អានតួអត្ថបទ

ប្រមុខរដ្ឋបារាំងលោកម៉ាក្រុងស្នើឲ្យសមភាគីចិនលោកស៊ីគិតគូរពីក្តីបាបារម្ភរបស់ពលរដ្ឋបារាំងនៅចិន

នៅ​ថ្ងៃ​អង្គារ ទី១០ ឧសភា ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​ចិន​លោក​ស៊ី ជីនពីង។ តាម​សេចក្តីប្រកាសព័ត៌មាន​របស់​វិមាន​ប្រធានាធិបតី​បារាំង​អេលីហ្សេ លោក​ម៉ាក្រុង​បាន​និយាយ​ប្រាប់​លោក​ស៊ី​ពី​ការ​ចូលរួម​សាមគ្គីភាព​របស់​បារាំង​ជាមួយ​ចិន និង​បាន​ស្នើ​ឲ្យ​លោក​ស៊ី​គិតគូរ​ពី​ក្តីបារម្ភ​របស់​ពលរដ្ឋ​បារាំង​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ចិន។ ការ​លើក​ឡើង​របស់​លោក​ម៉ាក្រុង​បាន​ធ្វើ​ឡើង ខណៈ​ដែល​រដ្ឋអំណាច​ចិន​កំពុង​បន្ត​ចាត់​វិធានការ​បិទខ្ទប់​នៅ​ក្នុង​ក្រុង​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់​នឹង​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩។

នៅ​ថ្ងៃ​អង្គារ ទី១០ ឧសភា ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​ចិន​លោក​ស៊ី ជីនពីង។
នៅ​ថ្ងៃ​អង្គារ ទី១០ ឧសភា ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​ចិន​លោក​ស៊ី ជីនពីង។ AP - Benoit Tessier
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រយៈពេល ១ម៉ោង​កន្លះ ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង និង​សមភាគី​ចិន​លោក​ស៊ី ជីនពីង​បាន​ជជែក​គ្នា​លើ​ប្រធានបទ​ជា​ច្រើន។ តាម​វិមាន​ប្រធានាធិបតី​បារាំង​អេលីហ្សេ និង​ទូរទស្សន៍រដ្ឋ​ចិន CCTV លោក​ស៊ី​បាន​សាទរ​ពី​ការ​ជាប់ឆ្នោត​អាណត្តិ​ថ្មី​របស់​លោក​ម៉ាក្រុង និង​បាន​សម្តែង​ពី​បំណង​ប្រាថ្នា​ចង់​បន្ត​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​ថែម​ទៀត​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​បារាំង ចិន ពិសេស​ក្នុង​វិស័យ​នុយក្លេអ៊ែរស៊ីវិល និង​អាកាសចរណ៍។ បន្ទាប់​មក និង​បើ​តាម​វិមាន​អេលីហ្សេ លោក​ម៉ាក្រុង និង​លោកស៊ី​បាន​ទទូច​ជា​ថ្មី​ពី​ភាព​បន្ទាន់​ក្នុង​ការ​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​បទឈប់បាញ់​មួយ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​ការ​គោរព​បូរណភាព​ទឹកដី​អ៊ុយក្រែន។

ក្រៅ​ពី​នោះ និង​បើ​តាម​វិមាន​អេលីហ្សេ​ដដែល លោក​ម៉ាក្រុង​បាន​ឆ្លៀត​សាទរ​ចិន​ដែល​បាន​ឲ្យ​សច្ចាប័ន​លើ​សន្ធិសញ្ញា​សំខាន់​ចំនួន​ពីរ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​កាល​ពី​ថ្ងៃទី២០ មេសា ពិសេស​សន្ធិសញ្ញា​ស្តីពី​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការងារ​ដោយ​បង្ខំ។ លោក​ម៉ាក្រុង​ចង់​ឃើញ​ចិន​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​សន្ធិសញ្ញា​មួយ​នេះ​នៅ​ទូទាំង​ប្រទេស​ចិន ពិសេស​នៅ​ក្នុង​ទីក្រុង​ស៊ីនជាំង​ដែល​រស់នៅ​ច្រើន​ដោយ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​អ្នក​កាន់​សាសនា​អ៊ីស្លាម។ ប្រធានបទ​បន្ទាប់​ដែល​លោក​ម៉ាក្រុង​បាន​និយាយ​ជាមួយ​លោក​ស៊ី គឺ​ស្ថានភាព​របស់​ពលរដ្ឋ​បារាំង​រស់នៅ​ក្នុង​ប្រទេស​ចិន ពិសេស​អ្នករស់នៅ​ក្នុង​ទីក្រុង​សៀងហៃ និង​ប៉េកាំង។

តាំង​ពី​ដើម​ខែ​មេសា រដ្ឋអំណាច​ក្រុង​សៀងហៃ​បាន​ប្រើ​វិធានការ​បិទ​ខ្ទប់​សឹង​ទាំង​ស្រុង​លើ​ពលរដ្ឋ​ទាំង ២៥លាននាក់​មិន​ឲ្យ​ចេញ​ពី​ផ្ទះ​ដើម្បី​ទប់ស្កាត់​នឹង​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩។ វិធានការ​មួយ​នេះ​បាន​បញ្ឆេះ​កំហឹង​របស់​ពលរដ្ឋ​ដោយ​មាន​ឱពុក ម្តាយ​ខ្លះ​ត្រូវ​បាន​គេ​បំបែក​ចេញ​ពី​កូនៗ។ នៅ​ក្នុង​ន័យ​នេះ លោក​ម៉ាក្រុង​បាន​ស្នើ​ឲ្យ​លោក​ស៊ី​គិតគូរ​ពី​ក្តីបារម្ភ​របស់​ពលរដ្ឋ​បារាំង​ដែល​កំពុង​ជួប​ការ​លំបាក​នៅ​ក្នុង​វិធានការ​មួយ​នេះ។ សំណូមពរ​របស់​លោក​ម៉ាក្រុង គឺ​ចង់​ឲ្យ​រដ្ឋអំណាច​ចិន​រក្សា​ចរាចរណ៍​ផ្លូវអាកាស​ទៅ​កាន់​បារាំង អនុញ្ញាត​ឲ្យ​ពលរដ្ឋ​បារាំង​អាច​ធ្វើ​ដំណើរ​កាន់​អាកាសយានដ្ឋាន និង​ការពារ​ផលប្រយោជន៍​របស់​កុមារ​ដោយ​ធ្វើ​យ៉ាង​ណា​ចៀសវាង​បំបែក​ពួក​គេ​ចេញ​ពី​ឱពុក ម្តាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ