អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-អ្នកកាសែត

សង្គ្រាម​អ៊ុយក្រែន ៖ អ្នក​កាសែត​អាមេរិកម្នាក់​ស្លាប់ ម្នាក់​របួស​នៅ​ ជិត​ក្រុង​កៀវ

​រង​របួស ជួប​គ្រោះថ្នាក់​ដល់​ជីវិត​ នេះ​ជា​ហានិភ័យដ៏​ធំ​មួយ​​សម្រាប់​អ្នក​កាសែត​ដែល​ចុះ​ផ្ទាល់​លើ​សមរភូមិ​ប្រយុទ្ធ ! ដោយ​ចៀស​មិន​រួច នៅ​ថ្ងៃ​អាទិត្យ​ទី ១៣​មីនា ត្រូវថ្ងៃទី​១៨​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន មាន​​អ្នក​កាសែត​អាមេរិក​ម្នាក់​ បាន​ស្លាប់ និង​ម្នាក់​រង​របួស នៅ​ពេល​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ Irpin តំបន់​ជាយ​ក្រុង​កៀវ ទី​ដែល​មាន​ការ​វាយប្រយុទ្ធ​គ្នា​យ៉ាង​សន្ធោសន្ធៅ។

ទាហាន​អ៊ុយក្រែន​ Irpin ភាគ​ខាង​ជើង​ក្រុង​កៀវ ថ្ងៃទី ១២ មីនា ២០២២
ទាហាន​អ៊ុយក្រែន​ Irpin ភាគ​ខាង​ជើង​ក្រុង​កៀវ ថ្ងៃទី ១២ មីនា ២០២២ AFP - SERGEI SUPINSKY
ផ្សាយពាណិជ្ជកម្ម

អាយុ​៥០​ឆ្នាំ ជា​អ្នក​ថត​រូប​ និង​ជា​សមិទ្ធិករ​ឯករាជ្យ​ លោក Brent Renaud បាន​ក្លាយ​ជា​អ្នក​កាសែត​បរទេស​ទី​មួយ​ដែល​ស្លាប់​ក្នុង​សង្គ្រាម​ឈ្លានពាន​រុស្ស៊ី​លើ​អ៊ុយក្រែន។ លោក Brent Renaud ក៏​ជា​អ្នក​និពន្ធនិង​បាន​ថត​ភាព​យន្ត​ឯកសារ​ជា​ច្រើន ព្រមទាំង​បាន​ធ្វើ​ការ​លើ​គម្រោង​និង​ប្រធាន​បទ​ជា​ច្រើន​ផ្សេង​ទៀត​ ដូច​ជា​វិបត្តិ​អន្តោប្រវេសន៍​នៅអាមេរិក កណ្តាល វិបត្តិ​នយោបាយ​នៅ​អេហ្ស៊ីប ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ជ្រុលនិយម​នៅ​អាហ្វ្រិក​និង​នៅ​តំបន់ដើមបូព៌ា។ ហើយ​ថ្មីៗ​នេះ​លោក​បាន​ធ្វើ​ការ​ច្រើន​ជុំ​វិញ​បាតុកម្ម​របស់​ចលនា​Black Lives Matter ដែល​មាន​ផ្សព្វផ្សាយ​ដោយ​Boston Globe។

ជា​អ្នក​កាសែត​ថត​រូប​ប្រកប​ដោយ​ទេពកោសកល្យ និង​ធ្លាប់​ធ្វើការ​ឱ្យ​កាសែត​New York Times ​ លោក​រឺណូ បាន​ស្លាប់​ក្នុង​ពេល​ចុះ​ទៅ​ថត​រូប​ ​ឱ្យ​Time Studio លើ​គម្រោង​ស្តី​ពី​ជនភៀស​ខ្លួន​អ៊ុយក្រែន។

គ្រោះ​ថ្នាក់​បាន​កើត​ឡើង​នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី ១៣​មីនា ពេល​លោក​ រឺណូ និង​អ្នក​កាសែត​អាមេរិក​ម្នាក់​ទៀត ​កំពុងជិះ​ឡាន​ជាមួយ​ជន​ស៊ីវិល​អ៊ុយក្រែន។ លោក​រឺណូ​ត្រូវ​គ្រាប់​ចំ​កញ្ចឹង​ក ហើយ​បាន​ស្លាប់​ភ្លាម​មួយ​រំពេច​។

លោក Juan Arredondo អ្នក​កាសែត​ម្នាក់​ទៀត​ដែល​រង​របួស បាន​រៀប​រាប់​ហេតុការណ៍​តាម​រយៈ​វីដេអូ​ផ្សាយ​ក្នុង​បណ្តាញ​សង្គម ថា​ពួកគាត់​បានចេញ​ទៅ​ថត​ជន​ភៀស​ខ្លួន​​ដែល​កំពុង​នាំ​គ្នា​រត់​ចេញ​ពី​តំបន់​រង​ការ​វាយប្រហារ។ គ្រាន់​តែ​រថយន្តឆ្លង​ប៉ុស្តិ៍​ត្រួតពិនិត្យ​រួច ស្រាប់​តែគ្រាប់​ប្រសាច​​បាញ់​សំដៅ​ពួកគេ​ មិន​ដឹង​មក​ពី​ទិស​ណា​ឱ្យ​ប្រាកដ​ទេ។

អាជ្ញាធរ​អ៊ុយក្រែន​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ភ្លាម​ថា​ទាហាន​រុស្ស៊ី​ជា​អ្នក​​បាញ់​លើ​អ្នក​កាសែត​អាមេរិក​។ ទីប្រឹក្សា​សន្តិសុខ​របស់​ប្រធានាធិបតី​​អាមេរិក​បានថ្កោល​ទោស​ទង្វើ​បាញ់​ប្រហារ​លើ​អ្នក​កាសែត និង​បាន​ជំ​រុញ​ឱ្យ​កងកម្លាំង​រុស្ស៊ី​បញ្ឈប់​សកម្មភាព​ហិង្សា​លើ​ប្រជាជន​ស៊ីវិល​និង​អ្នក​កាសែត។

កាលពី​ថ្ងៃទី ១​មីនា អ្នកកាសែត​ជនជាតិ​អ៊ុយក្រែន​ម្នាក់​បាន​ស្លាប់​ដោយ​ត្រូវ​គ្រាប់​ផ្លោង​របស់​រុស្ស៊ី ​បាញ់​មក​លើ​ទីតាំង​ទូរទស្សន៍​ជាតិ​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ