អានតួអត្ថបទ
បារាំង-អាកាសធាតុ

ប្រធានាធិបតីបារាំង​ចង់បង្កើនល្បឿនកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ដើម្បីសម្រេចគោលដៅ ឆ្នាំ ២០៣០

 បារាំង​ត្រូវ​ប្រឹងប្រែងទ្វេដង ក្នុងការកាត់បន្ថយ ការបញ្ចេញ​ឧស្ម័នកាបូនិក បើសិន​ចង់​សម្រេចគោលដៅ​អាកាសធាតុ​ឆ្នាំ ២០៣០។ នៅ​ក្នុង​សារវីដេអូ ដែលផ្សព្វផ្សាយ​នៅលើ​បណ្តាញសង្គម នៅ​ពីរថ្ងៃ​ក្រោយ កិច្ចប្រជុំ​ក្រុមប្រឹក្សា​ស្តីពី​ផែនការអេកូឡូស៊ី នៅវិមាន​ប្រធានាធិបតី ប្រមុខដឹកនាំបារាំង​បាន​និយាយ​ត្រួសៗ​ពី​វិស័យដែល​គេត្រូវ​ចាត់​វិធានការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់។

ប្រធានាធិបតីបារាំង​នៅក្នុង​សន្និសីទ​នៅ​ទីក្រុង​ប៉ារីស ដែល​និយាយពីការខូចខាត​ដោយសារ​កត្តាប្រែប្រួលអាកាសធាតុ ខែ វិច្ឆិកា ២០២២
ប្រធានាធិបតីបារាំង​នៅក្នុង​សន្និសីទ​នៅ​ទីក្រុង​ប៉ារីស ដែល​និយាយពីការខូចខាត​ដោយសារ​កត្តាប្រែប្រួលអាកាសធាតុ ខែ វិច្ឆិកា ២០២២ AP - Mohammed Badra
ផ្សាយពាណិជ្ជកម្ម

នៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងអន្តរជាតិ​ស្តីពីអាកាសធាតុ ដែល​មានចែង​ពីការទប់ស្កាត់​កុំ​ឲ្យ​សីតុណ្ហភាពនៅលើ​ផែនដី កើនឡើង​ខ្ពស់ជាង ១,៥អង្សា បារាំង​បាន​សន្យា​កាត់បន្ថយ ការបញ្ចេញ​ផ្ទះកញ្ចក់ ឲ្យបាន​៤០% ពីពេលនេះ ដល់​ឆ្នាំ ២០៣០។ ប៉ុន្តែ នៅក្នុង​វីដេអូ ដែលផ្សព្វផ្សាយ​នៅលើ​បណ្តាញសង្គម ធ្វីតធ័រ កាលពី​ថ្ងៃសៅរ៍ ប្រធានាធិបតី បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង​បាននិយាយ​ថា បារាំង​ស្ថិតនៅឆ្ងាយ​ណាស់ ឆ្ងាយពី គោលដៅ​របស់ខ្លួន។

ដើម្បីសម្រេចតាមគោលដៅ​ឆ្នាំ ២០៣០ ពោល​គឺ​កាត់បន្ថយ​ការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ ឲ្យ​បាន ៤០% បារាំងត្រូវ​បញ្ចេញ​ឧស្ម័នកាបូនិក ត្រឹមតែ ២៧០​លានតោន ក្នុង​មួយឆ្នាំ។ ប៉ុន្តែ សព្វថ្ងៃនេះ បារាំង នៅបន្ត​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ចន្លោះ ពី ៤១០ ទៅ​៤៣០​លាន​តោន​ក្នុង​មួយឆ្នាំៗ។ ដូច្នេះ ដើម្បី​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន​កាបូនិក ឧស្ម័នផ្ទះកញ្ចក់ ឲ្យបាន​៤០% បារាំង ត្រូវប្រឹងប្រែងទ្វេដង ពោល​គឺ​ត្រូវ​កាត់បន្ថយ ចំនួន ឧស្ម័នកាបូនិក​ ប្រមាណ ១៤០លានតោន ក្នុងមួយឆ្នាំៗ។

នៅក្នុង​សារវីដេអូ ប្រធានាធិបតី​បារាំង ទទួល​ស្គាល់ ថា នៅក្នុង​រយៈពេល​ដឹកនាំ​របស់លោក​នៅ​៥ឆ្នាំមកនេះ មាន​ការប្រឹងប្រែង​ដើម្បី​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ ប៉ុន្តែ ការប្រឹងប្រែង​នៅមិនទាន់​គ្រប់គ្រាន់។ “បើសិន​យើងមិន​ផ្លាស់ប្តូរអ្វីទេ នោះ​យើង​មិនអាច​សម្រេច​គោលដៅ​ឆ្នាំ ២០៣០បានទេ” នេះជា​ប្រសាសន៍​របស់​ប្រធានាធិបតី​បារាំង មុននឹង​លើកឡើង​ពី​វិស័យ​ដែល​គេត្រូវ​ចាត់វិធានការ​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់។

តាម​ប្រធានាធិបតី មានវិស័យធំៗ​ចំនួន ៦​ដែល​ទទួល​ខុសត្រូវ​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ ដូចជា​វិស័យ​ដឹកជញ្ជូន បញ្ចេញ​ឧស្ម័នកាបូនិក ៣០% វិស័យ​កសិកម្ម ១៩% វិស័យ ឧស្សាហកម្ម ១៩% វិស័យសំណង់ ១៨% វិស័យថាមពល ១០% និង​កាកសំណល់ ចំនួន ៣%។

សម្រាប់​ប្រធានាធិបតីបារាំង នៅ​ក្នុង​វិស័យដឹកជញ្ជូន គេ​អាចកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក យ៉ាងមាន​ប្រសិទ្ធិភាពបំផុត បើសិន​គេ​បន្ត​វិនិយោគ អភិវឌ្ឍ​លើ​រថយន្ត​អគ្គិសនី។ នៅត្រង់ចំណុចនេះ លោក​ម៉ាក្រុង​បាននិយាយ​ពី​ផែនការ​របស់​រដ្ឋាភិបាល ក្នុងការ​តម្រង់ទិស បង្កើនការផលិត​រថយន្តអគ្គិសនី​ក្នុងទឹកដីបារាំង។ សម្រាប់​វិស័យកសិកម្ម​ដែល​បញ្ចេញ​ឧស្ម័នមេតាន​ក្រាស់ក្រែល លោកប្រធានាធិបតី​ម៉ាក្រុង បាន​បញ្ជា​ឲ្យ​គេ​រៀបចំផែនការ​លម្អិត ដែល​ដើរស្របគ្នា​នឹងអនាគត​ច្បាប់ថ្មី ក្នុងការសម្របសម្រួល ការវិនិយោគ របស់​កសិករវ័យក្មេង។

សម្រាប់ប្រធានាធិបតីបារាំង នៅមាន​ការងារ​ដ៏ច្រើនសន្ធឹកសន្ធាប់ដែលគេ​ត្រូវ​ធ្វើ ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់។ វា​មិនមែនជា​រឿងថ្មី គួរ​ឲ្យភ្ញាក់ផ្អើល ប៉ុន្តែ ឥលូវនេះ គេត្រូវ​ធ្វើសកម្មភាព​ជាក់ស្តែង ដូចជា​ការស្វែងរកថវិកាជាដើម ព្រោះថា ដើម្បី​អាច​សម្រេចគោលដៅ គេ​ត្រូវការ​ទាំង​ថវិការដ្ឋ និង​ថវិកាឯកជន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ