អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន

រុស្ស៊ី​ចោទថា​អ៊ុយក្រែន គឺជា​អ្នក​នៅ​ពីក្រោយ ឃាតកម្ម​សម្លាប់​​អ្នកស្រី ដារីយ៉ា ឌូហ្គីណា

អ្នកស្រី​ដារីយ៉ា ឌូហ្គីណា កូនស្រីរបស់​លោក​ អាឡិចសង់ដ្រ៍ ឌូហ្គីន ដែលគេស្គាល់ថាគឺជាអ្នកស្និទ្ធ និងមានឥទ្ធិពល ​​ទៅលើ​លោកពូទីន​នោះ បានស្លាប់​ក្នុង​ហេតុការណ៍​បំផ្ទុះរថយន្តដោយ​គ្រាប់បែក​ នៅក្បែរក្រុងមូស្គូ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន។ កាលពី​ល្ងាចថ្ងៃចន្ទម្សិលមិញ សមត្ថកិច្ច​សន្តិសុខរបស់រុស្ស៊ីបានសន្និដ្ឋាន និង​ចោទប្រកាន់​ថា គឺអ៊ុយក្រែន ដែលជាអ្នកនៅពីក្រោយ​អំពើឃាតកម្ម​នេះ​។

លោក Alexander Dugin ថ្លែងមរណៈកថា នៅក្នុងពិធីបុណ្យសពកូនស្រីខ្លួន ឈ្មោះ Daria Dugina ដែលត្រូវគេធ្វើឃាតដោយ​ការ​បំផ្ទុះគ្រាប់បែក​ក្នុងរថយន្ត នៅថ្ងៃទី ២០ សីហា ២០២២ នៅជាយក្រុងមូស្គូ។
លោក Alexander Dugin ថ្លែងមរណៈកថា នៅក្នុងពិធីបុណ្យសពកូនស្រីខ្លួន ឈ្មោះ Daria Dugina ដែលត្រូវគេធ្វើឃាតដោយ​ការ​បំផ្ទុះគ្រាប់បែក​ក្នុងរថយន្ត នៅថ្ងៃទី ២០ សីហា ២០២២ នៅជាយក្រុងមូស្គូ។ AP - Dmitry Serebryakov
ផ្សាយពាណិជ្ជកម្ម

ការិយាល័យសន្តិសុខរុស្ស៊ី FSB បានចេញលិខិតប្រកាសមួយ ដោយ​អះអាងថា ឃាតកម្មសម្លាប់​លោក​ស្រី​ ដារីយ៉ា ឌូហ្គីណា គឺជាស្នាដៃរបស់​ចារកិច្ចសម្ងាត់អ៊ុយក្រែន​។ ប្រភពដដែល​នេះ លើកឡើងថា រថយន្តរបស់​លោកស្រី ដារីយ៉ា ឌូហ្គីណា ត្រូវបាន​ស្ត្រីចារកិច្ចអ៊ុយក្រែនម្នាក់ ឈ្មោះថា Natalia Vovk បន្លំដាក់​បង្កៃគ្រាប់បែក​ ក្នុងពេលដែល​លោកស្រី ដារីយ៉ា ឌូហ្គីណា ​ធ្វើដំណើរទៅចូលរួម​កម្មវិធីបុណ្យវប្បធម៌មួយ។

ការិយាល័យសន្តិសុខរុស្ស៊ី អះអាងទៀតថា ស្ត្រីចារកិច្ចអ៊ុយក្រែន កើតនៅ​ឆ្នាំ​១៩៧៩ បានបន្លំចូលមករុស្ស៊ី កាលពីខែ​កក្កដា ជាមួយ​កូនស្រីខ្លួន​អាយុ​១២ឆ្នាំ ហើយ​បានជួលផ្ទះនៅក្នុងអាគារតែមួយ ជាមួយ​នឹង​លោកស្រីដារីយ៉ា ឌូហ្គីណា។ ក្រោយ​ហេតុការណ៍​បំផ្ទុះរថយន្ត​កាលពីយប់ថ្ងៃសៅរ៍ ទី​២០សីហា ស្រ្តីចារកិច្ចអ៊ុយក្រែន បាននាំកូនរត់ចេញទៅ​ប្រទេសអេស្តូនី។

សូមបញ្ជាក់ថា លោកស្រី ដារីយ៉ា ឌូហ្គីណា អាយុ២៩ឆ្នាំ គឺជាអ្នក​កាសែត និង​ជានយោបាយវិទូរុស្ស៊ី ដែលមានទំនោរ​ស្តាំនិយម​ជ្រុល ជាតិនិយមជ្រុល ហើយដែលតែងតែវិភាគ​រិះគន់បស្ចឹមលោក​​។ ស្ត្រីរូបនេះ ធ្លាប់ធ្វើការឲ្យទូរទស្សន៍ Tsargrad ដែលគេស្គាល់ថាជាបណ្តាញទូរទស្សន៍អភិរក្សនិយមជ្រុល ឃោសនាបម្រើរបបដឹកនាំរបស់​លោកពូទីន​។ ដារីយ៉ា ឌូហ្គីណា គឺជាកូនស្រីរបស់​លោក អាឡិចសង់ដ្រ៍ ឌូហ្គីន ដែលយោងតាមអ្នកវិភាគខ្លះ អះអាងថា គឺជាអ្នកស្និទ្ធនិងមានឥទ្ធិពល ​​ទៅលើរូប​​លោកពូទីន​ផ្ទាល់តែម្តង​។ ហេតុការណ៍​បំផ្ទុះរថយន្តកាលពីថ្ងៃសៅរ៍ ត្រូវបាន​គេជឿថា គឺជាឃាតកម្មសំដៅ​រូប​លោក អាឡិចសង់ដ្រ៍ ឌូហ្គីន។

លោកពូទីន បានថ្លែង​ចាត់ទុក​ អំពើឃាតកម្ម​នេះ ថាជា​ "អំពើដ៏ថោកទាបបំផុត" និងបានលើកឡើងថា លោកស្រី ដារីយ៉ា ឌូហ្គីណា គឺជាអ្នកស្នេហាជាតិរុស្ស៊ីម្នាក់ ដែលមានភាពក្លាហាន និងស្មោះត្រង់ គួរយកគម្រូតាម។

យ៉ាងណាក៏ដោយ ភាគីរដ្ឋាភិបាល​អ៊ុយក្រែន បានច្រានចោលការចោទប្រកាន់របស់រុស្ស៊ី ដោយ​បានអះអាងថាអ៊ុយក្រែន គ្មានអ្វីពាក់ព័ន្ធនឹង​រឿងឃាតកម្មសម្លាប់​នាង  ដារីយ៉ា ឌូហ្គីណាទេ។ លោក Mikhaïlo Podoliak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បាន​លើកឡើងថា "អ៊ុយក្រែនមិនមែនជាប្រទេសប្រព្រឹត្តិ​អំពើឧក្រិដ្ឋឡើយ"​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ