អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន

សង្រ្គាមអ៊ុយក្រែន៖រុស្ស៊ីបញ្ជាក់ពីលទ្ធផលនៃកិច្ចចរចាដែលគ្មានភាពចម្រើន និងគ្មានសញ្ញាវិជ្ជមាន

កិច្ចចរចា​រវាង​រុស្ស៊ី និង​តួកគី​រយៈពេល ២ថ្ងៃ​ក្នុង​ប្រទេស​តួកគី​បាន​បិទបញ្ចប់​ក្នុង​ថ្ងៃ​អង្គារ ទី២៩ មីនា។ ប្រធានាធិបតី​អ៊ុយក្រែន​បាន​បញ្ជាក់​ពី​ការ​មាន​សញ្ញាវិជ្ជមាន។ ចំណែក​ប្រធាន​គណៈប្រតិភូ និង​ជា​អ្នកតំណាង​ឲ្យ​វិមាន​ក្រេមឡាំង​លោក​វ្ល៉ាឌីមៀរ មេឌីនស្គី​ដែល​ដឹកនាំ​ការ​ចរចា​រុស្ស៊ី​បាន​លើក​ឡើង​ពី​កិច្ចចរចា​ប្រកប​ដោយ​សាច់ការ និង​ថា សំណើ​ច្បាស់លាស់​របស់​អ៊ុយក្រែន​សម្រាប់​កិច្ចព្រមព្រៀង​មួយ​នឹង​ត្រូវ​ធ្វើ​ការ​ពិនិត្យ សិក្សា​ឆាប់ៗ រួច​ដាក់​ជូន​ទៅ​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន។ ទន្ទឹម​គ្នា​នេះ អនុរដ្ឋមន្រ្តី​ការពារជាតិ​រុស្ស៊ី​បាន​ប្រកាស​ពី​ការ​កាត់​បន្ថយ​សកម្មភាព​យោធា និង​ចំនួន​ទ័ព​នៅ​ក្នុង​ទីក្រុង​កៀវ និង​ទីក្រុង​ឆែនីហ្គីវ។ បន្ទាប់​មក​ក្នុង​ថ្ងៃ​ពុធ ទី៣០ មីនា វិមាន​ក្រេមឡាំង​តាម​រយៈ​អ្នក​នាំពាក្យ​លោក​ឌីមីទ្រី ប៉េស្កូវ​បាន​សាទរ​ដែល​អ៊ុយក្រែន​ទើប​បាន​បញ្ជាក់​សំណើ​របស់​ខ្លួន​ជា​លាយលក្ខណ៍។ តែ​ខុស​ពី​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​តំណាង​រុស្ស៊ី​ដែល​បាន​ចូលរួម​ចរចា លោក​ឌីមីទ្រី ប៉េស្កូវ​បាន​បញ្ជាក់​ពី​ការ​គ្មាន​សញ្ញា​ចម្រើន​ណា​មួយ​នៅ​ក្នុង​កិច្ចចរចា​នោះ​ទេ។

អ្នកនាំពាក្យវិមានក្រេមឡាំង លោកឌីមីទ្រី ប៉េស្កូវ។
អ្នកនាំពាក្យវិមានក្រេមឡាំង លោកឌីមីទ្រី ប៉េស្កូវ។ AP - Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

« នៅ​ទីបំផុត ភាគី​អ៊ុយក្រែន​បាន​ចាប់​ផ្តើម​បញ្ជាក់​យ៉ាង​លំអិត និង​ជា​លាយលក្ខណ៍អក្សរ​នូវ​សំណើ​របស់​ខ្លួន​ដែល​បាន​ស្នើ​ឡើង​នៅ​ក្នុង​ការ​ចរចា។ រហូត​មក​ដល់​ពេល​នេះ អ៊ុយក្រែន​មិន​ដែល​ធ្វើ​សំណើ​របស់​ខ្លួន​ជា​លាយលក្ខណ៍​អក្សរ​ទេ។ នេះ​ជា​កត្តា​វិជ្ជមាន​មួយ។ ក្រៅ​ពី​នេះ និង​សម្រាប់​ពេល​នេះ យើង​មិន​អាច​លើក​ឡើង​ពី​ជោគជ័យ ពី​ភាព​ចម្រើន​ទៅ​មុខ និង​ពី​សញ្ញាវិជ្ជមាន​ណា​មួយ​នៅ​ក្នុង​កិច្ចចរចា​បាន​ឡើយ។ នៅ​មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។

អស់​លោក​ពិត​ជា​បាន​កត់សម្គាល់​ឃើញ​រួច​ហើយ​ថា យើង​ចៀសវាង​ដោយ​ប្រុងប្រយ័ត្ន​ជា​ទីបំផុត​ក្នុង​ការ​ធ្វើ​សេចក្តីថ្លែងការណ៍​ណា​មួយ​ស្តីពី​ខ្លឹមសារ​ដែល​កើត​ចេញ​ពី​កិច្ចចរចា។ យើង​មិន​បាន​និយាយ​ជា​សាធារណៈ​ទេ។ យើង​គិត​ថា ការ​ចរចា​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​សម្ងាត់។ ក៏​ប៉ុន្តែ យើង​បាន​ឮ​ក្រុម​អ្នកតំណាង​អ៊ុយក្រែន​នៅ​ក្នុង​កិច្ចចរចា រួម​ទាំង​អ្នកតំណាង​មិន​នៅ​ក្នុង​កិច្ចចរចា​បាន​សម្តែង​មតិ​នៅ​លើ​បណ្តាញសង្គម និង​សាបព្រោះ​នូវ​ភាព​មិន​ចុះ​សម្រុង​គ្នា។ នេះ​មិនមែន​ជា​កត្តា​មួយ​ដែល​រួម​ចំណែក​ដល់​ភាព​ជោគជ័យ​នៅ​ក្នុង​ការចរចា​នោះ​ទេ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ