អានតួអត្ថបទ
អឺរ៉ុប-ឧស្ម័ន

រុស្ស៊ី ផ្អាក​បង្ហូរ​ឧស្ម័ន​មក​អឺរ៉ុបបី​ថ្ងៃ​ និង​ឈប់​​ផ្គត់ផ្គង់​​ហ្កាស​ឱ្យ​បារាំងដោយ​គ្មាន​កំណត់

អឺរ៉ុប​កំពុង​ស្រែកអាសន្ន​ជា​ថ្មី​ម្តង​ទៀត បន្ទាប់​ពី ក្រុមហ៊ុន​ហ្កាសរុស្ស៊ី ប្រកាស​ផ្អាក​មិន​បង្ហូរ​ហ្កាស​ តាម​បំពង់​ Nord Stream មក​ឱ្យ​អឺរ៉ុប រយៈ​ពេល​បី​ថ្ងៃ​ ចាប់​ពី​ថ្ងៃពុធ​នេះ​ទៅ ដោយ​មូលហេតុ​បច្ចេកទេស។ ហើយ​មុន​នេះ​មួយថ្ងៃ ក្រុមហ៊ុន​ហ្កាសរុស្ស៊ី​ Gazprom បានប្រកាស​ឈប់​ផ្គត់ផ្គង់​​ឧស្ម័ន​មក​ឱ្យ​ក្រុមហ៊ុន​ថាមពល​បារាំង Engie ចាប់​ពី​ពេល​​ភ្លាមនេះដែរ និង​ដោយ​គ្មានពេល​កំណត់។

​​រុស្ស៊ី ផ្អាក​ការ​បង្ហូរ​ឧស្ម័ន​មក​អឺរ៉ុបបី​ថ្ងៃ​ និង​ឈប់​​ផ្គត់ផ្គង់​​ហ្កាស​មក​ឱ្យ​បារាំងដោយ​គ្មាន​កំណត់
​​រុស្ស៊ី ផ្អាក​ការ​បង្ហូរ​ឧស្ម័ន​មក​អឺរ៉ុបបី​ថ្ងៃ​ និង​ឈប់​​ផ្គត់ផ្គង់​​ហ្កាស​មក​ឱ្យ​បារាំងដោយ​គ្មាន​កំណត់ © OLGA MALTSEVA / AFP
ផ្សាយពាណិជ្ជកម្ម

គ្មាន​ហ្កាសមួយ​ដំណក់​ហូរ​​តាមបំពង់​បង្ហូរ​Nord Stream 1 ដែល​ត​ភ្ជាប់​ដោយ​ផ្ទាល់​ពី​អណ្តូង​ឧស្ម័ន​មក​ភាគ​ខាង​ជើង​ប្រទេស​អាល្លឺម៉ង់​ទេ ​តាំង​ពី​ចូល​ថ្ងៃពុធ​ទី ៣១​សីហា​មក​និង​រហូត​ដល់​ថ្ងៃសៅរ៍​ទី ៣ កញ្ញា។ នេះ​បើ​តាម​សេចក្តីជូន​ដំណឹង​របស់​ក្រុមហ៊ុន​ហ្កាស​រុស្ស៊ី ដោយ​ពន្យល់​ថា​ រុស្ស៊ី​ផ្អាក​បំពង់បង្ហូរ​ប្រេង​Nord Stream ព្រោះ​ត្រូវ​ជួសជុល​ស្ថានីយ៍Portovaïa ដែល​ស្ថិត​នៅ​​ក្នុង​ទឹក​ដី​រុស្ស៊ី ​តាម​គម្រោង​ជា​រៀង​រាល់​ ១០០០ម៉ោង​ម្តង។

​ប៉ុន្តែក្នុង​បរិបទ​​ស​ង្គ្រាម​នៅ​អ៊ុយក្រែន សហភាពអឺរ៉ុប សង្ស័យ​តែ​មូស្គូ​ឆ្លៀត​ឱកាស បន្ត​ផ្អាក​ការ​បង្ហូរ​ឧស្ម័ន​មក​អឺរ៉ុប យូរ​ថ្ងៃទៀត ដើម្បី​​សងសឹក​នឹង​ទណ្ឌកម្ម​របស់​ក្រុមបស្ចិមលោក ព្រោះខុស​ពី​ការ​ជួលជុល​ខែ​មុន​ ​រុស្ស៊ី​ទើប​ប្រកាស​ដំណឹង​ជួសជុល​ស្ថានីយ៍​បញ្ចូល​ហ្កាស កាលពី​ពីរ​សប្តាហ៍មុន និង​ធ្វើ​ដោយ​ភាគីរុស្ស៊ី​ខ្លួន​ឯង មិន​មែន​ដោយ​អាល្លឺម៉ង់​ដូច​កាល​លើកមុនៗ​ទេ។​ ​ ​

តាំង​ពី​បើក​ប្រតិបត្តិការ​យោធា​ចូល​ឈ្លានពាន​អ៊ុយក្រែន នៅ​ថ្ងៃទី ២៤​កុម្ភៈ​២០២២​មក រុស្ស៊ី​បាន​ឈប់​ផ្គត់ផ្គង់​ហ្កាស​ឱ្យ​ប៊ុលហ្ការី ដាណឺម៉ាក ហ្វាំងឡង់ ហូឡង់ និង​ប៉ូឡូញ។ ​នៅថ្ងៃ​អង្គារ​ម្សិលមិញ Gazprom បាន​ប្រកាស​ផ្អាក​ទាំង​ស្រុង ការ​ផ្គត់ផ្គង់​ឧស្ម័ន​មក​ឱ្យ​ក្រុមហ៊ុនថាមពល​ ​Engie របស់​បារាំង ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១​កញ្ញា​ទៅដែរ​ ដោយ​គ្មាន​ពេល​កំណត់ទេ និង​ដោយ​សំអាង​ថា​និយាយ​មិន​ត្រូវ​គ្នា​​លើ​ការ​អនុវត្ត​កិច្ចសន្យា​ទិញ​លក់​ហ្កាស។ សម្រាប់​រដ្ឋមន្ត្រី​ក្រសួងថាមពល​បារាំង នេះ​គ្រាន់​តែ​ជា​លេស​របស់​​​​រុស្ស៊ី ដែល​យក​​ហ្កាសមក​​ធ្វើ​អាវុធ តែ​ប៉ុណ្ណោះ។

ដំណឹង​នេះ​បាន​ជំរុញ​ឱ្យ​ទីផ្សារ​ឧស្ម័ន​អឺរ៉ុប​ដែល​តាន​តឹង​ស្រាប់ និង​ឡើង​ថ្លៃ​ដល់​ទៅ ៤០០%​ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ កាន់តែ​រង​សម្ពាធ​ខ្លាំង​ទៀត។ ប៉ុន្តែ​បារាំង បាន​ធានា​ថា​ត្រៀម​លក្ខណៈ​ប្រឈម​នឹង​ការកាត់​ផ្តាច់​ឧស្ម័ន​របស់​Gazprom​រួច​ហើយ។ តាម​ការពិត​ទៅ​នោះ រុស្ស៊ី​បាន​កាត់​បន្ថយ​ការ​ផ្គត់​ផ្គង់​ហ្កាស​មក​ឱ្យ​បារាំង គួរ​ឱ្យ​កត់​សម្គាល់​តាំង​ពី​ផ្ទុះ​សង្គ្រាមនៅអ៊ុយក្រែន​ភ្លាម​ម្ល៉េះ។ នៅចុងខែ​កក្កដា​ ឧស្ម័ន​រុស្ស៊ី​ តំណាង​ឱ្យ​ប្រមាណ​តែ​៤%​នៃសេតម្រូវការ​ផ្គត់ផ្គង់​រ​ហ្កាសរបស់​បារាំងទេ។ ម្យ៉ាង​វិញ​ទៀត បារាំង​​មាន​ឧស្ម័ន​ ក្នុង​ឃ្លាំង​បំរុង​ទុក​ចំនួន​​៩១,៤៧% ហើយ​នឹង​អាចបំពេញ​បាន​នៅ​ដំណាច់​រដូវ​ក្តៅ។ នេះ​បើតាម​​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ ដែល​អំពាវនាវ​ឱ្យ​បារាំង​ចេះ​សន្សំសំចៃ​ថាមពល បើ​មិន​ចង់​ខ្វះ​​ឧស្ម័ន​ប្រើ​នៅ​រដូវ​រងារ​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ