អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

អ៊ុយក្រែន ៖ តំបន់​ធ្លាក់​ក្នុង​ដៃយោធា​រុស្ស៊ី​ផ្តើម​រៀប​ចំ​ប្រជាមតិភ្ជាប់​ខ្លួន​នឹង​រុស្ស៊ី

​Zaporijjia  Kherson តំបន់ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន ​បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់​យោធា​រុស្ស៊ី​ អស់​មួយ​ភាគ​ធំ។ ​​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​យោធារុស្ស៊ី អាជ្ញាធរ​តំបន់​ ហ្សាប៉ូរីចា ដែល​តែង​តាំង​ដោយ​មូស្គូ បាន​ប្រកាស​នៅថ្ងៃចន្ទទី ៨ សីហា ២០២២​ បើក​យុទ្ធនាការ ជា​ផ្លូវការ​ ​រៀបចំ​ធ្វើ​ប្រជាមតិ​ ស្តីពីការ​ភ្ជាប់​តំបន់​នេះទៅ​នឹង​ប្រទេស​រុស្ស៊ី។ ​

ទាហាន​រុស្ស៊ី នៅ​ Khersonតំបន់​ភាគ​ខាង​ត្បូង​អ៊ុយក្រែន​ដែល​​រុស្ស៊ីវាយដណ្តើម​យក​បាន
ទាហាន​រុស្ស៊ី នៅ​ Khersonតំបន់​ភាគ​ខាង​ត្បូង​អ៊ុយក្រែន​ដែល​​រុស្ស៊ីវាយដណ្តើម​យក​បាន AP
ផ្សាយពាណិជ្ជកម្ម

“ខ្ញុំ​បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា ដែល​បើក​ផ្លូវ​​ឱ្យ​គណៈកម្មការ​បោះឆ្នោត​ចាប់​ផ្តើម​ធ្វើការ​រៀប​ចំ​ប្រជាមតិ ស្តីពី​ការ​ភ្ជាប់​តំបន់​ហ្សាប៉ូរីចា ទៅ​នឹង​ប្រទេស​រុស្ស៊ី”។ នេះ​ជា​សេចក្តី​ប្រកាស​របស់​លោក អេវហ្គេនី បាលីតស្គី Evgueni Balitski ប្រធាន​រដ្ឋបាល​ស៊ីវិល​និងយោធា​ប្រចាំ​ដែនដី​ ​តំបន់ភាគ​ខាង​ត្បូងអ៊ុយក្រែន ​ដែល​គ្រប់គ្រង​ដោយយោធារុស្ស៊ី។ សេចក្តីប្រកាសនេះ​ធ្វើ​ឡើង​ នា​ឱកាស​បើក​វេទិកា​នៃ​ចលនា​រុស្ស៊ី​និយម​ថ្នាក់​មូលដ្ឋាន នៅ​ក្រុង​Melitopol ដែល​គេ​ប្រសិទ្ធនាម​ថា​ “យើង​រួម​រស់​ជាមួយ​នឹងរុស្ស៊ី”  និង​ដែល​មានអ្នក​ចូល​រួមស្តាប់​​ចំនួន​ជាង​៧០០នាក់​។ នេះ​បើ​តាម​រូបភាព​វីដេអូ បង្ហោះ​ផ្សាយ​តាម​ប្រព័ន្ធ​សង្គម​Telegram ក្នុង​គណនី​របស់​លោក​បាលីតស្គី​ផ្ទាល់។ កាលពី​ពាក់​កណ្តាល​ខែកក្កដា​២០២២ លោក បាលីតស្គី ធ្លាប់​បាន​បង្ហើប​ចេតនា​ចង់​រៀប​ចំ ​ប្រជាមតិ​នេះ នៅដើម​រដូវ​ស្លឹក​ឈើ​ជ្រុះ​ខាង​មុខ។

ប្រសិនបើ​មានករណី​រៀប​ចំ​ធ្វើ​ប្រជាមតិ​ នៅ​តាម​តំបន់​គ្រប់គ្រងដោយយោធា​រុស្ស៊ីមែន នោះ​ការ​ចរចា​សន្តិភាព​ជាមួយ​រុស្ស៊ី​ពិត​ជា​មិន​អាច​ធ្វើ​ទៅ​រួច​ទេ។ នេះ​ជា​ពាក្យ​ព្រមាន​របស់​លោកប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី។ ប៉ុន្តែ​អ្នកនាំពាក្យ​វិមាន​ក្រេមឡាំង​បាន​ចំអក​បក​វិញ​ថា "មិនមែន​រុស្ស៊ី​ជា​អ្នក​រៀបចំធ្វើ​ប្រជាមតិទេ គឺជា​​គម្រោង​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​។ លោក​ហ្សេឡេនស្គី​ត្រូវ​សួរ​ទៅ​ពលរដ្ឋ​ខ្លួន​ឯង​ថា​ហេតុអ្វីពួកគេ​មិន​ចង់​រស់នៅក្នុង​ប្រទេស​ ?"

ជា​ផ្លូវការ មូស្គូ​ មិន​បាន​បង្ហាញ​ឆន្ទៈ​ជា​សាធារណៈ ផ្តួចផ្តើម​ឱ្យ​​រៀប​ចំ​ធ្វើ​ប្រជាមតិ​ភ្ជាប់​តំបន់ដែល​ធ្លាក់ពី​ដៃ​អ៊ុយក្រែន​ មក​ជា​រុស្ស៊ី​ទេ​ ប៉ុន្តែ​តាំងពី​បើក​ប្រតិបត្តិការ​យោធា​ឈ្លានពាន​អ៊ុយក្រែន​នៅថ្ងៃទី ២៤​កុម្ភៈ​២០២២​មក យោធា​រុស្ស៊ី ដណ្តើមនិង​​គ្រប់គ្រងបាន​មួយភាគ​ធំ ​តំបន់​ភាគ​ខាង​ត្បូងរបស់​​អ៊ុយក្រែនចំនួន​ពីរ គឺ Kherson និង Zaporijjia។ ​ហើយ​អាជ្ញាធរ​តំបន់​ក្រោមកណ្តាប់​ដៃ​រុស្ស៊ី តែង​និយាយ​ថា​ចង់​ភ្ជាប់​ខ្លួន​ជាមួយ​រុស្ស៊ី និង​បាន​ដឹកនាំ​នយោបាយ​បញ្ចុះបញ្ចូល​ឱ្យ​រួម​រស់​ជាមួយ​រុស្ស៊ី​យ៉ាង​សកម្មបំផុត ដោយងាក​​ចាយ​លុយ​រូប្ល៍ ក្រសោប​គ្រប់គ្រង​ប្រព័ន្ធការពារ​​សង្គម ក្រុមហ៊ុន សាលា​រៀន និង​ជំរុញ​​លើក​ទឹកចិត្ត​ឱ្យប្រជាពលរដ្ឋ​ទទួល​យក​លិខិត​ឆ្លង​ដែន​រុស្ស៊ី​ទៀត​ផង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ