អានតួអត្ថបទ

អឺរ៉ុប និងអាមេរិកខាងជើងកំពុង​ស្គាល់សន្ទុះ​ករណី​ឆ្លង​ដោយ​មេរោគ​អុតស្វា

ខណៈ​ដែល​មេរោគ​កូវីដ១៩ កំពុង​បន្ត​មាន​វត្តមាន ករណី​ឆ្លង​ដោយ​មេរោគ​អុត​ស្វា​ហាក់​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ជា​ច្រើន។ ករណី​ឆ្លង​នៅ​អឺរ៉ុប​ដោយ​មេរោគ​អុត​ស្វា​កំពុង​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល និង​ការ​ឆ្ងល់​របស់​ក្រុម​អ្នកវិទ្យាសាស្រ្ត ព្រោះ​តាម​ធម្មតា មេរោគ​អុតស្វា​នេះ​ច្រើន​កើត​មាន​នៅ​ទ្វីបអាហ្រ្វិក ពិសេស​នៅ​ប៉ែកកណ្តាល និង​ប៉ែកខាង​លិច​ដែល​មេរោគ​នេះ​បាន​ឆ្លង​ចេញ​ពី​សត្វ។ បារាំង​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មេរោគ​អុត​ស្វា​មួយ​ករណី​នា​​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ឧសភា។

Une vue au microscope d'une section de tissu cutané, infectée par le virus de la variole du singe. L'échantillon a été obtenu au jour 2 du développement de l'éruption cutanée, selon le CDC.
Une vue au microscope d'une section de tissu cutané, infectée par le virus de la variole du singe. L'échantillon a été obtenu au jour 2 du développement de l'éruption cutanée, selon le CDC. © Public Health Image Library CDC
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ប្រទេស​ព័រទុយហ្កាល់ អេស្បាញ កាណាដា ឬ​អ៊ីតាលី មេរោគ​អុតស្វា​បាន​មក​ដល់​ប្រទេស​បារាំង​ហើយ។ នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ក្នុង​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ឧសភា អគ្គនាយកដ្ឋាន​សុខភាព​បារាំង​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មេរោគ​អុត​ស្វា​មួយ​ករណី​នៅ​ក្នុង​តំបន់​ប៉ារីស។ ជា​សរុប​គិត​តាំង​ពី​ដើម​ខែ​ឧសភា​នេះ​មក ចំនួន​ករណី​សង្ស័យ និង​ចំនួន​ករណី​ឆ្លង​ដោយ​មេរោគ​អុត​ស្វា​មាន​ច្រើន​នៅ​អឺរ៉ុប និង​នៅ​អាមេរិកខាងជើង។ ព្រឹត្តិការណ៍​នេះ​កំពុង​បង្ក​ឲ្យ​មាន​ក្តីបារម្ភ​ពី​ការ​ឆ្លង​រាលដាល​ដោយ​មេរោគ​អុត​ស្វា។ អង់គ្លេស​ជា​ប្រទេស​ទី១ ដែល​បាន​រក​ឃើញ​ករណី​មេរោគ​អុត​ស្វា​តាំង​ពី​ថ្ងៃទី៦ ឧសភា និង​បើ​គិត​ត្រឹម​យប់​ថ្ងៃ​ពុធ ទី ១៨ ឧសភា មាន​អ្នក​ឆ្លង​ចំនួន ៩នាក់។

បន្ទាប់​មក​ក្នុង​ថ្ងៃ​ពុធ ទី១៨ ឧសភា​ដដែល ប្រទេស​ព័រទុយហ្កាល់ កាណាដា និង​អាមេរិក​ក៏​បាន​ប្រកាស​ពី​ការ​រក​ឃើញ​វត្តមាន​ករណី​មេរោគ​អុត​ស្វា​នៅ​លើ​ទឹកដី​របស់​ខ្លួន។ តាម​វិទ្យុ​សាធារណៈ​កាណាដា មាន​ករណី​សង្ស័យ​ប្រមាណ​ជា ១០ករណី​កំពុង​ត្រូវ​បាន​រដ្ឋអំណាច​ក្រុង​ម៉ុងរ៉េអាល់​ពិនិត្យ សិក្សា​ក្នុង​ថ្ងៃ​ពុធ ទី១៨ ឧសភា។ នៅ​អាមេរិក មេរោគ​អុត​ស្វា​ត្រូវ​បាន​រក​ឃើញ​លើ​បុរស​ម្នាក់​ក្នុង​រដ្ឋ Massachusetts ដែល​បាន​ទៅ​កាណាដា​កាល​ពី​ពេល​ថ្មីៗ​នេះ។ គួរ​បញ្ជាក់​ថា ការ​ដែល​គេ​ហៅ​មេរោគ​អុត​ស្វា​ព្រោះ​មេរោគ​នេះ​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​លើ​សត្វ​ស្វា​ក្នុង​ឆ្នាំ ១៩៥៨។ បន្ទាប់​មក មេរោគ​អុត​ស្វា​នេះ​ត្រូវ​បាន​រក​ឃើញ​លើក​ទី១ លើ​មនុស្ស​ក្នុង​ឆ្នាំ ១៩៧០ ដែល​ជា​ក្មេងប្រុស​អាយុ ៩ឆ្នាំ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។

ចាប់​តាំង​ពី​ឆ្នាំ ១៩៧០ មេរោគ​ដដែល​មួយ​នេះ​បាន​ឆ្លង​រាលដាល​ចូល​ក្នុង ១០ប្រទេស​អាហ្រ្វិក។ នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ ២០០៣ មេរោគ​អុត​ស្វា​បាន​ឆ្លង​ចូល​ទឹកដី​អាមេរិក​ដែល​ជា​ការ​ឆ្លង​ចេញ​លើក​ទី១ នៅ​ក្រៅ​ទឹកដី​អាហ្រ្វិក។ រោគសញ្ញា​នៃ​ករណី​ឆ្លង​មេរោគ​អុតស្វាយ គឺ​ក្តៅខ្លួន ឈឺក្បាល និង​ចេញ​កន្ទួល​លើ​ស្បែក។ គ្មាន​ថ្នាំ​ពិសេស​ដើម្បី​ព្យាបាល​ទេ ហើយ​អ្នក​ជំងឺ​ត្រូវ​បាន​គេ​ឃុំ​ដាច់​ដោយ​ឡែក និង​ភាគច្រើន​បាន​ជា​សះស្បើយ​នៅ ២ ឬ ៣សប្តាហ៍​ក្រោយ​មក។ តាម​ក្រុម​គ្រូពេទ្យ​ជំងឺ​ឆ្លង អត្រា​មរណៈ​ដោយ​មេរោគ​អុត​ស្វា​មាន​ការ​ប្រែប្រួល​ខ្លាំង តែ​នៅ​តែ​មាន​អត្រា​តិច​ជាង ១០%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ