អានតួអត្ថបទ
ទូរគមនាគមន៍កង់ទិក

ទីភ្នាក់ងារអវកាសអឺរ៉ុបគ្រោងអភិវឌ្ឍបណ្តាញទូរគមនាគមន៍កង់ទិក

ទីភ្នាក់ងារអវកាសអឺរ៉ុប ហៅកាត់ថា “អេសា” (ESA) បានសម្រេច​ផ្តល់កិច្ចសន្យាទៅឲ្យក្រុមហ៊ុន​ឯកជនអឺរ៉ុប ដើម្បី​អភិវឌ្ឍ​បណ្តាញ​ទូរគមនាគមន៍​ ដោយប្រើ​បច្ចេកវិទ្យាកង់ទិក។ ជាបណ្តាញ​ទូរគមនាគមន៍ជំនាន់ថ្មី ដែលមានទាំង​បណ្តាញ​នៅលើដី និង​ផ្កាយរណប​នៅ​ទីអវកាស ហើយ​ដែល​មានសុវត្ថិភាពខ្ពស់ អាចទប់ទល់​នឹង​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត។

បណ្តាញទូរគមនាគមន៍កង់ទិក​អាចមាន​សុវត្ថិភាពខ្ពស់ ទប់ទល់​នឹង​ការវាយប្រហារ​តាម​ប្រព័ន្ធអ៊ីនធ័រនែត
បណ្តាញទូរគមនាគមន៍កង់ទិក​អាចមាន​សុវត្ថិភាពខ្ពស់ ទប់ទល់​នឹង​ការវាយប្រហារ​តាម​ប្រព័ន្ធអ៊ីនធ័រនែត AFP/File
ផ្សាយពាណិជ្ជកម្ម

គម្រោង​អភិវឌ្ឍ​បណ្តាញទូរគមនាគមន៍​កង់ទិក របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប “អេសា” ត្រូវ​បាន​រៀបចំ​ធ្វើឡើង ដោយ​មាន​កិច្ចសហប្រតិបត្តិការ​ពី​សំណាក់​ទីភ្នាក់ងារអវកាស​បារាំង (CNES) និង​ទីភ្នាក់ងារ​អវកាស​អូទ្រីស (ALR) ហើយធ្វើក្នុងគោលដៅចម្បងមួយ គឺ​ត្រួសត្រាយផ្លូវ​​​ឲ្យ​អឺរ៉ុប​មាន​បណ្តាញ​ទូរគមនាគមន៍​ផ្ទាល់ខ្លួន​ប្រកប​ដោយ​​សុវត្ថិភាព​ខ្ពស់​បំផុត ទប់ទល់​នឹង​ការ​វាយប្រហារ​តាម​ប្រព័ន្ធអ៊ីនធ័រនែត (Cyberattack)។

គេដឹង​ថា បច្ចុប្បន្ន​នេះ បច្ចេកវិទ្យា​កុំព្យូទ័រកង់ទិក​កំពុងតែ​រីកចម្រើន​ជឿនលឿន​ទៅមុខ ហើយ​កុំព្យូទ័រកង់ទិក​នេះ ជា​ប្រភេទ​កុំព្យូទ័រ​ដែល​មាន​សមត្ថភាពខ្ពស់​អាច​បំបែក​បាន​យ៉ាងងាយ​នូវ​លេខសម្ងាត់​ក្នុង​បណ្តាញ​ទំនាក់ទំនង​ក្លាស៊ិក ដែល​យើង​មាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ដូច្នេះ គេចាំបាច់​ត្រូវតែ​បង្កើត​បណ្តាញ​ទំនាក់ទំនង​ជំនាន់​ថ្មី ដែល​ប្រើ​បច្ចេកវិទ្យាកង់ទិក​នេះ​ដែរ ដើម្បី​អាច​ទប់ទល់​នឹង​សមត្ថភាព​បំបែក​លេខសម្ងាត់​ដោយ​កុំព្យូទ័រកង់ទិកដូចគ្នា។

កិច្ចសន្យា​អភិវឌ្ឍ​គម្រោង​ទូរគមនាគមន៍កង់ទិក ដែល​គេ​ឲ្យឈ្មោះ​ថា « TeQuantS » ត្រូវ​បាន​ទីភ្នាក់ងារអេសា​​សម្រេច​ផ្តល់​ទៅ​ឲ្យ​សម្ព័ន្ធក្រុមហ៊ុនអឺរ៉ុប នាំមុខដោយ​ក្រុមហ៊ុន Thales Alenia Space ដែលជាក្រុមហ៊ុនវិនិយោគរួម រវាង​ក្រុមហ៊ុន​ Thales របស់​បារាំង និង​ក្រុមហ៊ុន Leonardo របស់​អ៊ីតាលី។

យោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រុមហ៊ុន Thales Alenia Space ចេញផ្សាយ​ នៅថ្ងៃ​ចន្ទ​នេះ កិច្ចសន្យា ដែល​ក្នុង​ជំហាន​ដំបូង​មាន​ទឹកប្រាក់​ជាង ១០លាន​អឺរ៉ូ មានគោលដៅ​​សាងសង់ និង​ដាក់បង្ហាញ​ជាក់ស្តែង អំពី​​ប្រសិទ្ធភាព​នៃ​បណ្តាញ​ទំនាក់ទំនង​រយៈចម្ងាយឆ្ងាយ រវាង​ផែនដី និង​ផ្កាយរណប ដោយ​ប្រើ​បច្ចេកវិទ្យា​កង់ទិក ដើម្បី​ឈាន​ទៅ​បង្កើត​បណ្តាញ​ទំនាក់ទំនង​កង់ទិក​​​ជាលក្ខណៈទូលំទូលាយ​ ទៅថ្ងៃអនាគត។ បណ្តាញទំនាក់ទំនងកងទិក ដែល​មានទាំង​បណ្តាញផ្កាយរណប ដែល​នៅ​ក្នុង​ទីអវកាស ក្នុង​គន្លង​តារាវិថី​ជុំវិញផែនដី ហើយបូករួម​ជាមួយ​នឹង​ស្ថានីយ៍​ដែលនៅលើដី តភ្ជាប់​ជា​ខ្សែបណ្តាញ​ដោយខ្សែកាបអុបទិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ