អានតួអត្ថបទ
រុស្ស៊ី-ថាមពល

រុស្ស៊ី ៖ ការនាំចេញ​ឧស្ម័ន​ ថយ​ចុះ​អស់ជិត​ពាក់​កណ្តាល​​នៅ​ឆ្នាំ​២០២២

ការ​នាំ​ចេញ​ឧស្ម័ន​របស់​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី​ហ្កាសព្រុម ទៅ​បរទេស ដោយ​មិន​រាប់​ពី​ក្រុមប្រទេស​ជា​អតីត​សហភាព​សូវៀត បាន​ធ្លាក់​ចុះ​អស់​៤៥,៥% នៅ​ឆ្នាំ​២០២២។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍របស់​អគ្គនាយក​ក្រុមហ៊ុន​ហ្កាស​រុស្ស៊ី ​​ប្រកាស​ចេញ​នៅថ្ងៃ ចន្ទ​ទី ២ មករា ២០២៣។​

ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Poutine (ឆ្វេង) និង​លោក​ Alexei Miller អគ្គនាយកក្រុមហ៊ុន​Gazprom
ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Poutine (ឆ្វេង) និង​លោក​ Alexei Miller អគ្គនាយកក្រុមហ៊ុន​Gazprom AFP PHOTO /KREMLIN POOL / ALEXEY NIKOLSKY
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តី​ថ្លែងការណ៍ លោក អាឡិចសី មីឡឺ Alexei Miller អគ្គនាយក​ក្រុមហ៊ុន​ឧស្ម័ន​Gazprom រុស្ស៊ី បាន​គូស​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​​នាំ​ចេញ​ហ្កាស​ ចំនួន ១០០,៩ពាន់​លាន​ម៉ែត្រគូប នៅ​ឆ្នាំ​២០២២ ទៅបរទេស​ដែលនៅ​​ឆ្ងាយ ពោល​គឺ​ចង់​សំដៅ​លើ​​បណ្តា​ប្រទេស​ដែល​មិនធ្លាប់​​ជា​អតីត​​សហភាព​សូវៀត។ កាលពី​ឆ្នាំ​២០២១ បណ្តា​ប្រទេស​ទាំង​នោះ​បាន​ទទួល​នាំ​ចូល​​ឧស្ម័ន​ពី​ក្រុមហ៊ុន​Gazprom ដល់​ទៅ​១៨៥,១ពាន់​លាន​ម៉ែត្រគូប​ឯណោះ។

មាន​ន័យ​ថា ការ​នាំចេញ​ឧស្ម័នរបស់​​រុស្ស៊ី ទៅ​បណ្តា​ប្រទេស​មិនមែន​ជា​អតីត​សហភាព​សូវៀត ​បាន​ធ្លាក់​ចុះ​អត់​ជិត​ពាក់​កណ្តាល។ ដើម្បីលុប​​បំពេញ​ការ​​ខាតបង់​នេះ មូស្គូ​បាន​បង្កើន និង​ពន្លឿន​​ការ​នាំ​ចេញ​ឧស្ម័ន​ទៅ​ឱ្យ​មហាយក្ស​ចិន ដែល​ស្រែកឃ្លាន​ថាមពលបំផុត​​។ នៅ​ឆ្នាំ​២០២២ ការនាំ​ចេញ​ឧស្ម័ន​ទៅ​ចិន មាន​បរិមាណ​ច្រើន​ជាង​សេចក្តី​ត្រូវ​ការ​ចែង​ក្នុង​កិច្ច​សន្យា​ទិញ​ទៅ​ទៀត។ នេះ​បើ​តាម​លោក​អគ្គនាយក​ក្រុមហ៊ុន​ហ្កាសព្រុម ដោយ​បង្ហាញ​​ទស្សនៈ​វិស័យ​អនាគត​ នៅ​ថ្ងៃ​ចន្ទ​ទី​២​មករា​នេះថា សេចក្តី​ត្រូវ​ការ​របស់​ពិភពលោក​ផ្នែក​ឧស្ម័ន​រំពឹង​ខ្លាំង​លើ​ទីផ្សារ​អាស៊ី ជាពិសេស​គឺ​ចិន​តែ​ម្តង។

​កាលពី​ចុង​ខែ ធ្នូ​២០២២ លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន បាន​បញ្ជា​ឱ្យ​បើក​ធ្វើ​ផលិតកម្ម​អណ្តូង​ឧស្ម័ន​ដ៏​ធំ​មួយ​នៅ​តំបន់​ស៊ីបេរី  ដើម្បី​អាច​បង្កើន​ការ​នាំ​ចេញ​ហ្កាស​ទៅ​ចិន​។ រុស្ស៊ី​ក៏​បាន​លើក​គម្រោង​ស្ថាបនា​បំពង់​បង្ហូរ​ឧស្ម័ននៅ​តំបន់​ស៊ីបេរី​ទីពីរ Force de Siberie 2 ដែល​តភ្ជាប់​ត្រង់​ទៅ​ចិន ដោយ​ឆ្លង​កាត់​តាម​ប្រទេស​ម៉ុងហ្គោលី ចាប់​ពី​ឆ្នាំ​២០២៤​ទៅ​។ ក្រៅ​អំពី​បង្កើនការ​នាំចេញ​តាម​បំពង់​បង្ហូរ​ឧស្ម័ន​ស៊ីបេរី​១ ហា្កសព្រុម​ក៏​គ្រោង​នឹង​បង្កើន​ការ​នាំ​ចេញ​ឧស្ម័ន​តាម​ច្រក​ខាង​កើត​បំផុត​របស់​ប្រទេស​ដែរ​។ ជា​មួយនឹង​គម្រោង​ទាំង​បី ​ បើ​តាម​លោក​ អាឡិចសី មីឡឺ រុស្ស៊ី​អាច​បញ្ជូន​ឧស្ម័ន​ឱ្យ​ចិន​បាន​ប្រមាណ​១០០ពាន់​លាន​ម៉ែត្រ​គូប។

សូម​បញ្ជាក់​ថា ​ការ​នាំ​ចេញ​ឧស្ម័ន​​-​ប្រេង​រុស្ស៊ី​មក​អឺរ៉ុប ត្រូវ​បាន​កាត់​បន្ថយ​​យ៉ាង​ខ្លាំង ក្នុង​អំឡុង​ពេល​ពេញ​មួយ​ឆ្នាំ​២០២២​មក​នេះ ព្រោះ​លោក​ខាង​លិច​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​​មូស្គូ​ដែល​ចូល​ធ្វើ​​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន។

កាលពី​ខែ​ធ្នូ​២០២២ សហភាព​អឺរ៉ុប​បាន​ថែម​ទាំង​សម្រេចព្រមព្រៀង​គ្នា​ ​កំណត់​តម្លៃ​នាំ​ចេញប្រេង​​របស់​រុស្ស៊ី​ត្រឹម​៦០​ដុល្លារ​ក្នុង​មួយធុង​បារីល​ផង។ ​វិធានការ​នេះ​ធ្វើ​ឡើង​ក្នុង​បំណង​កាត់​បន្ថយ​ប្រាក់​ចំណូល​របស់​រុស្ស៊ី​បាន​មក​ពី​ការ​លក់​ថាមពល។ ជា​ប្រតិកម្ម​តប រុស្ស៊ី​ប្រកាស​ហាមឃាត់​ចាប់​ពី​ថ្ងៃទី ១កុម្ភៈ​២០២៣​ទៅ មិន​ឱ្យ​លក់​ប្រេង​ទៅ​ឱ្យ​បរទេស​ណា​ដែល​ប្រើ​វិធានការ​កំហិត​តម្លៃ​ប្រេង​លក់​ចេញ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ