី នីនីស្តូ (រូបឆ្វេង) និង​សមភាគីតួកគី​លោក​អ៊ែរដូហ្កាន​ក្នុង​ទីក្រុង​អង់ការ៉ា ប្រទេស​តួកគី ថ្ងៃទី១៧ មីនា ២០២៣។
ប្រធានាធិបតី​ហ្វាំងឡង់​លោកសូលី នីនីស្តូ (រូបឆ្វេង) និង​សមភាគីតួកគី​លោក​អ៊ែរដូហ្កាន​ក្នុង​ទីក្រុង​អង់ការ៉ា ប្រទេស​តួកគី ថ្ងៃទី១៧ មីនា ២០២៣។ via REUTERS - PRESIDENTIAL PRESS OFFICE
ផ្សាយពាណិជ្ជកម្ម

ទីបំផុត និង​បន្ទាប់​ពី​បាន​ជាប់​គាំង​អស់​រយៈពេល ៩ខែ​មក ពិធីសារ​សុំ​ចូល​ជា​សមាជិក​អូតង់​របស់​ប្រទេស​ហ្វាំងឡង់​បាន​ចូល​ដល់​សភា​តួកគី​ហើយ។ ដំណឹង​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​ជាមួយ​សមភាគី​ហ្វាំងឡង់​លោក​សូលី នីនីស្តូ។ លោក​អ៊ែរដូហ្កាន​សង្ឃឹម​ថា ពិធីសារ​សុំ​ចូល​ជា​សមាជិក​អូតង់​របស់​ហ្វាំងឡង់​នឹង​ត្រូវ​សភា​តួកគី​ឲ្យ​សច្ចាប័ន​នៅ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី និង​សភា​តួកកី​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី១៤ ឧសភា​ខាង​មុខ។

ការ​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​ហ្វាំងឡង់​ត្រូវ​បាន​លោក​អ៊ែរដូហ្កាន​ពន្យល់​ថា ហ្វាំងឡង់​បាន​គោរព​តាម​កិច្ចសន្យា​ដែល​មាន​ចែង​នៅ​ក្នុង​អនុស្សរណៈចុះ​ហត្ថលេខា​ក្នុង​ខែ​មិថុនា ឆ្នាំ ២០២២ នៅ​ក្នុង​ទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ។ អនុស្សរណៈ​បាន​តម្រូវ​ឲ្យ​ហ្វាំងឡង់ និង​ស៊ុយអែត​រួមសហការ​ជាមួយ​តួកគី​បន្ថែម​ទៀត​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ភេរវនិយម។ ដូច្នេះ​សម្រាប់​ប្រធានាធិបតី​តួកគី ហ្វាំងឡង់​ជា​សិស្សល្អ ហើយ​ស៊ុយអែត​នៅ​ជា​សិស្ស​មិន​ទាន់​បាន​កែខ្លួន​ដែល​តួកគី​មិន​ទាន់​អាច​ផ្តល់​ភ្លើងខៀវ​ឲ្យ​បាន​នៅ​ឡើយ​ទេ។

ប្រធានាធិបតី​តួកគី​បន្ត​ស្តីបន្ទោស​ស៊ុយអែត​ក្នុង​រឿង​មិនព្រម​បញ្ជូន​ឲ្យ​តួកគី​នូវ​ពួក​ភេរវជន ពិសេស​សមាជិក​នៃ​គណបក្ស​ពលករ​កួដឌីស្ថាន​ហៅ​កាត់ PKK។ លោក​អ៊ែរដូហ្កាន​បាន​បញ្ជាក់​ពី​ការ​ផ្តល់​ឲ្យ​ស៊ុយអែត​នូវ​បញ្ជី​ឈ្មោះ​មនុស្ស​ចំនួន ១២៤នាក់​ដែល​ស៊ុយអែត​ត្រូវ​បញ្ជូន​ឲ្យ​តួកគី។ ឆ្លើយ​តប​នឹង​តួកគី​ដែល​បាន​ផ្តល់​ភ្លើងខៀវ​ឲ្យ​ហ្វាំងឡង់ ស៊ុយអែត​បាន​ត្រឹម​សម្តែង​ការ​សោកស្តាយ និង​ខកចិត្ត។ ចំណែក​អាមេរិក​តាម​រយៈ​ទីប្រឹក្សាសន្តិសុខជាតិ​របស់​សេតវិមាន​លោក​ជេក ស៊ូលីវ៉ាន់​បាន​សាទរ​លើ​ការ​ឲ្យ​សច្ចាប័ន​ប្រកាស​ដោយ​តួកគី និង​សង្ឃឹម រួម​ទាំង​លើក​ទឹកចិត្ត​ឲ្យ​តួកគី​ផ្តល់​សច្ចាប័ន​ឆាប់​រហ័ស​ដល់​ប្រទេស​ស៊ុយអែត​មួយ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ