អានតួអត្ថបទ
សហភាពអឺរ៉ុប-ចិន

កាសែតបារាំង ៖ ចិន​​ចាប់ឃុំ​​ខ្លួន​បុគ្គលិក​របស់​សហភាពអឹរ៉ុប​ម្នាក់

បើ​តាមកា​រទម្លាយ​ព័ត៌មាន​របស់​កាសែត ឡឺម៉ុង ប៉េកាំ​ង​បាន​ចាប់​ឃុំ​ខ្លួន​បុគ្គលិក​បម្រើការ​ក្នុង​ជួរ​ប្រតិភូ​សហភាពអឺរ៉ុបម្នាក់ តាំង​ពី​ខែ​កញ្ញា​២០២១​មក ដោយ​ពុំ​មាន​មូលហេតុ​ស្រប​ច្បាប់​សោះ។ នេះ​ជាករណី​ចាប់​ខ្លួន​ដែល​ពុំ​ធ្លាប់​កើត​មាន​ក្នុង​ទំនាក់ទំនង​ចិន-អឺរ៉ុប​ ពី​មុន​មក​ទេ។

ចិនចាប់ខ្លួនបុគ្គលិករបស់សហភាពអឹរ៉ុបម្នាក់
ចិនចាប់ខ្លួនបុគ្គលិករបស់សហភាពអឹរ៉ុបម្នាក់ © YVES HERMAN/POOL/AFP
ផ្សាយពាណិជ្ជកម្ម

ជាង​៨​ខែ​មក​ហើយ​ដែល​តំណាង​សហភាពអឺរ៉ុប​ព្យាយាម​ស្វែង​រក​ដំណឹង​ទាក់ទង​នឹង​បុគ្គលិកបាត់​ខ្លួន ឈ្មោះ អាន ដុង An Dong។ ជាង​៧​ខែ​មក​ហើយ​ដែល​ ​ក្រសួង​ការបរទេស​ចិន មិន​ឆ្លើយ​តប​នឹង​លិខិត​របស់​សហភាព​អឺរ៉ុប​។

ប៉ុន្តែ​ដូច​ជា​ករណី​បាត់​ខ្លួន​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ចិន​ដែរ អាន​ ដុង បុគ្គលិកផ្នែក​ព័ត៌មាន​វិទ្យា របស់​​ប្រតិភូ​សហភាព​អឺរ៉ុប​ អាយុ​៤៩​ឆ្នាំ ត្រូវ​ជាប់​ចោទ​ពី​បទ​ញុះញង់​ឱ្យ​មាន​ជម្លោះនិង​បង្ក​ឱ្យ​មាន​ភាព​វឹកវរ ដែល​ជា​បទ​ចោទប្រកាន់​មិន​ច្បាស់​លាស់​ តែត្រូវ​បាន​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​ប្រើប្រាស់​ជា​ញឹកញាប់ សម្រាប់​បិទមាត់ ឬ​ចាប់​ខ្លួន អ្នក​បញ្ចេញ​​សំឡេង​ប្រឆាំង។ ក្នុង​ករណី​ អាន ដុង លោក​បាន​បង្ហាញ​ដោយ​ចំហនិន្នាការ​​ប្រកាន់​សាសនា​គ្រិស្ត និង​ធ្លាប់​មាន​បង្ហោះ​តាម​ប្រព័ន្ធសង្គម ដែល​ហាមឃាត់​ដោយ​អាជ្ញាធរ​ប៉េកាំងផង។ តែ​គ្មាន​កំហុស​អ្វី​គួរ​ចាប់ខ្លួន​ទៅ​ឃុំ​ឃាំង​ទេ។ នេះ​បើ​តាម​ការ​លម្អិត​របស់​កាសែត​ឡឺម៉ុង។

ស្ថាប័ន​ការទូត​សហភាព​អឺរ៉ុប បាន​ទទូច​សុំ​ឱ្យ​អាជ្ញាធរ​ចិន ផ្តល់​សិទ្ធិ​ដល់ អាន​ ដុង ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ខេត្ត​ស៊ីឈន់​ អាចជ្រើសរើស​រក​​មេធាវីមកការពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់ មិនមែន​ជា​មេធាវី​ដែល​អាជ្ញាធរ​ចង្អុល​ឱ្យ។ ប៉ុន្តែ​សំណើ​នេះ ក៏​មាន​ចម្លើយ​តបដែរ។ ​

នេះ​ជា​លើក​ទីមួយ​ហើយ ដែល​ការ​ចាប់​ខ្លួន​បុគ្គលិក​បម្រើ​ការ​ឱ្យ​ស្ថាប័នការទូត​បស្ចិមលោក ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ។ សូម​បញ្ជាក់​ថា គ្រប់​បុគ្គលិក​ចិន​បម្រើការ​ឱ្យ​ស្ថាបន​បរទេស ក៏​ដូច​ជា​បុគ្គលិក​​​ធ្វើ​ការ​ឱ្យ​សារព័ត៌មាន​បរទេស​នៅ​ក្នុង​ប្រទេស​ចិន​ ត្រូវ​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ជាមួយ​ស្ថាប័ន​រដ្ឋបាលចិន Beijing Personnel Service Corporation for Diplomatic Missions។ តាំង​ពី​ឆ្នាំ​២០២១មក ចិន​មាន​មធ្យោបាយ​ដាក់​សម្ពាធខ្លាំង​​មួយ​ទៀត គឺ​ចិន​អាច​មិន​ចុះ​ហត្ថលេខា​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ជ្រើសរើស​រួច ធ្វើការ​ជាមួយ​បរទេស​បាន។ កាលពី​ខែ​ធ្នូ ២០២០ ជំនួយការ​របស់​ភ្នាក់ងារ​Bloomberg បាន​ទទួល​ជោគ​វាសនា​បែប​នេះ​ម្នាក់​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ