អានតួអត្ថបទ
អឺរ៉ុប-ថាមពល-រុស្ស៊ី

ប្រទេស​អឺរ៉ុប​ទាំង២៧ ​សម្រេច​​ប្រើឈ្មោះ​គណកម្មការ​អឺរ៉ុប​តែមួយ ដើម្បី​​អាច​ទិញ​ហ្កាស​​រួមគ្នា​ក្នុង​​តម្លៃ​ថោក

វិបត្តិតម្លៃថាមពល ប្រេង និង​ហ្កាស កំពុងចោទឡើងជាខ្លាំង ជាពិសេសនៅអឺរ៉ុប ដោយសារតែសង្គ្រាម​អ៊ុយក្រែន។ រុស្ស៊ី គឺជាប្រទេសផលិត​ប្រេង និងហ្កាសដ៏សំខាន់បំផុត ហើយដែលក្រុម​ប្រទេសអឺរ៉ុបទិញពីរុស្ស៊ីក្នុងទំហំច្រើន។ ថ្វីបើ​មិនមានការត្រូវរ៉ូវគ្នា ក្នុងការធ្វើពហិការ ឈប់ទិញប្រេងនិងហ្កាសរបស់រុស្ស៊ីមែន​ តែក្រុមប្រទេសអឺរ៉ុបទាំង​២៧ បានសម្រេចកាលពីល្ងាចថ្ងៃទី​២៥មីនា​ ​ប្រើឈ្មោះគណកម្មការ​អឺរ៉ុប​តែមួយ ដើម្បីអាច​ចុះកិច្ចសន្យាទិញហ្កាសរួមគ្នាក្នុង​តម្លៃថោក។ វិធីនេះ ក៏នឹងសម្រួលឲ្យអឺរ៉ុប អាចចរចា ស្វែងរកអ្នកផ្គត់ផ្គង់ហ្កាសផ្សេងទៀត ក្រៅពីរុស្ស៊ីដែរ។

លោក​ប្រធានាធិបតី​ម៉ាក្រុង ក្នុងពេលធ្វើ​សន្និសីទ ក្រោយ​ការប្រជុំកំពូលអឺរ៉ុប នៅថ្ងៃសុក្រ ទី២៥មីនា ២០២២
លោក​ប្រធានាធិបតី​ម៉ាក្រុង ក្នុងពេលធ្វើ​សន្និសីទ ក្រោយ​ការប្រជុំកំពូលអឺរ៉ុប នៅថ្ងៃសុក្រ ទី២៥មីនា ២០២២ AP - Geert Vanden Wijngaert
ផ្សាយពាណិជ្ជកម្ម

​​ក្រោយការជជែកគ្នា យ៉ាងតឹងតែង ពេញមួយរសៀលរហូតដល់យប់ថ្ងៃសុក្រ ទី​២៥មីនា ទីបំផុតក្រុមប្រទេសទាំង​២៧ នៃសហភាពអឺរ៉ុប បានសុខចិត្តកំណត់វិធានការ ទិញហ្កាសរួមគ្នា ដោយ​ប្រើ​ឈ្មោះ​គណកម្មការអឺរ៉ុបតែមួយ ជាអ្នកចុះកិច្ចសន្យា។ នេះជាវិធានការ យកគំរូតាម​វិធានការទិញវ៉ាក់សាំងរួមគ្នា។

លោក​ម៉ាក្រុងប្រធានាធិបតីបារាំង បានអះអាងថា ការទិញហ្កាសរួមគ្នា គឺជាវិធានការដ៏​ល្អ និងមានប្រសិទ្ធភាព ដើម្បី​ឲ្យ​អឺរ៉ុបអាចទិញក្នុងតម្លៃថោក ព្រោះការរួមគ្នាទូទាំងអឺរ៉ុប គឺវាមានទំងន់។ ដោយឡែក លោកអូឡាហ្វ ស្ហុល ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បាន​លើកឡើងថា វិធានការនេះ គឺឈរលើការស្ម័គ្រចិត្ត ពោលគឺវិស័យ​ឯកជន តាមប្រទេសនីមួយៗ នៅតែអាច​ចរចា ចុះកិច្ចសន្យាទិញហ្កាសបាន​ដាច់ដោយឡែកជាធម្មតា។

ឆ្លើយតបទៅកាន់សំដីលោកពូទីន ដែល​លើកឡើងថា « ពួកប្រទេសមិនមែនជាមិត្តរុស្ស៊ី » ត្រូវតែបង់លុយថ្លៃហ្កាស មកឲ្យរុស្ស៊ីជាប្រាក់រូបល៍នោះ លោកម៉ាក្រុងបានថ្លែងថា វានឹងជាឱកាសឲ្យ​អឺរ៉ុប អាច​យកកិច្ចសន្យា​មក​បោកលើតុ នៅចំពោះមុខលោកពូទីនតែម្តង ព្រោះកិច្ចសន្យាកំណត់ច្បាស់ណាស់ ថាប្រាក់ទូទាត់មិនអាចធ្វើជាប្រាក់រូបល៍បានទេ។

យ៉ាងណាមិញ នៅក្នុងវេទិកា​ដូហា នៅព្រឹកថ្ងៃសៅរ៍នេះ លោក វ្លូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងសារតាមវីដេអូ ដោយ​បាន​អំពាវនាវ ឲ្យ​ប្រទេស​កាតា ដែលជាអ្នក​ផលិត​ហ្កាសរាវ ដ៏សំខាន់មួយដែរនោះ ត្រូវតែប្រឹងប្រែងបន្ថែមការផលិត ដើម្បី​ឲ្យ​ពិភពលោកអាចរំដោះខ្លួន ឈប់ក្លាយ​ជាចំណាប់ខ្មាំងនៃ​​ហ្កាសរបស់រុស្ស៊ី​ តទៅទៀត។

គួរបញ្ជាក់ថា សហភាពអឺរ៉ុប កំពុងតែ​ប្រឈមខ្លាំងបំផុត ជាមួយនឹងការឡើងតម្លៃប្រេង និង​តម្លៃហ្កាស ក្នុង​ពេល​បច្ចុប្បន្ននេះ។ ប្រេងនិងហ្កាស ដែលអឺរ៉ុបទិញក្នុងទំហំធំ ពីរុស្ស៊ី ហើយដែលមតិខ្លះ បានអំពាវនាវ ឲ្យអឺរ៉ុបត្រូវតែធ្វើពហិការ ឈប់យកលុយរាប់ពាន់លានទៅចិញ្ចឹមរុស្ស៊ី តទៅ​ទៀត។ តែយ៉ាងណា ទាក់ទិននឹងបញ្ហាហ្កាស គឺអឺរ៉ុបពិតជាមិនអាច​ បំរាស់ខ្លួនពីរុស្ស៊ីបានងាយ​ៗឡើយ ដោយ​សារ​តែ​ពុំទាន់​អាច​មាន​ អ្នក​ផ្គត់ផ្គង់ណាផ្សេង​ ក្រៅពីរុស្ស៊ី។ ប្រទេសខ្លះ ដូចជាអាល្លឺម៉ង់ អូទ្រីស ហុងគ្រីជាដើម រំពឹងខ្លាំងណាស់ លើថាមពលហ្កាសនាំចូលពីរុស្ស៊ី។

យ៉ាងណាក៏ដោយ អឺរ៉ុបកំពុងតែព្យាយាមចរចា ជាមួយ​ប្រទេសផលិត​ផ្សេងទៀត ដូចជាកាតា សហរដ្ឋអាមេរិក និង​ អាល់ហ្សេរីជាដើម ដើម្បីទិញ​ហ្កាសរាវពីប្រទេសទាំងនោះ មកបំពេញបន្ថែម ជំនួសហ្កាសរបស់រុស្ស៊ី។ តែអឺរ៉ុប ត្រូវតែពន្លឿនការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធស្តុកទុកហ្កាស​រាវ ឲ្យ​បាន​ច្រើនជាងនេះ។ អាមេរិក បានសន្យាថាគេនឹងប្រឹងប្រែងបន្ថែមការផលិត​ហ្កាសរាវ ដើម្បីផ្គត់ផ្គង់ឲ្យអឺរ៉ុប។ ដោយ​ឡែក សម្រាប់ពេលនេះ គ្មានការព្រមព្រៀងណាមួយ ក្នុង​ក្រមខណ្ឌអឺរ៉ុប ទាល់ទិននឹង​​ការកំណត់អត្រាអតិបរមា នៃតម្លៃថាមពល និង​ការសម្រេចធ្វើពហិការ ឈប់ទិញប្រេងរបស់រុស្ស៊ីទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ