អានតួអត្ថបទ

របាយការណ៍ Opep៖កំណើនតម្រូវការប្រេងក្នុងលោកមិនប្រែប្រួល ទោះបីជាមានតម្លៃខ្ពស់

នៅ​ថ្ងៃ​អង្គារ ទី១៣ កញ្ញា អង្គការ​នៃ​ក្រុម​ប្រទេស​នាំ​ប្រេង​ចេញ​ហៅ​កាត់ Opep បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ខែ​ស្តីពី​ស្ថានភាព​ប្រេង​ក្នុង​លោក។ របាយការណ៍​បាន​ព្យាករណ៍​ថា កំណើន​តម្រូវការ​ប្រេង​ក្នុង​លោក​មិន​ប្រែប្រួល​សម្រាប់​ឆ្នាំ ២០២២ ក៏​ដូច​ជា​ឆ្នាំ ២០២៣ ខាង​មុខ។ Opep បាន​គូស​បញ្ជាក់​បន្ថែម​នៅ​ក្នុង​របាយការណ៍​ដដែល​ថា ទឹកប្រាក់​ដែល​ទទួល​បាន​ពី​ការ​ចំណាយ​របស់​អ្នក​ប្រើ​ប្រេង​មាន​ចំនួន​ច្រើន​លើស​ពី​ការ​រំពឹង​ទុក ទោះ​ជា​ប្រេង​មាន​តម្លៃ​ខ្ពស់​ក៏​ដោយ។

របាយការណ៍ Opep៖កំណើនតម្រូវការប្រេងក្នុងលោកមិនប្រែប្រួល ទោះបីជាមានតម្លៃខ្ពស់។
របាយការណ៍ Opep៖កំណើនតម្រូវការប្រេងក្នុងលោកមិនប្រែប្រួល ទោះបីជាមានតម្លៃខ្ពស់។ © ALEXANDER KLEIN/AFP
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ឆ្នាំ ២០២២ របាយការណ៍​របស់ Opep បាន​ប្រមើលមើល​ពី​កំណើន​តម្រូវការ​ប្រេង​ក្នុង​លោក​នៅ​ដដែល​មិន​ប្រែប្រួល​ក្នុង​មួយ​ថ្ងៃ​បើ​ធៀប​នឹង​ការ​វាយតម្លៃ​កាល​ពី​ខែ​សីហា​កន្លង​ទៅ​ដែល​កំណើន​តម្រូវការ​មាន​ចំនួន ៣លាន ២សែន​ធុង​បារីល​ក្នុង​មួយ​ថ្ងៃ ហើយ​បើ​គិត​ជា​សរុប ពិភពលោក​ត្រូវ​ការ​ប្រេង​ប្រមាណ​ជា ១០០លានធុងបារីល​ក្នុង​មួយ​ថ្ងៃ។ ការ​ព្យាករណ៍​នេះ​ក៏​បាន​បូក​បញ្ចូល​ផង​ដែរ​ពី​កំណើន​តម្រូវការ​បន្ថែម​នៃ​និន្នាការ​ឆ្ពោះ​ទៅ​ប្រើ​ឥន្ធនៈ​ផូស៊ីល​ដើម្បី​ផលិតថាមពល។ តែ​របាយការណ៍​របស់ Opep មិន​ភ្លេច​បញ្ជាក់​ថា​ក្នុង​ឆ្នាំ ២០២២ តម្រូវការ​ប្រេង​នៃ​ក្រុម​ប្រទេស​សមាជិក​របស់​អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ហៅ​កាត់ OCDE បាន​កើន​ចំនួន ១លាន ៦សែន​ធុង​បារីល​ក្នុង​មួយ​ថ្ងៃ។

កំណើន​តម្រូវការ​នេះ​មាន​ប្រហាក់ប្រហែល​នឹង​ក្រុម​ប្រទេស​នៅ​ក្រៅ​អង្គការ OCDE ដែល​មាន​ចំនួន ១លាន ៥សែន​ធុងបារីល​ក្នុង​មួយ​ថ្ងៃ។ សម្រាប់​ឆ្នាំ ២០២៣ ត្រូវ​បាន​របាយការណ៍​របស់ Opep ប្រមើលមើល​ពី​កំណើន​តម្រូវការ​មិន​ប្រែប្រួល​ទេ បើ​ធៀប​នឹង​ឆ្នាំ ២០២២ ពោល​មាន​ប្រមាណ ២លាន ១សែន​ធុង​បារីល​ក្នុង​មួយ​ថ្ងៃ ហើយ​បើ​គិត​ជា​សរុប ពិភពលោក​ត្រូវ​ការ​ប្រេង​ប្រមាណ​ជា​ជាង ១០២លានធុងបារីល​ក្នុង​មួយ​ថ្ងៃ​នៅ​ឆ្នាំ ២០២៣។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ​ដោយ Opep លើក​យក​ហេតុផល​ចំនួន ៣ ទៅ​ពន្យល់​ទី១ ស្ថានភាព​សេដ្ឋកិច្ច​រឹងមាំ​នៅ​ក្នុង​បណ្តា​ប្រទេស​ប្រើ​ប្រេង​ច្រើន ទី២ ការ​បន្ធូរបន្ធយ​លើ​វិធានការ​រឹតបន្តឹង​ពាក់ព័ន្ធ​នឹង​កូវីដ១៩ និង​ទី៣ ភាព​មិនប្រាកដប្រជា​ភូមិសាស្រ្តនយោបាយ​អាច​ត្រូវ​បាន​កាត់​បន្ថយ។

Opep បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ថា បើ​អាមេរិក និង​ចិន​បាន​ប្រឈម​នឹង​ការ​លំបាក​នា​ឆមាសទី១ ឆ្នាំ ២០២២ ស្ថានភាព​សេដ្ឋកិច្ច​របស់​មហាអំណាចសេដ្ឋកិច្ច​ទាំង​ពីរ​ក្នុង​លោក​នឹង​មាន​ភាព​ប្រសើរ​ឡើង​នៅ​ឆមាសទី២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ