អានតួអត្ថបទ
អាកាសធាតុ

ក្រុមប្រទេស G7 សន្យាបញ្ឈប់ការផលិតអគ្គិសនីពីថាមពលផូស៊ីលត្រឹមឆ្នាំ២០៣៥

ក្រុមប្រទេស G7 បាន​សន្យា នៅថ្ងៃ​សុក្រនេះ​ថា នឹង​បញ្ឈប់​ការ​ផលិតអគ្គិសនី ដោយ​ប្រើ​ថាមពល​ផូស៊ីល នៅ​ត្រឹម​ឆ្នាំ២០៣៥​ខាងមុខ ហើយ​ក្នុង​ពេល​ជាមួយគ្នា ការផ្តល់​ហិរញ្ញប្បទាន​សាធារណៈ ចំពោះ​គម្រោង​អភិវឌ្ឍ​ថាមពល​ផូស៊ីល​នៅ​បរទេស ក៏​នឹង​ត្រូវ​បញ្ឈប់​លែង​ឲ្យ​មាន​ផងដែរ នៅ​ត្រឹម​ដំណាច់​ឆ្នាំ២០២២​នេះ។ ការសន្យាទាំងនេះ​​ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចប្រឹងប្រែង​ជាលក្ខណៈអន្តរជាតិ ដើម្បី​ទប់ស្កាត់​ការ​ឡើងកម្តៅផែនដី។

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី​ក្រុមប្រទេស G7 នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង ដែលផ្តោត​លើ​បញ្ហា​អាកាសធាតុ
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី​ក្រុមប្រទេស G7 នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង ដែលផ្តោត​លើ​បញ្ហា​អាកាសធាតុ AP - Kay Nietfeld
ផ្សាយពាណិជ្ជកម្ម

ការសន្យាត្រូវ​បាន​ធ្វើឡើង ក្រោយ​ពី​មាន​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​របស់​ក្រុមប្រទេស G7 នៅក្នុង​ទីក្រុង​ប៊ែរឡាំង ដោយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ចុងក្រោយ ដែល​មាន​កម្រាស់​រហូត​ដល់​ទៅ ៤០ទំព័រ ប្រទេស​មហាអំណាច​ឧស្សាហកម្ម​​ទាំង ៧ ដែល​រួមមាន សហរដ្ឋ​អាមេរិក ជប៉ុន អាល្លឺម៉ង់ បារាំង អង់គ្លេស អ៊ីតាលី និង​កាណាដា បូករួម​ជាមួយ​នឹង​សហភាព​អឺរ៉ុប បាន​សន្យាថា នឹង​បញ្ឈប់​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ពី​វិស័យ​អគ្គិសនី នៅ​ត្រឹម​ឆ្នាំ២០៣៥ ដោយ​រាល់​ការ​ផលិត​អគ្គិសនី​ចេញ​ពី​ថាមពល​ធ្យូងថ្ម​នឹង​ត្រូវ​បញ្ឈប់​ទាំងស្រុង លើកលែង​តែ​ការផលិត ដែល​បំពាក់​ទៅដោយ​យន្តការស្ទាក់ចាប់​ឧស្ម័ន​កាបូនិក​មិន​ឲ្យ​បំភាយ​ចេញ​ទៅ​ក្នុង​បរិយាកាស។

ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧​នេះ ក៏​បាន​សន្យា​ផងដែរ​ថា នឹង​បញ្ឈប់​ការ​ផ្តល់​ហិរញ្ញប្បទាន​សាធារណៈ ទៅដល់​គម្រោងវិនិយោគ​លើ​វិស័យថាមពល​ផូស៊ីល នៅ​បរទេស នៅ​ត្រឹម​បំណាច់​ឆ្នាំ២០២២នេះ ហើយ​ដូចគ្នា​ដែរ ករណីលើកលែង​នឹង​ត្រូវ​ធ្វើ​ចំពោះ​គម្រោង​វិនិយោគ​ថាមពល​ផូស៊ីល​ទាំងឡាយ​ណា ដែល​មាន​ភ្ជាប់​ជាមួយ​នូវ​យន្តការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក។

គួរបញ្ជាក់ថា ការសន្យា​បញ្ឈប់​ការផ្តល់​ហិរញ្ញប្បទាន​សាធារណៈ​ដល់​គម្រោង​វិនិយោគ​លើ​វិស័យថាមពលផូស៊ីល​នៅ​បរទេស​នេះ ធ្លាប់​ត្រូវ​បាន​ធ្វើ​រួចមកហើយ នៅ​ក្នុង​អំឡុង​សន្និសីទ​អាកាសធាតុ​នៅ​ក្លាសហ្គោ កាល​ពី​ចុងឆ្នាំ​ទៅមិញ។ ក៏ប៉ុន្តែ កាលណោះ ក្នុង​ចំណោម​ប្រទេស G7 មានតែ​ប្រទេស ៦​ប៉ុណ្ណោះ ដែល​បាន​ចុះហត្ថលេខា​លើ​ការសន្យា​នេះ ដោយ​ជប៉ុន​​បាន​បដិសេធ​មិនចុះហត្ថលេខា។

ការណ៍​ដែល​ជប៉ុន​សុខចិត្ត​ចូលរួម​ក្នុង​កិច្ចសន្យា​ នៅ​ពេលនេះ គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ ពីព្រោះ​ថា ជប៉ុន​គឺ​ជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​នៅលើ​ពិភពលោក នៅ​ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​លើ​គម្រោង​វិនិយោគ​ថាមពល​ផូស៊ីល។

ការសន្យាបញ្ឈប់​ហិរញ្ញប្បទាន​លើ​និយោគ​វិស័យថាមពល​ផូស៊ីល ក៏ដូចជា​ការ​បញ្ឈប់​ការផលិត​អគ្គិសនី​ពី​ថាមពល​ផូស៊ីល​​នៅពេលនេះ ត្រូវ​បាន​ស្វាគមន៍​ជាទូទៅ ​ដោយ​សកម្មជន​ការពារ​បរិស្ថាន ហើយ​វា​ត្រូវ​បានធ្វើ​ឡើង នៅ​ក្នុង​ពេល​ដែល​សង្រ្គាម​នៅ​អ៊ុយក្រែន កំពុងតែ​ធ្វើ​ឲ្យ​​ពិភពលោក​ទាំងមូលត្រូវ​​ប្រឈម​នឹង​បញ្ហា​ថាមពល​ឡើងថ្លៃ ចំណែក​បណ្តា​ប្រទេស​លោកខាងលិច​ក៏​កំពុងតែ​ស្វះស្វែង​រកច្រកចេញ​ពី​ការ​ពឹងផ្អែក​លើ​ថាមពល​ដែល​នាំចូល​មក​ពី​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ