អានតួអត្ថបទ
បារាំង

លោក​ម៉ាក្រុង ​លើកឡើង​អំពី “អវសាន​នៃ​ភាព​សម្បូរហូរហៀរ” និង​អំពាវនាវ​ឲ្យ​មាន​ការ​អត់ធ្មត់​រិះថាំ

កាលពីថ្ងៃពុធ ទី២៤សីហា លោក​អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋ​មន្ត្រី​​​ជាលើកទី​១ បន្ទាប់ពី​បាន​វិលត្រលប់​មកពីវិស្សមកាលរដូវក្តៅ។ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោក​ម៉ាក្រុង បាន​លើកឡើងជាពិសេស អំពីបញ្ហាប្រឈម ខ្វះខាតធនធាន​នៅ​គ្រប់វិស័យ ដែលបារាំងក៏ដូចជាពិភពលោកទាំងមូល​ នឹងពើបប្រទះ។ ជាដំណាក់កាលលំបាកថ្មី ដែល​លោក​ម៉ាក្រុងហៅថា ជា “អវសាននៃ​ភាពសម្បូរហូរហៀរ” ហើយ​ដែល​លោក​មាន​បំណង អំពាវនាវឲ្យរដ្ឋាភិបាល ក៏ដូចជាប្រជាជនបារាំងទាំងអស់​ ត្រូវតែ​មាន​ការតស៊ូ​ អត់ធ្មត់ ត្បិតត្បៀរៀត និងរិះថាំសន្សំសំចៃ។

លោក​ប្រធានាធិបតីម់ាក្រុង កំពុងថ្លែងសុន្ទរកថា ក្នុងពេលប្រជុំគណៈរដ្ឋមន្ត្រីបារាំង ថ្ងៃពុធ ទី​២៤សីហា ២០២២
លោក​ប្រធានាធិបតីម់ាក្រុង កំពុងថ្លែងសុន្ទរកថា ក្នុងពេលប្រជុំគណៈរដ្ឋមន្ត្រីបារាំង ថ្ងៃពុធ ទី​២៤សីហា ២០២២ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម
01:54

សម្រង់ប្រសាសន៍ របស់​លោក​ប្រធានាធិបតីម៉ាក្រុង

"កាលៈទេសៈដែលយើងទាំងអស់គ្នា ​កំពុងរស់នៅ និង​​ឆ្លងកាត់ពេលនេះ យើងអាចចាត់ទុកបានថា វាពោរពេញទៅដោយបញ្ហា​​វិបត្តិ បន្តបន្ទាប់គ្នា អស់ពីមួយចូលមួយ និង​កាន់តែធ្ងន់ធ្ងរជាងមុនជាលំដាប់។ ហើយខ្ញុំជឿថា គ្មាននរណាម្នាក់ គិតថាខ្លួនបានកើតមកមួយជាតិ​នេះ​ ដើម្បី​តែដោះស្រាយបញ្ហា ជានិច្ចនិរន្តគ្មានស្រាកស្រាន្ត​នោះ​ឡើយ​។

ក៏ប៉ុន្តែ សម្រាប់ខ្ញុំ ខ្ញុំយល់ថា យើងកំពុង​តែ​ឈានចូល​ទៅ​ក្នុង​កាលៈទេសៈថ្មីមួយ ដែល​មាន​ស្ថានភាព​លំបាក​បំផុត​។ ដូចយើងបាន​ដឹងហើយ ហើយ​ក៏​មិនមែនទើបតែ​ប៉ុន្មានខែចុងក្រោយនេះទេ ដែលយើងជួបបញ្ហាលំបាក​។ និយាយឲ្យងាយ​ យើងអាចសង្កេតឃើញថា វាជាដំណាក់កាល អវសាន្ត​នៃភាពសម្បូរហូរហៀរ។ ចប់ហើយ ពេល​វេលា​ដែល​​សម្បូរ​សាច់ប្រាក់ ដកចាយ​ដកចាយ ដោយ​មិនសូវខ្វល់ ហើយ​ដែលយើងនឹងទទួល​ផលវិបាក​ នៅក្នុង​គណនីហិរញ្ញវត្ថុសាធារណៈ។ ចប់ហើយភាពសម្បូរ​ទំនិញបច្ចេកវិទ្យា​ទំនើប ដែលយើងធ្លាប់គិតថា​សម្បូរពោរពាស​មិនចេះខ្វះ​ តែផ្ទុយទៅវិញ យើងបានឃើញនឹងភ្នែកហើយ ចាប់ទាំង​ពីអំឡុងពេលវិបត្តិ​​កូវីដ រហូតមកដល់​​ឥឡូវ ថាចំនួន​ទំនិញបច្ចេកវិទ្យាកាន់តែក្រខ្សត់ទៅ​។ មានវត្ថុធាតុដើមច្រើនមុខ ដែល​កាន់តែ​មានភាពកម្រខ្លាំងទៅៗ ខ្វះខាត មិនគ្រប់គ្រាន់ ជាក់ស្តែង ​រ៉ែកម្រ និង​លោហៈធាតុ​ជាដើម។ ហើយ​ជាពិសេសនោះ គឺ​បញ្ហាខ្វះទឹកប្រើ។​

បញ្ហាទឹក ដែល​កាន់តែខ្សត់ទៅៗនេះ យើងចាំបាច់ត្រូវតែ​ស្វែងរកដំណោះស្រាយ​ ​ឲ្យ​អស់ពីលទ្ធភាព។ យ៉ាងណាមិញ យើងបានចាប់​ផ្តើម​គិត​គូរច្រើនខែមកហើយ ជាមួយ​នឹងប្រតិបត្តិ​ការ​ Varenne de l’eau ដែលបាន​អនុញ្ញាតឲ្យយើង អាចគូសវាសផែន​ការ​មួយចំនួនធំ​ ដែល​មាន​គ្រោងឆ្ឆឹងច្បាស់លាស់ ហើយយើងប្តេជ្ញាថា នឹង​សម្រេចជោគជ័យ​ឲ្យ​បាន​​។"

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ