អានតួអត្ថបទ

និយោជិតរុស្ស៊ី ប្រមាណ១០ម៉ឺននាក់នៃវិស័យបច្ចេកវិទ្យាព័ត៌មានបានចាកចេញពីប្រទេសខ្លួន

និយោជិត ប្រមាណ ១០ ម៉ឺននាក់ នៃវិស័យ ឌីជីថល់ ឬ ម្តុំ ១០% នៃចំនួនសរុប បាន​ចាក​​ចេញពីប្រទេសរុស្ស៊ី ក្នុងឆ្នាំ ២០២២។ សេចក្តីនេះ ប្រកាសថ្ងៃអង្គារដោយ អាជ្ញាធរ​រុស្ស៊ី ព្រមទាំង​បាន​រំលេចអំពី​ហានិភ័យ នៃលំហូរទៅក្រៅប្រទេស គឺខួរក្បាលបំពាក់​ដោយចំណេះ​ឈានមុខបែបនេះ  ចំពេលដែលរុស្ស៊ីវាតប្រតិបត្តិការវាយលុកនៅអ៊ុយក្រែន​។

រូបភាពតំណាង។ លោក ពូទីន ប្រមុខរដ្ឋរុស្ស៊ី។
រូបភាពតំណាង។ លោក ពូទីន ប្រមុខរដ្ឋរុស្ស៊ី។ © REUTERS/Maxim Shemetov MAXIM SHEMETOV
ផ្សាយពាណិជ្ជកម្ម

«រហូតដល់ ១០% នៃនិយោជិតបណ្តាក្រុមហ៊ុនរុស្ស៊ីខាងបច្ចេកវិទ្យាព័ត៌មាន  បានចាកចេញពី ប្រទេស ហើយឥតត្រឡប់មកវិញឯណា ។ គិតជាសរុប គឺអ្នកឯកទេសប្រមាណ ១០ ម៉ឺន នាក់ នៃវិស័យបច្ចេកវិទ្យាព័ត៌មាន  បច្ចុប្បន្ន ស្ថិតនៅតាមប្រទេសក្រៅ»។ សេចក្តីនេះ ថ្លែង​ដោយ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថល់ លោក Maksout Chadayev។ ប្រសាសន៍នេះ​លើក​យក​ទៅផ្សព្វផ្សាយ ដោយ ទីភ្នាក់ងារព័ត៌មាន រុស្ស៊ី នានា។

តាមប្រភព​ដដែល «៨០% នៃ អ្នកដែលបានចាកចេញពីរុស្ស៊ីទៅ នៅបន្ត​ធ្វើការ​ឲ្យសហ​គ្រាស​រុស្ស៊ីដដែល។ ការងារប្រភេទនេះ គឺស៊ីគ្នាយ៉ាងដិតដល់នឹង ការងារពីចម្ងាយ។» ក្នុង​ចំណោម​អ្នកដែលបានចាកចេញពីរុស្ស៊ីទៅ មានមិនតិចទេអ្នកដែលបោះទីតាំងខ្លួន នៅក្នុងប្រទេស តួកគី នៅហ្ស៊កហ្ស៊ី នៅអាមេនី នៅ អេមៀរ៉ាតអារ៉ាបរួម ឬ ថែមទាំង​នៅអាស៊ីកណ្តាល​ ជាទីដែលគេអាចបន្តធ្វើការ​ហើយទទួលប្រាក់ខែ​សម្រាប់​ផ្គត់ផ្គង់​ដល់តម្រូវការខ្លួន។​

និយោជិតជាច្រើននៃ វិស័យឌីជីថល់ បាន​ចាកចេញពីរុស្ស៊ី គឺតាំងពីពេលដែល ម៉ូស្គូ បានចាប់ផ្តើមប្រតិបត្តិការវាយលុកចូលអ៊ុយក្រែន កាលពីចុងខែកុម្ភៈ។ ការចាកចេញរង្គាលក្នុងរលកទី ១ បានប្រព្រឹត្តទៅ នាប៉ុន្មានសប្តាហ៍ដំបូង នៃជម្លោះ ហើយរលកទី ២ គឺនៅ សរទរដូវ ក្រោយពីវិមានក្រេមឡាំង បានប្រកាសក្នុងខែកញ្ញា ធ្វើកំណែនពួកយោធាបម្រុង​ចំនួន រាប់សែននាក់ ក្នុងវ័យដែលអាចច្បាំង។

ការចាកចេញទាំងនេះ ដែលបន្ថែមលើលំហូរទៅក្រៅនៃពលរដ្ឋរុស្ស៊ីរាប់សែននាក់ទៀត  ញ៉ាំងឲ្យ​អាជ្ញាធរ ព្រួយបារម្ភ ខ្លាចបាត់បង់ទៅ ខួរក្បាលគ្រាក់ៗ ក្នុងវិស័យ បច្ចេកវិទ្យា​ឈានមុខ ដែលត្រូវការអ្នកជំនាញមានគុណ​ភាពខ្ពស់ ហើយដែលទម្រាំ​បណ្តុះបណ្តាល​បាន គឺទាមទារឲ្យចំណាយ ពេលយ៉ាងយូរ។

ទណ្ឌកម្មសេដ្ឋកិច្ចបស្ចិមលោក  ក៏ពាំនាំជាការលំបាកបន្ថែមទៀត ដោយចោទ​ជាពិសេស​បញ្ហាផ្តល់ ហិរញ្ញប្បទាន ឬ ផ្គត់ផ្គង់ជា គ្រឿងផ្សំអេឡិចត្រូនិក​ប្រភេទខ្លះ។

ដើម្បីបញ្ចៀសកុំឲ្យស្ថានការណ៍រឹតតែធ្ងន់ធ្ងរ ​រដ្ឋមន្ត្រីរុស្ស៊ីខាងអភិវឌ្ឍន៍ឌីជីថល់​បានស្នើ«កុំឲ្យរឹតត្បិតជ្រុលពេក»លើការងារពីចម្ងាយ នៃពួកនិយោជិត វិស័យឌីជីថល់ ពីព្រោះ ការនេះអាចជំរុញពួកគេ ឲ្យស្វែងរកការងារ នៅតាមសហគ្រាសបរទេសទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ