អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

អ្នកកាសែតបារាំងម្នាក់ស្លាប់ក្នុងពេលកំពុងយកការណ៍នៅអ៊ុយក្រែន

អ្នកកាសែត​បារាំង​ម្នាក់​ត្រូវ​ស្លាប់ នៅ​ក្នុងពេល​កំពុង​យកការណ៍ អំពី​ប្រតិបត្តិការ​មនុស្សធម៌​ជម្លៀសជនស៊ីវិល នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន។ នេះ​បើ​យោងតាម​លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង។ ចំណែក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បារាំងវិញ ដែល​កំពុង​បំពេញ​ទស្សនកិច្ច នៅ​ទីក្រុង​កៀវ បាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ប្រកប​ដោយ​តម្លាភាព ទៅលើ​ករណី​ស្លាប់អ្នក​កាសែត​រូបនេះ។

អ្នកកាសែត​បារាំង Frederic Leclerc-Imhoff ដែល​បាត់បង់ជីវិត នៅពេល​កំពុង​យកការណ៍​ នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន
អ្នកកាសែត​បារាំង Frederic Leclerc-Imhoff ដែល​បាត់បង់ជីវិត នៅពេល​កំពុង​យកការណ៍​ នៅ​ក្នុង​សង្រ្គាម​អ៊ុយក្រែន BFM TV via REUTERS - BFM TV
ផ្សាយពាណិជ្ជកម្ម

អ្នក​កាសែតបារាំង​ដែល​បាត់បង់​ជីវិត​នៅ​អ៊ុយក្រែន​នេះ មាន​ឈ្មោះ​ថា (ហ្វ្រេដេរិក ឡឺគ្លែរអ៊ីម៉ូហ្វ) Frédéric Leclerc-Imhoff ធ្វើការ​ឲ្យ​ទូរទស្សន៍បារាំង BFMTV ហើយ​យោងតាម​លោក​អេម៉ានុយអែល ម៉ាក្រុង អ្នក​កាសែត​រូបនេះ​ ត្រូវ​បាត់បង់​ជីវិត នៅពេល​កំពុង​យកការណ៍​ ដោយ​ជិះលើ​រថយន្ត​ជាមួយ​នឹង​ជនស៊ីវិល នៅ​ក្នុង​ប្រតិបត្តិការ​មនុស្សធម៌ ជម្លៀស​ជនស៊ីវិល​គេចចេញ​ពី​គ្រាប់ផ្លោង​របស់​រុស្ស៊ី។

ទូរទស្សន៍ BFMTV វិញ បាន​ឲ្យដឹង​ថា ហ្វ្រេដេរិក ឡឺគ្លែរអ៊ីម៉ូហ្វ ដែល​មាន​វ័យ ៣២ឆ្នាំ បាន​បាត់បង់​ជីវិត ​ដោយ​ត្រូវ​គ្រាប់​ផ្លោង ចំណែក​​អ្នក​កាសែត​មួយរូបទៀត ដែល​ធ្វើការ​ជាមួយ​គ្នា​នោះ ត្រូវ​រងរបួសស្រាល។

ក្រសួង​ការបរទេស​បារាំង និង​ក្រសួង​ការបរទេស​អ៊ុយក្រែន នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ពីរដាច់ពីគ្នា បាន​បញ្ជាក់​បន្ថែម​ថា ប្រតិបត្តិការ​ជម្លៀសជនស៊ីវិល ដែល​រង​ការ​វាយប្រហារ បណ្តាល​ឲ្យ​ស្លាប់​អ្នក​កាសែត​បារាំងនេះ គឺ​ធ្វើឡើង នៅ​ក្បែរ​ទីក្រុង​សេវេរ៉ូដូណេតស្ក៍ (Severodonets) ដែល​​បច្ចុប្បន្ន​ កំពុង​ជា​សមរភូមិដ៏ក្តៅគគុក​មួយ នៅ​ខាង​កើតអ៊ុយក្រែន។

លោកស្រី កាទ្រីន កូឡូណា (Catherine Colonna) រដ្ឋមន្រ្តី​ការបរទេស​បារាំង ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង​កៀវ នៅថ្ងៃ​ចន្ទ បាន​ទម្លាក់​ការទទួលខុសត្រូវ​ដោយ​ចំៗ​ទៅលើ​រុស្ស៊ី ដោយ​លោកស្រី​បាន​សរសេរ​នៅលើ​ធ្វីតធ័រ​ថា អ្នក​កាសែត​បារាំង​​ត្រូវ​ស្លាប់ គឺ​ដោយ​ត្រូវ​គ្រាប់ផ្លោង​របស់​រុស្ស៊ី នៅ​ក្នុង​ពេល​កំពុងបំពេញករណីយកិច្ចជាអ្នកយក​​ព័ត៌មាន។

លោកស្រី​ប្រមុខការទូត​បារាំង​ក៏​បាន​ទាមទារ​ផងដែរ​​ឲ្យ​បើក​ការស៊ើបអង្កេត​ប្រកប​ដោយ​តម្លាភាព ដើម្បី​លាតត្រដាង​ការពិតគ្រប់ជ្រុងជ្រោយ​ ជុំវិញករណី​ស្លាប់​អ្នក​កាសែត​បារាំង​នេះ ដោយ​លោកស្រី​​​បាន​ហៅការ​បាញ់ផ្លោង​​បណ្តាល​ឲ្យ​ស្លាប់​អ្ន​កកាសែត​បារាំងនេះ​ថា ជា​ឧក្រិដ្ឋកម្ម​ទ្វេ ពោលគឺ ជា​ឧក្រិដ្ឋកម្ម​លើ​អ្ន​កកាសែត​ផង ហើយ​ក្នុងពេល​ជាមួយគ្នា​ក៏​​ជា​ឧក្រិដ្ឋកម្ម​លើ​ប្រតិបត្តិការ​មនុស្សធម៌​ផង​ដែរ។

គួរបញ្ជាក់ថា បើ​យោងតាម​អង្គការអ្នក​​សារព័ត៌មានគ្មានព្រំដែន ចាប់តាំង​ពី​ផ្ទុះសង្រ្គាម​អ៊ុយក្រែន កាល​ពី​ថ្ងៃទី២៤កុម្ភៈ​មក មាន​អ្នក​កាសែត​យ៉ាងតិច ៨នាក់​ហើយ ដែល​ត្រូវ​បាត់បង់​ជីវិត នៅក្នុង​អំឡុងពេល​កំពុងយកព័ត៌មាន​នៅ​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ