អានតួអត្ថបទ

ប្រធានអង្គការ​ Amnestyប្រចាំ​​អ៊ុយក្រែន សុំ​លាឈប់ពីតំណែង

នាយិកាអង្គការ​សិទ្ធិមនុស្ស Amnestyប្រចាំប្រទេស​អ៊ុយក្រែន អ្នក​ស្រី Oksana Pokalchuk សុំ​លាឈប់ពីតំណែង ក្រោយ​ចេញអង្គការ​នេះ​ចេញរបាយការណ៍ដ៏​ចម្រូង​ចម្រាស់​មួយ ​រិះគន់​យុទ្ធសាស្ត្រ​ប្រយុទ្ធ​របស់យោធា​អ៊ុយក្រែន។ យុទ្ធសាស្ត្រប្រយុទ្ធរបស់យោធាអ៊ុយក្រែន គឺ​បានធ្វើឲ្យប្រជា​ពលរដ្ឋស៊ីវិលរងគ្រោះ។ រងគ្រោះ ក៏ព្រោះតែ​​ការ​ដាក់​ពង្រាយ​កងទ័ព​នៅ​កន្លែងទី​ប្រជុំជន​ ហើយ​បើក​កាយ​វាយ​ប្រហារ​ដេញ​ទ័ព​រុស្ស៊ី។ ​ម្យ៉ាងទៀត គឺតាមរយៈការ​បោះ​ទីតាំង​នៅ​តាម​សាលា​រៀន ​និង​ក្នុង​មន្ទីរពេទ្យ​។ នេះបើតាម​ អង្គការសិទ្ធិមនុស្ស Amnesty International ដែល​បាន​បញ្ជាក់​នៅក្នុង​របាយការណ៍ស៊ើប​អង្កេត​មួយ​ផ្សព្វផ្សាយ​ជាសាធារណៈ​ នៅ​ថ្ងៃព្រហស្បតិ៍​​។

អ្នកស្រី​Oksana_Pokalchouk ថា ប្រសិន​បើ​យើង​មិន​បាន​រស់នៅ​ក្នុង​ប្រទេស​ដែល​ត្រូវ​គេ​ឈ្លាន​ពានទេ​ យើង​មិន​យល់​ច្បាស់ទេ ថា​អ្វីទៅ​ជាការ​លំបាក​របស់​កងទ័ព​អ្នក​ការពារទឹក​ដី។
អ្នកស្រី​Oksana_Pokalchouk ថា ប្រសិន​បើ​យើង​មិន​បាន​រស់នៅ​ក្នុង​ប្រទេស​ដែល​ត្រូវ​គេ​ឈ្លាន​ពានទេ​ យើង​មិន​យល់​ច្បាស់ទេ ថា​អ្វីទៅ​ជាការ​លំបាក​របស់​កងទ័ព​អ្នក​ការពារទឹក​ដី។ © Amnesty International
ផ្សាយពាណិជ្ជកម្ម

ក្នុង​សំណេរ​​ប្រកាស​សុំ​លាឈប់ពីតំណែង អ្នក​ស្រី Oksana Pokalchuk នាយិកាអង្គការ​សិទ្ធិមនុស្ស Amnestyប្រចាំប្រទេស​អ៊ុយក្រែន  បាន​រៀបរាប់​ថាពីការ​ខ្វែង​គំនិតជាមួយ​ថ្នាក់​ដឹកនាំ​អង្គការនៅក្រុង​ឡុង​​ដែល​ចេញ​ផ្សាយ​របាយការណ៍ ដោយ​មិន​ពិគ្រោះ​នឹង​មន្ត្រី​អង្គការ​នៅមូលដ្ឋាន​ ហើយ​ឲ្យ​អ្នក​ជំនាញ​បរទេស​ជាអ្នក​ធ្វើ​កិច្ចការ​នេះ។ ម្យ៉ាងទៀត បើតាមអ្នក​ស្រី Oksana Pokalchuk,​ របាយការណ៍​នោះ មាន​​ចរិត​ឯកតោភាគី និង​មិនពេញលេញ​។ មិន​ពេញលេញ​គ្រប់​ជ្រុង​ជ្រោយ ព្រោះ​គ្មាន​ការ​បកស្រាយ​ពី​អាជ្ញាធរ​អ៊ុយក្រែន និងព្រោះតែ​អង្គការ​បាន​ទុក​ពេលវេលា​តិចពេក ​ឲ្យ​ក្រសួង​ការពារជាតិ​អ៊ុយក្រែន សម្រាប់ការ​ឆ្លើយតប។

អ្នក​ស្រី Oksana Pokalchuk យល់ឃើញទៀត​ថា របាយការណ៍នោះ មិន​ឆ្លុះបញ្ចាំង​ពី​សច្ចភាព​ពិត​របស់​យោធា​អ៊ុយក្រែន និង​ស្ថានភាព​មនុស្សធម៌​នៅមូលដ្ឋាន​ទេ។​ ​បើតាម​អ្នកស្រី​ដដែល ប្រសិន​បើ​យើង​មិន​បាន​រស់នៅ​ក្នុង​ប្រទេស​ដែល​ត្រូវ​គេ​ឈ្លាន​ពានទេ​ យើង​មិន​យល់​ច្បាស់ទេ ថា​អ្វីទៅ​ជាការ​លំបាក​របស់​កងទ័ព​អ្នក​ការពារទឹក​ដី។ នាយិកាអង្គការ​សិទ្ធិមនុស្ស Amnestyប្រចាំប្រទេស​អ៊ុយក្រែន រូប​នេះ​ យល់ឃើញ​ដូចគ្នា​នឹង​​អាជ្ញាធរ​អ៊ុយក្រែនដែរថា របាយការណ៍​ចេញផ្សាយ​ពី​ក្រុង​ឡុង គឺ​បម្រើប្រយោជន៍​ឲ្យ​ការ​ឃោសនា​របស់កងទ័ព​រុស្ស៊ី។​ ជាការ​ពិត​ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​សហរដ្ឋអាមេរិក​ បាន​យក​របាយការណ៍​របស់​អង្គការ​Amnesty ​ដើម្បី​ជា​ឈ្នាន់​សម្រាប់រិះគន់​យោធាអ៊ុយក្រែន​ ពិតមែន។

ចំណែកឯ អ្នកស្រី Agnès Callamard អគ្គលេខាធិការ អង្គការសិទ្ធិមនុស្ស Amnesty International បាន​ទទួល​កើត​សរសើរ​ចំពោះ​អ្នកស្រី Oksana Pokalchuk នាយិកាអង្គការសិទ្ធិមនុស្ស Amnestyប្រចាំប្រទេសអ៊ុយក្រែន  ដែល​ប្រឹង​ធ្វើការ​៧-៨ឆ្នាំ​មកនេះ។ ទោះបីជា​យ៉ាងណាក៏ដោយ​ចុះ អគ្គលេខាធិការរូប​នេះ បាន​អះអា​ង​ការពាររបាយការណ៍​ខ្លួន​ ដោយ​ថ្លែងធានា​ពី​អព្យាក្រិត​ និងភាព​ឯករាជ្យ​របស់​អង្គការ ក្នុងការ​សរសេរ​របាយការណ៍​បង្ហាញ​ការពិត​។​

សូម​រំឮកថា អង្គការ Amnesty បានចុះ​ស៊ើប​អង្កេត​ និងសរសេរ​របាយការណ៍ ចំនួន​៤ខែ ពី​របៀប​បែបផែន​ធ្វើ​សង្គ្រាម​របស់​កងទ័ព​អ៊ុយក្រែន ដោយ​បញ្ជាក់​ភស្តុតាង​ថា កង​កម្លាំង​​អ៊ុយក្រែន បាន​បើក​ការវាយប្រយុទ្ធ​ ចេញពី​តំបន់​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន ហើយ​និង​ដាក់​តាំងមូលដ្ឋាន​យោធា​នៅកន្លែង​​នៅ​របស់​ជន​ស៊ីវិល​ នៅ​ក្នុងក្រុង​និង​តាម​ភូមិ​។ អគ្គលេខាធិការ អង្គការ​ Amnesty ​ សង្កត់​ធ្ងន់ថា តាក់តិច​ប្រយុទ្ធ​របស់​ទ័ពអ៊ុយក្រែន​នេះ គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​ស៊ីវិល​រងគ្រោះ​។ អង្គការដដែល​នេះ អះអាងថា ទាហានអ៊ុយក្រែន ពុំ​បានជម្លៀស​ប្រជាជន​សិន​ទេ មុន​នឹង​បោះ​ទីតាំង​ទ័ព​។​ មិនតែប៉ុណ្ណោះ ពួក​គេ​បាន​រៀប​ចំ​ជំរុំ​យោធា​នៅ​ក្នុង​បណ្តា​សាលា​រៀននិង​ក្នុង​មន្ទីរពេទ្យ​ ថែមទៀត​​។ ទង្វើនេះ ត្រូវ​អង្គការសិទ្ធិមនុស្ស Amnesty ​ចាត់ទុកថា​រំលោភ​នឹង​ច្បាប់​អន្តរជាតិ​ស្តីពី​សិទ្ធិមនុស្ស៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ