អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

ប្រមុខរដ្ឋាភិបាល​អូទ្រីស លោក​ណេហាមែរ ជួប​​និយាយ​ជាលោក​ពូទីន ពី​បញ្ហា​មនុស្សធម៌​នៅ​អ៊ុយក្រែន

លោក​ប្រមុខរដ្ឋាភិបាល​អូទ្រីស កាល ណេហាមែរ បានទៅជួបជាមួយ​លោកពូទីន ដល់ទីក្រុងម៉ូស្គូ កាលពីថ្ងៃចន្ទ ទី​១១មេសា។ កម្មវត្ថុនៃជំនួបនេះ គឺលោក​ណេហាមែរ មានបំណង​ និយាយប្រាប់ទៅ​លោកពូទីន ឲ្យគិតគូរបើកច្រក​ផ្លូវមនុស្សធម៌ ជួយជីវិតប្រជាជនស៊ីវីលអ៊ុយក្រែន ពីការទម្លាក់គ្រាប់របស់​កងទ័ពរុស្ស៊ី។ តែយ៉ាងណា ប្រភពពីរដ្ឋាភិបាល​អូទ្រីសបានឲ្យដឹងថា ក្នុងការនិយាយគ្នាគឺគ្មានលទ្ធផលអ្វីទាំងអស់ និងដោយគ្មាន សូម្បីតែការចាប់រលាក់ដៃគួរសមក្រោយ​ចប់ការប្រជុំ រវាង​មេដឹកនាំទាំង២។

លោកអធិការបតីអូទ្រីស Karl Nehammer ធ្វើសន្និសីទកាសែត បន្ទាប់ពីបានជួបជាមួយ​លោកពូទីននៅក្រុងម៉ូស្គូ ថ្ងៃទី ១១មេសា ២០២២
លោកអធិការបតីអូទ្រីស Karl Nehammer ធ្វើសន្និសីទកាសែត បន្ទាប់ពីបានជួបជាមួយ​លោកពូទីននៅក្រុងម៉ូស្គូ ថ្ងៃទី ១១មេសា ២០២២ © REUTERS - MAXIM SHEMETOV
ផ្សាយពាណិជ្ជកម្ម

យោងតាមការ​ផ្សាយ​របស់បណ្តាញព័ត៌មានអូទ្រីស ជំនួប​រវាង​លោកអធិការបតីអូទ្រីស កាល ណេហាមែរ (Karl Nehammer) ជាមួយ​នឹងលោកពូទីន បានប្រព្រឹត្តិធ្វើទៅរយៈពេល​ជាងមួយម៉ោង នៅនិវេសនដ្ឋាន Novo-Ogaryovo  ជាយទីក្រុងម៉ូស្គូ កាលពីរសៀលថ្ងៃចន្ទ ទី​១១មេសា។

លោក​ប្រមុខរដ្ឋាភិបាល​អូទ្រីស បានអះអាងថា ក្នុងពេលជួបគ្នា លោក​បាន​និយាយដោយត្រង់ៗ ដោយ​ឥតលាក់លៀម​ ជាមួយ​លោកពូទីន។ លោកណេហាមែរ អះអាងថាលោកបាន​ប្រាប់ទៅលោកពូទីន ថា​ អ្វីដែល​កងទ័ពរុស្ស៊ីបានធ្វើ​នៅ​តំបន់ប៊ូតឆា រួមទាំងតំបន់ផ្សេងទៅនៅអ៊ុយក្រែន គឺវាជាអំពើឧក្រិដ្ឋសង្គ្រាម ហើយអ្នកទទួលខុសត្រូវ នឹងត្រូវ​ទទួលទោសកំហុស ចំពោះមុខច្បាប់អន្តរជាតិ​នៅថ្ងៃខាងមុខ។

លោក​ណេហាមែរ បានលើកឡើងថា លោក​ក៏បាន​ប្រាប់ទៅលោកពូទីនដែរ អំពីភាពចាំបាច់បន្ទាន់បំផុត ក្នុងការបើកច្រកផ្លូវមនុស្សធម៌ ជន្លៀសប្រជាជនស៊ីវីល និង​ការពារសន្តិសុខឲ្យ​ក្រុម​អង្គការមនុស្ស​ធម៌ អាចដឹកជំនួយស្បៀងអាហារ ថ្នាំសង្កូវទៅជួយ​ដល់​ប្រជាជនស៊ីវីល ស្ត្រី និងកុមារ ដែលកំពុងតែ​ត្រូវកងទ័ពរុស្ស៊ីឡោមព័ទ្ធ និងទំលាក់គ្រាប់ជ្រុំស្ទើរមិនលោះថ្ងៃ។ លោក​ប្រមុខ​រដ្ឋាភិបាល​អូទ្រីស បានទទួលស្គាល់ថា ការនិយាយគ្នាជាមួយ​លោក​ពូទីន គឺមានការលំបាក​តានតឹងខ្លាំងណាស់ ហើយ​ពេលបែកគ្នា ក៏គ្មានការចាប់រលាក់ដៃជាការគួរសមដែរ។

ដោយឡែក លោក Dmitri Peskov អ្នកនាំពាក្យ​វិមានក្រឹមឡាំងបានបញ្ជាក់ថា ជំនួបនេះ ត្រូវបានធ្វើឡើងដោយ​បិទទ្វារជិត និង​ដោយ​គ្មានការ​ធ្វើសន្និសីទកាសែត ក្រោយ​ចប់ការប្រជុំទេ។ វាជាអ្វីដែលភាគីអូទ្រីសបានស្នើ។

គួរបញ្ជាក់ថា លោក កាល ណេហាមែរ បានសម្រេចចិត្តទៅ​ជួប​លោកពូទីនដោយផ្ទាល់ បន្ទាប់ពីលោក​បានទៅដល់ទីក្រុងប៊ូតឆា ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន​។ ក្រុងប៊ូតឆា ជាទីដែលគេបានរកឃើញសាកសពជនស៊ីវីល​អ៊ុយក្រែន ជាង​៤០០នាក់ ដែលត្រូវកងទ័ពរុស្ស៊ីសម្លាប់រង្គាល។ រដ្ឋមន្ត្រីការបរទេសអូទ្រីស អះអាងថា លោក កាល ណេហាមែរ មិនបាន​ទៅ​ជួបលោកពូទីន ក្នុងនាមជាអ្នកតំណាង​ ឲ្យសហភាពអឺរ៉ុបអ្វីទេ គឺទៅជាលក្ខណៈផ្ទាល់ខ្លួន។ តែយ៉ាងណាមុននឹងទៅ លោកប្រមុខរដ្ឋាភិបាលអូទ្រីស បានពិភាក្សាជាមួយ​លោក​ហ្សេឡេនស្គី លោក​អូឡាហ្វ ស្ហុលស៍ លោកស្រីវុនដឺឡៃយិន និង​លោក​អ៊ែរដូហ្កាន់។ រដ្ឋមន្ត្រីការបរទេសអូទ្រីសបន្ថែមថា បើទោះជាគ្មានសង្ឃឹមថាលោកពូទីននឹងស្តាប់ តែ​​លោក​ណេហាមែរ ចង់ទៅប្រាប់​លោកពូទីន ឲ្យបានឮផ្ទាល់ត្រចៀក ថាអ្វីដែល​រុស្ស៊ីកំពុងធ្វើនៅអ៊ុយក្រែន​ វាគឺជាកំហុស​មួយ​ធ្ងន់ធ្ងរ​ណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ