អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

លោក ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ ៖ ​សូម​កុំអាល​​ជឿ ចំពោះ​ពាក្យ​​ប្រកាស​របស់​រុស្ស៊ី ដែល​ថា​ការ​ចរចា​មាន​ពន្លឺ​វិជ្ជមាន

លោក ហ្សង់អ៊ីវ ឡឺ ឌ្រីយ៉ង់ រដ្ឋមន្ត្រីការបរទេស​បារាំង បាន​ផ្តល់បទសម្ភាសន៍មួយ កាលពីថ្ងៃពុធ ទី​៣០មីនា​ ឲ្យ​វិទ្យុបារាំងអន្តរជាតិ RFI ។ នៅក្នុង​បទសម្ភាសន៍នោះ លោក​ប្រមុខការទូត​បារាំង​បានលើកឡើង ថាសម្រាប់ពេលនេះលោក​មិនបានសង្កេតឃើញ ថាការចរចាគ្នា រវាងរុស្ស៊ី និង​អ៊ុយក្រែន បាន​ឈានទៅមុខប្រសើរទាល់តែសោះ។ លោក​បញ្ជាក់ថា លោកមិនទាន់ទុកចិត្តរុស្ស៊ី ថាមានចេតនាចង់ចរចាពិតនោះទេ ព្រោះថារហូតមកទល់ពេលនេះ ការអនុវត្តជាក់ស្តែងរបស់ភាគីរុស្ស៊ី គឺវាផ្ទុយពីអ្វីដែលរុស្ស៊ីបាន​ប្រកាស។

លោក Jean-Yves Le Drian រដ្ឋមន្រ្តីការបរទេសបារាំង ក្នុងពេល​ផ្តល់បទសម្ភាសន៍ ឲ្យ​វិទ្យុបារាំង RFI និងទូរទស្សន៍​ France 24 ថ្ងៃទី ៣០ មីនា ២០២២
លោក Jean-Yves Le Drian រដ្ឋមន្រ្តីការបរទេសបារាំង ក្នុងពេល​ផ្តល់បទសម្ភាសន៍ ឲ្យ​វិទ្យុបារាំង RFI និងទូរទស្សន៍​ France 24 ថ្ងៃទី ៣០ មីនា ២០២២ © RFI/France24
ផ្សាយពាណិជ្ជកម្ម
02:47

សម្រង់​ប្រសាសន៍​លោក ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ រដ្ឋមន្ត្រីការបរទេសបារាំង

 

"យប់មិញនេះ គ្រាប់បែកនៅតែធ្លាក់ដដែល សង្គ្រាម​នៅតែបន្តនៅការគីវ និង​នៅម៉ារីយូប៉ូល។​ លោកពូទីន បាន​សម្រេចឡោមព័ទ្ធទីក្រុង​ម៉ារីយូប៉ូលទាំងស្រុង។ ប្រជាជនយ៉ាងហោច ជិត​២សែននាក់ កំពុងជាប់នៅទីនោះ ទៅណាមិនរួច។ យើងឃើញថាសង្គ្រាមនៅតែបន្តដដែល។

​សម្រាប់ពេលនេះ អ្វីដែលខ្ញុំឃើញ គឺថាវាគ្មានការដើរទៅមុខប្រសើរឡើងទាល់តែសោះ ទាក់ទិននឹងការចរចាគ្នា។ វាមានតែការប្រកាស របស់ភាគីរុស្ស៊ី ដែលពេលខ្លះប្រកាសម្តងអញ្ចេះ ម្តងអញ្ចោះ​ មិនច្បាស់លាស់សោះ!

ខ្ញុំជឿតែមួយគត់ គឺជឿទង្វើជាក់ស្តែង ! ប្រសិនបើស្អែកព្រឹក លោក​ពូទីន ប្រកាសថា « ឥឡូវគាត់សុខចិត្តដកថយ លែងឡោមព័ទ្ធក្រុងម៉ារីយូប៉ូល ឲ្យ​ប្រជាជនចាកចេញដោយស​ុវត្ថិភាព ដើម្បី​​បង្ហាញថារុស្ស៊ី ពិត​ជាចង់ឲ្យស្ថានការណ៍​បាន​​ប្រសើរឡើង » អាហ្នឹងទើបខ្ញុំជឿ!។ តែសម្រាប់ពេលនេះ វាអត់មានទាល់តែសោះ ! ការទម្លាក់អាវុធឈប់បាញ់ មិនមែនធ្វើដោយ​ឯកឯងទេ គឺទាល់តែលោក​ពូទីនសម្រេចចិត្ត​ថាធ្វើមែន ថាឈប់បាញ់ ហើយងាកមកចរចា។ តែ​វាគ្មានទង្វើជាក់ស្តែង បែបនេះទាល់តែសោះ ឥឡូវនេះ !

ដូច្នេះ សូមកុំ​អាលឆាប់ជឿពេក ជាមួយ​នឹងពាក្យ​ប្រកាសត្រឹមតែសំដី។ យើងត្រូវការ ឲ្យ​ឃើញទង្វើអនុវត្តជាក់ស្តែង ឲ្យ​ច្បាស់នឹងភ្នែក។ បើរុស្ស៊ី ចង់ឲ្យ​គេទុកចិត្តរុស្ស៊ី​ គឺរុស្ស៊ីត្រូវធ្វើអ្វីមួយឲ្យជាក់ស្តែងមក​ បង្ហាញ​អំពីចេតនាថាខ្លួនចង់​ដោះស្រាយ​ ប្រសិន​បើមានចេតនាបែបនោះមែន។

វាអាចដែរ ដែលថាកងទ័ពរុស្ស៊ីកំពុងតែប្តូរយុទ្ធសាស្ត្រប្រយុទ្ធ ដកថយទៅត្រឹមខាងកើតវិញ ព្រោះរុលទៅមុខលែងរួច។ តែវាក៏អាចដែរ ដែលរុស្ស៊ី​ ប្រកាសថាចរចាក្នុងពេលនេះ គឺ​ដើម្បីឆក់ឱកាស រៀបចំកម្លាំងកងទ័ពឡើងវិញ ក៏ថាបានដែរ។ ការឡោមព័ទ្ធទីក្រុង ឲ្យ​ប្រជាជនដាច់ពោះ ហើយទំលាក់គ្រាប់ជ្រុំរាល់ថ្ងៃ វាគឺជាយុទ្ធសាស្ត្រ ដែល​កងទ័ពរុស្ស៊ីធ្លាប់​បាន​ប្រើរួចហើយ នៅហ្ក្រូសនី និង​នៅអាឡិប។ ប្រវត្តិសាស្ត្របានបង្ហាញ​§ប្រាប់យើងថា ការពិតរុស្ស៊ីប្រកូកប្រកាសថាចរចា តែធាតុពិតគឺដើម្បី​រៀបចំកម្លាំងឡើងវិញតែប៉ុណ្ណោះ។

ទ្រឹស្តី​ចក្រផ្លូវមនុស្សធម៌ តាមបែបរុស្ស៊ី គឺជាទ្រឹស្តីដែលស្ថិតនៅក្នុងយុទ្ធសាស្ត្រ​ឡោមព័ទ្ធនេះ។ ដូចយើងបាន​ឃើញនៅ ហ្ក្រូសនី និង​នៅអាឡិប ។ ហើយឥឡូវនេះ យើងកំពុងតែបារម្ភថា រុស្ស៊ីកំពុងតែ​ធ្វើនៅ​ម៉ារីយូប៉ូល។ រុស្ស៊ីអាចបើកផ្លូវ ឲ្យ​ប្រជាជនចេញទៅខាងដីរុស្ស៊ី ហើយ​អ្នកដែលនៅសល់ មិន​ព្រមចេញ​ គឺរុស្ស៊ីចាត់ទុកថាជាពួកភេរវកម្ម និងពួកណាហ្ស៊ី។ ដូច្នេះវានឹងបន្ថែមហេតុផល ឲ្យ​រុស្ស៊ីបន្តទំលាក់គ្រាប់ដើម្បី​សំលាប់កាន់តែខ្លាំង។ អានេះហើយ ជាយុទ្ធសាស្ត្រកងទ័ពរុស្ស៊ី។

អ្វីដែលយើងចង់បាន គឺចង់ឃើញរុស្ស៊ី​ទំលាក់អាវុធជាក់ស្តែងនៅម៉ារីយូប៉ូឡ ឲ្យ​ប្រជាជនចាកចេញដោយសុវត្ថិភាព និងឲ្យ​ក្រុមអង្គការមនុស្សធម៌ អាចដឹកស្បៀងចូលទៅម៉ារីយូប៉ូល ដោយសុវត្ថិភាព !"

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ