អានតួអត្ថបទ

អង្គការ​សិទ្ធិមនុស្ស៖ យុទ្ធសាស្ត្រ​ប្រយុទ្ធ​របស់យោធា​អ៊ុយក្រែន ​​ធ្វើ​ឲ្យ​ពលរដ្ឋ​ស៊ីវិល​រងគ្រោះ

យុទ្ធសាស្ត្រប្រយុទ្ធរបស់យោធាអ៊ុយក្រែន បានធ្វើឲ្យប្រជា​ពលរដ្ឋស៊ីវិលរងគ្រោះ។ រងគ្រោះ ក៏ព្រោះតែ​​ការ​ដាក់​ពង្រាយ​កងទ័ព​នៅ​កន្លែងទី​ប្រជុំជន​ ហើយ​បើក​កាយ​វាយ​ប្រហារ​ដេញ​ទ័ព​រុស្ស៊ី។ ​ម្យ៉ាងទៀត គឺតាមរយៈការ​បោះ​ទីតាំង​នៅ​តាម​សាលា​រៀន ​និង​ក្នុង​មន្ទីរពេទ្យ​។ នេះបើតាម​ អង្គការសិទ្ធិមនុស្ស Amnesty International ដែល​បាន​បញ្ជាក់​នៅក្នុង​របាយការណ៍ស៊ើប​អង្កេត​មួយ​ផ្សព្វផ្សាយ​ជាសាធារណៈ​ នៅ​ថ្ងៃព្រហស្បតិ៍​ ទី៤ សីហា។

អ្នកស្រី Agnès Callamard អគ្គលេខាធិការ អង្គការសិទ្ធិមនុស្ស Amnesty International សង្កត់ធ្ងន់ថា តាក់តិចប្រយុទ្ធរបស់ទ័ពអ៊ុយក្រែននេះ គឺធ្វើឲ្យពលរដ្ឋស៊ីវិលរងគ្រោះ។
អ្នកស្រី Agnès Callamard អគ្គលេខាធិការ អង្គការសិទ្ធិមនុស្ស Amnesty International សង្កត់ធ្ងន់ថា តាក់តិចប្រយុទ្ធរបស់ទ័ពអ៊ុយក្រែននេះ គឺធ្វើឲ្យពលរដ្ឋស៊ីវិលរងគ្រោះ។ AP - Christophe Ena
ផ្សាយពាណិជ្ជកម្ម

អង្គការសិទ្ធិមនុស្ស Amnesty International បានចុះ​ស៊ើប​អង្កេត​ពី​របៀប​បែបផែន​ធ្វើ​សង្គ្រាម​របស់​កងទ័ព​អ៊ុយក្រែន។​ នៅអំលុងចន្លោះ​​ខែ​មេសានិងកក្កដា អ្នក​ស្រាវជ្រាវ​ខាង​សិទ្ធិមនុស្ស​ Amnesty International បានធ្វើ​ដំណើរ​ទៅ​តំបន់​ ការកៀវ​ខាងកើត Kharkiv​, តំបន់​ដន់បាស់ Donbass និងប៉ែក​នីរតី មីកូឡាអ៊ីវ Mykolaïv ដោយ​បាន​សាកសួរ​នាំ​អ្នករួច​ជីវិត សាក្សី​ក្នុង​សង្គ្រាម និង​សាច់ញាតិ​របស់​ជន​រងគ្រោះ​។ អ្នក​ស្រាវជ្រាវ​របស់​អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ឡុង​ប្រទេស​អង់គ្លេស​មួយ​នេះ បាន​បញ្ជាក់​ភស្តុតាង​ថា កង​កម្លាំងទាហាន​អ៊ុយក្រែន បាន​បើក​ការវាយប្រយុទ្ធ​ ចេញពី​តំបន់​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន ហើយ​និង​ដាក់​តាំងមូលដ្ឋាន​យោធា​នៅ​នឹង​អគារ​រស់​នៅ​របស់​ជន​ស៊ីវិល​ នៅ​ក្នុងក្រុង​និង​តាម​ភូមិ​នៅក្នុង​តំបន់​ទាំងបី​នោះ។

អ្នក​ស្រី Agnès Callamard អគ្គលេខាធិការ អង្គការសិទ្ធិមនុស្ស Amnesty International សង្កត់​ធ្ងន់ថា តាក់តិច​ប្រយុទ្ធ​របស់​ទ័ពអ៊ុយក្រែន​នេះ គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​ស៊ីវិល​រងគ្រោះ​។ អង្គការដដែល​នេះ អះអាងថា ទាហានអ៊ុយក្រែន ពុំ​បានជម្លៀស​ប្រជាជន​សិន​ទេ មុន​នឹង​បោះ​ទីតាំង​ទ័ព។​ មិនតែប៉ុណ្ណោះ ពួក​គេ​បាន​រៀប​ចំ​ជំរុំ​យោធា​នៅ​ក្នុង​បណ្តា​សាលា​រៀននិង​ក្នុង​មន្ទីរពេទ្យ​ ថែមទៀត។ ទង្វើនេះ ត្រូវ​អង្គការសិទ្ធិមនុស្ស Amnesty International ចាត់ទុកថា​រំលោភ​នឹង​ច្បាប់​អន្តរជាតិ​ស្តីពី​សិទ្ធិមនុស្ស។​

ផ្ទុយ​ទៅវិញ​ អាជ្ញាធរ​អ៊ុយក្រែន តាមរយៈ​ទីប្រឹក្សា​វិមាន​ប្រធានាធិបតី លោក Mikhaïlo Podoliak បានបដិសេធ​​ច្រាន​ចោលការលើកឡើង​របស់​អង្គការ​សិទ្ធិមនុស្ស​នេះ​ ហើយ​ព្រមទាំង​ចោទអង្គការ​ Amnesty International ទៅវិញ ថា​កំពុងតែ​បំភ្លៃ​​ការពិត​ និង​កំពុង​ឃោសនា​​បម្រើ​ឲ្យ​​រុស្ស៊ី។ ​អាជ្ញាធរអ៊ុយក្រែន បន្ត​ទៀត​ថា ការ​គំរាម​កំហែង​ដ៏ធំ​ចម្បងចំពោះ​ទាហាន​អ៊ុយក្រែន​ ​គឺ​កងទ័ព​រុស្ស៊ី​ដែល​មកឈ្លាន​ពាន​និង​បង្កឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍លើទឹក​ដី​អ៊ុយក្រែន​​។ លើសពីនេះ​ រុស្ស៊ី​ ក៏​កំពុងតែ​ព្យាយាម​បង្ខូច​កិត្តិយស​ទាហាន​អ៊ុយក្រែន ហើយ​ក៏​ជាការអាម៉ាស់ ដែល​អង្គការសិទ្ធិមនុស្ស Amnesty International បាន​ចូល​ដៃ​ និងចូលរួម​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ និង​ជាដំណឹងមាន​ចរិត​​បែប​ឃោសនា​ បម្រើ​ប្រយោជន៍​ក្រុង​ម៉ូស្កូ។ នេះបើតាម​ទីប្រឹក្សាវិមានប្រធានាធិបតីអ៊ុយក្រែន ដដែល។​

​បើតាមទីភ្នាក់ងារព័ត៌មានបារាំង ​AFP, មុន​នឹង​ផ្សព្វផ្សាយ​របាយការណ៍នេះ​ អង្គការ​សិទ្ធិមនុស្ស Amnesty International បាន​ទាក់ទង់សាកសួរ​​សុំ​ការ​បំភ្លឺ​ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិអ៊ុយក្រែន ដែរ កាលពី​ចុង​ខែ​កក្កដា តែ​គ្មាន​ទទួល​ចម្លើយតប៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ