អានតួអត្ថបទ
ទំនិញឡើងថ្លៃ

ចំណីអាហារ​ឡើង​ថ្លៃ​យ៉ាង​គំហុក ហើយ​អង្គការស្បៀងអាហារពិភពលោក ព្រួយ​ពី​រឿង​ខ្វះ​ស្បៀង

តម្លៃ​ស្បៀង​អាហារនិង​ទំនិញ​​ឡើង​ថ្លៃ ចាប់ពី​ខែមីនា​មក គឺ​ហក់​កើន​កម្ពស់​មិនធ្លាប់ជួប​​សោះ ក្នុង​រយៈ​កាល​ជាង​៣០ឆ្នាំចុងក្រោយ​។ នេះក៏ព្រោះតែ​សង្គ្រាម​រុស្ស៊ី​-អ៊ុយក្រែន ហើយ​ដែល​វា​បង្ក​ហានិភ័យ​​ដល់​ទីផ្សារ​សកលលោក។​ នេះ​ជាការ​សម្តែង​ក្តីបារម្ភ​របស់​ អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាងស្បៀង​អាហារនិង​កសិកម្ម។ ហេង ឧត្តម ជូន​ព័ត៌មាន​លម្អិត​៖​

ទំនិញដែលជា​ស្បៀងចាំបាច់សម្រាប់​ជីវិតរស់នៅប្រចាំថ្ងៃ​បាន​កើនឡើង​១២​%​នៅ​ខែ​មីនា នៅក្រោយ​រុស្ស៊ី​ធ្វើ​សង្រ្គាម​នៅអ៊ុយក្រែន
ទំនិញដែលជា​ស្បៀងចាំបាច់សម្រាប់​ជីវិតរស់នៅប្រចាំថ្ងៃ​បាន​កើនឡើង​១២​%​នៅ​ខែ​មីនា នៅក្រោយ​រុស្ស៊ី​ធ្វើ​សង្រ្គាម​នៅអ៊ុយក្រែន AFP/File
ផ្សាយពាណិជ្ជកម្ម

ស្រូវ​សាឡី ពោត និង​ប្រេងឆា ដែ​ល​ជា​គ្រឿងមូលដ្ឋាន​សម្រាប់​ផលិត​អាហារ​ផ្សេងៗ ដូចជា ធ្វើ​នំប៉័ងនិង​ម្សៅ គឺ​បាន​ឡើង​ថ្លៃ​យ៉ាង​គំហុក។ ស្រូវសាឡី កើនឡើង​​ ១៧ ឬ​១៩​%។ ​​ពោត​ក្រហមក៏​កើន​ថ្លៃ​ជាង​១៩%ដែរ​។ ប្រេងឆា​នៅ​អាហ្វ្រិក​ ថ្លៃ​កើន​ជាង​២៣%​។ ​ជាថ្លៃ​ខ្ពស់​បំផុស​ មិន​ធ្លាប់​មាន​កន្លងមក។ ឯ ​សណ្តែក​ ប្រេង​ដូង ជាដើម ​ក៏​ឡើងថ្លៃ មិនធម្មតា​ដែរ​។​ នេះគ្រាន់តែជាង​មួយ​ខែ​សោះ នៃ​ជម្លោះ​បង្ហូរឈាម​រវាង​​រុស្ស៊ី​-អ៊ុយក្រែន។ សង្គ្រាម​នេះ ក៏​នឹង​បង្ក​ការ​គំរាម​កំហែង​ ទៅ​ដល់ ​រដូវ​ច្រូត​កាត់ ​នាពេល​ខាងមុខៗទៀត។

រុស្ស៊ី ជាប្រទេស​នាំចេញ​ស្រូវ​សាឡី​​​ លំដាប់​លេខ​មួយលើពិភព​លោក ហើយ​  អ៊ុយក្រែន លំដាប់​ទី​៥ ។ បើបូក​សរុប​ប្រទេស​ទាំងពីរ​​នេះ គឺ​ការ​នាំចេញ​ស្រូវ​សាឡី ស្មើ​នឹង​៣០%​នៃ​តម្រូវ​ការ​ពិភពលោក។​ ក៏ប៉ុន្តែ​នៅ​ថ្ងៃព្រហស្ប៍​​សប្តាហ៍​នេះ អ៊ុយក្រែន បែរជា​​បាន​ប្រកាស​ត្រដរ​សុំ​ជំនួយ​ពី​សហភាព​អឺរ៉ុប ដើម្បី​ជួយ​ដល់​កសិករ​អ៊ុយក្រែន ស្រេច​​បាត់ទៅទៀត។​ នេះ​ក៏​ពីព្រោះថា កំពង់​ផែធំៗ​​ របស់​អ៊ុយក្រែន​ ត្រូវ​ រុស្ស៊ី​ វាយ​ប្រហារ​និង​បំផ្លោង​គ្រាប់​បែក​​។​

មួយវិញទៀត  ​ការ​នាំគ្នា​ប្រមូល​ទិញ​ទំនិញ​និងស្បៀង​ស្ទុក​ទុក ក៏​នាំ​ឲ្យ​តម្លៃ​ទំនិញ​កើន​ថ្លៃ​ខ្លាំង​ដែរ។​ ជា​ផល​វិបាក ចាប់ពី​ពេល​នេះ​ដល់​ខែ​មិថុនា ​នៅ​ទ្វីប​អាហ្វ្រិក​ ប៉ែក​ខាង​នីរតី និង​នៅ​ប្រទេស​តំបន់​សាហែល គឺត្រូវ​ប្រឈម​មុខ​នឹង​ការ​ខ្វះស្បៀង​​អាហារ ពិសេស​ខ្វះ​ Céréales ដែល​ផលិតចេញពី​ស្រូវ​សាឡី របស់​រុស្ស៊ី​និងអ៊ុយក្រែន​។​ ចំពោះមុខ ប្រធានាធិបតី​នីហ្សេ Mohamed Bazoum បាន​ប្រកាស​សុំ​ជំនួយ​។ កាលពីថ្ងៃ​ពុធ បារាំង និងសហរដ្ឋអាមេរិក ព្រម​ទាំង​ប្រទេស​ផ្សេងទៀត បាន​សន្យា​ជួយ​ ​១,៧៩ ពាន់​លាន​អឺរ៉ុប សម្រាប់​ជំនួយ​ស្បៀងអាហារ។

ទោះ​យ៉ាងនេះក្តី អង្គការ​ស្បៀង​អាហារ​ពិភពលោក  បាន​​​ទាញ​សញ្ញាអាសន្ន​បញ្ជាក់ ​ថា ប្រសិន​បើ​សង្គ្រាម​រុស្ស៊ី​-អ៊ុយក្រែននៅតែបន្ត​អូសបន្លាយ​តទៀត​ ដែល​រំខាន​ដល់​ដំណើរ​ចរន្ត​ផលិត​និង​ដឹកជញ្ជូន​ស្បៀង,​​ នោះគឺ​ ជីវិត​មនុស្ស​ ប្រហែ​ល​ពី​៨​ទៅ​១៣លាន​នាក់បន្ថែមទៀត​ នឹងត្រូវ​រង​ទុក្ខ​ខ្វះ​អាហារូបត្ថម្ភ ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ