អានតួអត្ថបទ
រុស្ស៊ី-ដុល្លារ

លោកពូទីន​ថា​អ្នក​​ទិញ​ឧស្ម័ន​ពីរុស្ស៊ី ចាំបាច់​ត្រូវ​តែ​បង់លុយ​ជា​រូប្លិ៍

នៅថ្ងៃពុធ​ទី ២៣​មីនា ២០២២ លោកប្រធានាធិបតី​រុស្ស៊ី វ្លាដេមៀ ពូទីន បាន​ប្រកាស​ថា រុស្ស៊ី នឹង​លែងលក់​ឧស្ម័ន​​ឱ្យ​សហភាព​អឺរ៉ុប ដោយ​គិត​ជា​​លុយ​ដុល្លារ ឬ​លុយ​អឺរ៉ូ​ទៀតហើយ។ អ្នក​ទិញ​ឧស្ម័ន​ ឬ​ប្រេង​ពី​រុស្ស៊ី ចាំបាច់​ត្រូវ​បង់​ជា​លុយ​រូប្លិ៍។ ធនាគារ​កណ្តាល​រុស្ស៊ីមាន​ពេល​​មួយ​សប្តាហ៍ ក្នុង​ការ​​រៀប​ចំប្រព័ន្ធ​ចាយ​លុយរូប្លិ៍នេះ។

លោកពូទីន​ថា​អ្នក​​ទិញ​ឧស្ម័ន​ពីរុស្ស៊ី ចាំបាច់​ត្រូវ​តែ​បង់លុយ​ជា​រូប្លិ៍
លោកពូទីន​ថា​អ្នក​​ទិញ​ឧស្ម័ន​ពីរុស្ស៊ី ចាំបាច់​ត្រូវ​តែ​បង់លុយ​ជា​រូប្លិ៍ © SPUTNIK/REUTERS
ផ្សាយពាណិជ្ជកម្ម

​គ្មានន័យ​អ្វី​ទៀត​ទេ ដែល​រុស្ស៊ី​ត្រូវ​ទូទាត់​ការលក់​ទំនិញ​ទៅ​ឱ្យសហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ជា​លុយ​ដុល្លារ​ឬ​អឺរ៉ូនោះ។ ប្រទេស​ដែល​មិនមែន​ជាមិត្ត​នឹងរុស្ស៊ី ត្រូវ​បង់​ជា​លុយ​រូប្លិ៍​នៅពេល​ទទួល​ ប្រេងឬ​ឧស្ម័ន ព្រោះ​រុស្ស៊ី​លែង​​ទូទាត់​ជា​​លុយ​ផ្សេងទៀត​ហើយ។ នេះ​ជា​ប្រសាសន៍​របស់​លោក​ពូទីន ដោយ​បាន​ពន្យល់​លម្អិត​ថា រុស្ស៊ី​សម្រេច​ចិត្ត​យ៉ាង​ដូច្នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទណ្ឌកម្ម​ របស់​​ក្រុមប្រទេស​ដែល​បាន​បង្កក​ទ្រព្យធន​រុស្ស៊ី​​ចំនួន ៣០០ពាន់​លាន​ដុល្លារ​នៅ​បរទេស ​ក្រោយ​ពី​រុស្ស៊ីចេញ​​ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​អ៊ុយក្រែន។ ប្រទេសអមិត្ត​របស់​រុស្ស៊ី ដែល​តំណាង​ឱ្យជាង​៧០%​នៃ​​ការនាំ​ចេញ​ថាមពលរុស្ស៊ី ​រួមមាន សហរដ្ឋ​អាមេរិក សហភាពអឺរ៉ុប (២៧ប្រទេស) អង់គ្លេស ជប៉ុន កាណាដា ន័រវែស សិង្ហបុរី កូរ៉េខាងត្បូង ស្វីស និង​អ៊ុយក្រែន។

មិនតែ​ប៉ុណ្ណោះ រុស្ស៊ី​បាន​ព្រលយ​ឱ្យ​ដឹង​ទៀត​ថា រាល់​ការទិញ​ដូរ​ទំនិញ​ផ្សេង​ជាមួយ​រុស្ស៊ី ក៏​អាច​នឹង​ត្រូវ​បង់​ជា​លុយ​រូប្លិ៍​ដែរ។ លោកពូទីន បាន​ស្នើ​សុំ​ឱ្យ​ធនាគារកណ្តាល និង​រដ្ឋាភិបាល​រុស្ស៊ី ចាត់​ចែង​រៀប​ចំប្រព័ន្ធ​ចាយ​ជា​លុយ​រូប្លិ៍​ ​ ដ៏​ច្បាស់​លាស់ មានតម្លាភាព និង​​ជាការ​ទិញដូរ​​​លុយរូប្លិ៍​នៅលើទីផ្សារប្តូរ​ប្រាក់ ឱ្យ​ហើយ​នៅមួយ​សប្តាហ៍​ទៀត។ រុស្ស៊ីស្រមៃ​និង​សិក្សា​ជា​ច្រើន​ឆ្នាំ​មកហើយ រក​វិធី​​កាត់​បន្ថយ​ការ​ចាយ​លុយដុល្លារ ដើម្បី​កុំ​ឱ្យ​សេដ្ឋកិច្ច​ខ្លួន​រង​ហានិភ័យ​ពេក​ពេលមានទណ្ឌកម្មអន្តរជាតិ។

​បើ​គ្មានប្រេង​និង​ឧស្ម័ន​រុស្ស៊ី នោះ​តម្លៃ​ថាមពល​នឹងឡើង​ថ្លៃកប់​ពពកជាក់ជាពុំ​ខាន។ នេះ​ជា​កា​រព្យាករ​​របស់លោក Alexandre Novak ​ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​ផ្នែក​ថាមពល។ ចំណែក​សភារុស្ស៊ី ​បាន​ចាត់​ទុក​សេចក្តី​សម្រេច​របស់​លោកពូទីន ថា​ជំហាន​ប្រវត្តិសាស្ត្រ​ឆ្ពោះ​​ទៅ​រក​ការ​រំដោះ​សេដ្ឋកិច្ច​រុស្ស៊ី​ពី​លុយដុល្លារ។

នៅ​លើ​ទីផ្សារ​មូលប័ត្រ​វិញ គ្រាន់​តែចប់​​ប្រសាសន៍​លោកពូទីន លុយរូប្លិ៍​ដែល​បានធ្លាក់​ថ្លៃ​ជា​គំហុកអស់ជាង​២០% តាំងពី​ថ្ងៃទី ២៤កុម្ភៈមក ស្រាប់​តែ​​ស្ទុះ​​ឡើង​ថ្លៃ​វិញ​ ប្រមាណ​៧,៧%​​ភ្លាម​មួយ​រំពេច​នៅ​ចំពោះ​មុខ​លុយ​ដុល្លារ​និង​អឺរ៉ូ។ ​ប្រេង​បាន​ឡើង​ថ្លៃ​១២០ដុល្លារ​ក្នុង​មួយ​ធុង​បារីល។

ជា​ប្រតិកម្ម​តប ប្រធានាធិបតី​អ៊ុយក្រែន​បានប្រកាស​ថ្កោល​ទោស​រុស្ស៊ី​ថា​កំពុង​ដឹកនាំធ្វើ​សង្គ្រាម​សេដ្ឋកិច្ច។ ជា​ការ​ផ្តាច់​ និង​រំលោភ​កិច្ចសន្យា​ទិញ ! នេះ​ជាពាក្យ​រិះគន់​របស់​អាល្លឺម៉ង់​ដែល​រំពឹង​លើ​ឧស្ម័ន​រុស្ស៊ីខ្លាំងគេ​ក្នុង​ចំណោម​អឺរ៉ុប។

សូម​រំលឹក​ថា តាំងពី​រុស្ស៊ី​ចូលឈ្លានពាន​អ៊ុយក្រែន​មក ថ្វី​បើ​សហរដ្ឋ​អាមេរិក​បានដាក់ទណ្ឌកម្មរុស្ស៊ី​ដោយ​សម្រេច​ឈប់​នាំ​ចូល​ប្រេង​និង​ឧស្ម័ន​ពី​រុស្ស៊ីមែន​ តែ​ហ្កាសនិង​ប្រេងបន្ត​ហូរ​ចូល​សហភាពអឺរុប​ដែលរំពឹង​ខ្លាំង​លើការនាំ​ឧស្ម័ន​ពី​រុស្ស៊ី​ដដែល។ ប៉ុន្តែ​សហភាព​អឺរ៉ុប ក៏​កំពុង​ពិចារណាដាក់​ទណ្ឌកម្ម​លើ​ប្រេងរុស្ស៊ី​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ