អានតួអត្ថបទ

អ៊ុយក្រែនសន្យាធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារតំបន់ដុនបាស់ ខណៈដែលរុស្ស៊ីវាយប្រហារកាន់តែខ្លាំង

សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​បាន​ឈាន​ដល់ ៩៤ថ្ងៃ​នៅ​ថ្ងៃ​សៅរ៍ ទី២៨ ឧសភា​នេះ។ តំបន់​ដុនបាស់​ស្ថិត​ប៉ែកខាងកើត​ជា​តំបន់​ដែល​ទ័ព​រុស្ស៊ី​កំពុង​បង្កើន​ការ​វាយប្រហារ​យ៉ាង​ខ្លាំង។ នៅ​ក្នុង​សារ​វីដែអូ​មួយ​ផុស​ក្នុង​ថ្ងៃ​សុក្រ ទី២៧ ឧសភា ប្រធានាធិបតី​អ៊ុយក្រែន​លោក​វ៉ូឡូឌីមៀរ ហ្សេឡេនស្គី​បាន​ទទួល​ស្គាល់​ពី​ស្ថានការណ៍​លំបាក​ខ្លាំង​សម្រាប់​ទ័ពអ៊ុយក្រែន​នៅ​ក្នុង​តំបន់​ដុនបាស់។ តែ​លោក​បាន​សន្យា​ថា អ៊ុយក្រែន​នឹង​ប្រឹងប្រែង​គ្រប់​យ៉ាង​ដើម្បី​ការពារ​តំបន់​ដុនបាស់។ យ៉ាង​ណា​ក៏​ដោយ ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​សៅរ៍ ទី២៨ ឧសភា​នេះ​ពី​ការ​វាយ​យក​បាន​ស្រុក​លីម៉ាន់ និង​ថា ស្រុក​សេវេរ៉ូដូនែត​កំពុង​ស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ​របស់​ទ័ព​រុស្ស៊ី រួម​ទាំង​កម្លាំង​អ្នកទាមទារ​ផ្តាច់ទឹកដី​គាំទ្រ​រុសុស៊ី។ ចំណែក​អភិបាល​តំបន់​លូហ្កាន់​ខាង​ប៉ែក​អ៊ុយក្រែន​លោក​ស៊ែរហ្កី ហ្កាយដាយ​បាន​ទទួល​ស្គាល់​ពី​ស្ថានភាព​លំបាក​របស់​ទ័ព​អ៊ុយក្រែន រួម​ទាំង​ប្រជាជន​នៅ​ទីនោះ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី។
ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី។ AP
ផ្សាយពាណិជ្ជកម្ម

« ស្រុក​ទាំង​មូល​បាន​ស្ថិត​ក្រោម​ការ​ស្រោច​គ្រាប់បែក​ពី​ទ័ព​រុស្ស៊ី។ ពួក​គេ​បាន​ទម្លាក់​គ្រាប់បែក​តាម​យន្តហោះ និង​បាញ់​ផ្លោង​ចេញ​ពី​រថក្រោះ។ គឺ​ជា​វិធីសាស្រ្ត​មួយ​ដែល​ទ័ព​រុស្ស៊ី​បាន​ធ្វើ​ទៅ​លើ​ទីក្រុង​ម៉ារីយូប៉ូល មាន​ន័យ​ថា ពួក​គេ​កម្ទេច និង​បំផ្លាញ​ទីក្រុង​ទាំង​មូល​តែ​ម្តង។ នៅ​ចំពោះ​មុខ​នេះ យើង​ពង្រឹង​ទីតាំង​របស់​យើង​នៅ​ប៉ែកខាងក្រៅ​ស្ថិត​ក្បែរ​សណ្ធាគារ​មួយ។ រុស្ស៊ី​មាន​កម្លាំងទ័ព​នៅ​នឹង​កន្លែង​ប្រមាណ​ពី ៣០០ ទៅ ៤០០នាក់។ យើង​ព្យាយាម​ទប់​ការ​រុល​របស់​ពួក​គេ តែ​យើង​ទប់​មិន​បាន​ទេ។

យើង​អាច​ទប់​ពួក​គេ​បាន តែ​យើង​ត្រូវ​ការ​កាំភ្លើងត្បាល់​បាញ់​ចម្ងាយ​ឆ្ងាយ រួម​ទាំង​គ្រាប់រ៉ូកែត​ដែល​មាន​បំពាក់​ដោយ​ប្រព័ន្ធ​ចង្អុល​នាំ​ផ្លូវ។ សម្រាប់​ប្រជាជន​វិញ គឺ​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ តែ​នៅ​ពេល​នេះ យើង​អាច​នាំ​ជំនួយ​ទៅ​ជួយ​ពួក​គេ​បាន​ដោយ​ដឹក​តាម​រថយន្ត​តូច ពោល​មិន​អាច​ដឹក​តាម​ឡានកាំមីញ៉ុង​បាន​ទេ។ ចំណែក​ការ​ជម្លៀស​ពួក​គេ​មាន​ការ​លំបាក​ខ្លាំង​ណាស់ ព្រោះ​ត្រូវ​ធ្វើ​ឡើង​នៅ​ក្រោម​ការ​ស្រោច​គ្រាប់​របស់​ទ័ព​រុស្ស៊ី។ យើង​អាច​បាត់បង់​ទាហាន​យើង​ទាំង​អស់ បើ​ហ៊ាន​ព្យាយាម​ចូល​ទៅ​ជម្លៀស​ពួក​គេ។

យើង​មិន​ធ្វើ​ទេ។ យើង​គិត​ថា មាន​អ្នក​ស្រុក​ប្រមាណ​ជា ១៥ ០០០នាក់​កំពុង​រស់នៅ​ទី​នោះ។ តែ​យើង​មិន​ដឹង​ថា​តើ​មាន​ប៉ុន្មាន​នាក់​ដែល​ចង់​ចាកចេញ​ទេ។ បណ្តាញ​គមនាគមន៍​ត្រូវ​បាន​កាត់​ផ្តាច់។ ប្រជាជន​ភាគ​ច្រើន​មិន​ចង់​ចាកចេញ​ទេ។ មនុស្ស​ចាស់​មិន​ចង់​ចាកចេញ ព្រោះ​មិន​ដឹង​ទៅ​ណា និង​មក​ពី​ពួក​គេ​បាន​រស់នៅ​នៅ​ទីនោះ​តាំង​ពី​ដំបូង។ ពួក​គេ​បាន​និយាយ​ថា កើត​នៅ​ទីនោះ ស្លាប់​ក៏​នៅ​ទីនោះ។ ទន្ទឹម​គ្នា​នេះ យើង​ក៏​ឃើញ​មាន​ប្រជាជន​មួយ​ក្រុម​តូច​កំពុង​រង់​ចាំ​ការ​ធ្លាក់​ស្រុក​ទៅ​ក្នុង​ដៃ​រុស្ស៊ី »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ